v9

ក្រុមទ័ព ចង់តេស្តកីឡាក្នុងស្រុក ដោយកាត់បន្ថយបរទេស ចំពេលណាហ្គាវើល ត្រូវការឈ្នះដាច់ខាត

2 months ago​ | ដោយ V-Dara

ក្រុមណាហ្គាវើល និងក្រសួងការពារជាតិ ដែលទើបបញ្ចប់ការប្រកួតយ៉ាងតានតឹង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នោះ នឹងត្រូវមកជួបគ្នាជាថ្មី ក្នុងការប្រកួតលីកកំពូលកម្ពុជា វិញម្តង ដែលនឹងត្រូវធ្វើឡើង នៅទឹកដីរបស់ក្រុមទ័ព គឺកីឡដ្ឋានស្តាតចាត់ នារសៀលម៉ោង៣ ថ្ងៃសៅរ៍នេះ។

សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១ ខែកញ្ញា កន្លងមកនេះ ណាហ្គាវើល បានចាញ់ក្រុមទ័ព ៣-១ តាមរយៈការប្រកួតរហូតដល់១២០នាទី។ ចំណែកការវិលមកជួបគ្នា ក្នុងលីកកំពូលនេះ ក្រុមទ័ព ត្រូវជម្រះបញ្ជីចាស់ជាមួយណាហ្គាវើល ដែលពួកគេបានចាញ់ ២-០ កាលពីជើងទី១។

យ៉ាងណាក៏ដោយ នៅក្នុងជំនួបលើកនេះ ក្រុមទ័ព ហាក់មិនផ្តោតខ្លាំងទៅលើលទ្ធផលប៉ុន្មានឡើយ ព្រោះក្រុមមួយនេះ ចង់កាត់បន្ថយកីឡាករបរទេស ដោយដាក់កីឡាករខ្មែរចូលលេងឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពពួកគេ ត្រៀមការប្រកួតផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយក្រុមប៉ូលិស នាពេលខាងមុខ។

លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា៖ «ជាគោលការណ៍របស់ក្លិប យើងត្រូវសម្រួចក្រុមទៅដណ្តើមពានសម្តេច ហ៊ុន សែន ក្នុងវគ្គផ្តាច់ព្រ័ត្រ អ៊ីចឹងសម្រាប់ការជួបណាហ្គាវើល លើកនេះ យើងអាចដាក់កីឡាករបរទេសតែ២នាក់ទេ និងដាក់កីឡាករខ្មែរភាគច្រើន ប៉ុន្តែយើងនឹងខំប្រឹងលេងឲ្យបាន១០០ភាគរយ ដើម្បីធ្វើតេស្តសមត្ថភាពកីឡាករខ្មែររបស់យើង។ បើយើងអាចយកឈ្នះលើណាហ្គាវើល ដោយប្រើកីឡាករខ្មែរ អ៊ីចឹងយើងក៏មានភាគរយច្រើនខ្ពស់ ក្នុងការឈ្នះពានសម្តេច ហ៊ុន សែន ផងដែរ»។

ចំណែក លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ក៏មិនទាន់មានសង្ឃឹមខ្ពស់ ក្នុងការយកឈ្នះក្រុមទ័ព នោះដែរ ដោយលោកបានបង្ហើបថា ត្រឹម៥០ទល់នឹង៥០ ព្រោះការប្រកួតនេះ ត្រូវធ្វើនៅលើទឹកដីក្រុមទ័ព ប៉ុន្តែណាហ្គាវើល ត្រូវការឈ្នះ។

លោក ចាន់ណា បានប្រាប់ថា៖ «យើងនៅតែមានការបារម្ភ ព្រោះយើងត្រូវប្រកួត នៅលើទឹកដីរបស់គេ ប៉ុន្តែគោលដៅរបស់យើង ត្រូវការឈ្នះ ព្រោះបើយើងឈ្នះ ទើបយើងមានឱកាសច្រើន ក្នុងការឈ្នះពានលីកកំពូល ហើយបើប្រៀបធៀបពីទម្រង់លេង យើងអាចលើទ័ព ផ្នែកកីឡាករបរទេស តែការប្រកួតនេះ នឹងមានភាពតានតឹង ព្រោះយើងក៏ចង់ឈ្នះ ហើយគេក៏ចង់ឈ្នះដូចគ្នា»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.