v9

Atletico ស្រេកឃ្លានក្នុងការចាប់ផ្តើមប្រជែងពាន La Liga ពេលប៉ះក្រុម Eibar

2 months ago​ | ដោយ V-Dara

ក្រុម Atletico Madrid ត្រូវបានចាត់ទុកថា ជាបេក្ខភាពដ៏ខ្លាំងមួយក្នុងការឈ្នះពាន La Liga នៅរដូវកាលនេះ ប៉ុន្តែ ក្រោយពីការប្រកួត៣លើក ពួកគេកំពុងតែជួបភាពត្រដាបត្រដួសរួចជាស្រេច។

ការបញ្ចប់ក្នុងលទ្ធផលត្រឹមស្មើនៅលើទឹកដីក្រុម Valencia បានកើតឡើងមុននឹងការដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយលើក្រុម Rayo Vallecano ក្នុងការប្រកួតលើទឹកដីខ្លួនឯង។ ប៉ុន្តែ ក្នុងពេលពួកគេចាញ់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Celta Vigo ក្រុម Barcelona និង Real Madrid សុទ្ធសឹងដណ្តើមបានជ័យជម្នះជ័យជម្នះ៣លើកពីការប្រកួតទាំង៣លើករបស់ខ្លួន។ លោក Diego Simeone ដែលជាគ្រូបង្វឹកបានឲ្យដឹងថា៖ ខ្ញុំមិនបារម្ភឡើយ។ ខ្ញុំមានអារម្មណ៍ស្ងប់ជាងពីមុន ពីព្រោះវាជាការដាស់តឿនមួយ ការដាស់តឿនឲ្យមានការផ្តោតអារម្មណ៍ជាងមុន

ក្រុម Atletico កំពុងតែដេញតាម៥ពិន្ទុពីក្រោយក្រុមយក្សអេស្ប៉ាញទាំង២ ដែលបានឈ្នះពាន១៣លើកក្នុងចំណោមពានទាំង១៤លើកចុងក្រោយ ខណៈដែលក្រុមរបស់លោកបានឈ្នះពានក្របខ័ណ្ឌលីករបស់អេស្ប៉ាញ ដ៏មិននឹកស្មានដល់កាលពីឆ្នាំ២០១៤។ វាជាការឈ្នះពានជាលើកទី១របស់ក្រុម Atletico ក្នុងរយៈពេល១៨ឆ្នាំ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ពួកគេបានបំពេញការឈ្នះពានក្របខ័ណ្ឌលីករបស់ខ្លួនតាមរយៈការដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម Barcelona។ ក្នុងរយៈពេល៤ឆ្នាំចាប់តាំងពីពេលនោះ ក្រុម Atletico បានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ចំនួន៣លើក និងចំណាត់ថ្នាក់លេខ២ ក៏ដូចជាបានឈ្នះពាន Europa League និងឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។ ហេតុនេះ ដើម្បីរក្សាការប្រជែងពាន ក្រុម Atletico ត្រូវការឈ្នះជាដាច់កាត់ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Eibar នៅថ្ងៃសៅរ៍នេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាច៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.