v9

Liverpool ធ្វើដំណើរទៅជួប Spurs ដើម្បីល្បងសមត្ថភាពប្រជែងពាន

1 week ago​ | ដោយ V-Dara

ក្រុម Liverpool បានអាចនឹងផ្តល់នូវការព្រមានមួយដល់គូប្រជែងនៃក្របខ័ណ្ឌ Premier League របស់ខ្លួន តាមរយៈការសងសឹកចំពោះការបរាជ័យកាលពីរដូវកាលមុន នៅលើទឹកដីក្រុម Tottenham នៅពេលដែលពួកគេវិលទៅកាន់កីឡដ្ឋាន Wembley សម្រាប់ការប្រកួតល្បងសមត្ថភាពរបស់ខ្លួនក្នុងនាមជាបេក្ខភាពប្រជែងពាន។

ក្រុមរបស់លោក Jurgen Klopp ត្រូវបានចាត់ទុកថា ជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានក្របខ័ណ្ឌកំពូលអង់គ្លេសជាលើកទី១របស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៩០ ក្រោយពីបានចាប់ផ្តើមយ៉ាងល្អក្នុងរដូវកាលនេះ។ Liverpool បច្ចុប្បន្នកំពុងតែឈរនៅលើកំពូលតារាង ក្រោយពីដណ្តើមបានជ័យជម្នះ ៤លើកជាប់ៗគ្នា។ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះលើក្រុម Crystal Palace និង Leicester ក្រោមការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Mohamed Salah និងអ្នកចាំទី Alisson បង្ហាញថា Liverpool នៅតែមិនទាន់ខ្លាំងដល់ចំណុចកំពូលឡើយ។

ការធ្វើដំណើរទៅជួបក្រុម Tottenham នៅចុងសប្តាហ៍នេះ នឹងក្លាយជាឱកាសដ៏ល្អឥតខ្ចោះក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេ ក្នុងការប្រកួតជាលើកទី១ជាមួយនឹងក្រុម១ក្នុងចំណោមក្រុមខ្លាំងទាំង៦ នៅរដូវកាលនេះ។ Liverpool នឹងធ្វើដំណើរទៅកាន់ទីលានបណ្តោះអាសន្ន Wembley របស់ក្រុម Spurs ជាលើកទី១ បើគិតចាប់តាំងពីជួបការខកចិត្តកាលពីរដូវកាលមុន។ ការប្រកួតជាលើកទី១របស់លោក Klopp ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Liverpool បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន White Hart Lane កាលពីខែតុលា ឆ្នាំ២០១៥ ហើយរយៈពេល២ឆ្នាំក្រោយមក ពួកគេបានចាញ់ក្រុម Spurs ៤-១ នាកីឡដ្ឋាន Wembley ក្នុងខែតុលាដូចគ្នា។ ហេតុនេះ ពិតណាស់ ក្រុម Liverpool និងលោក Klopp នឹងសម្លឹងរកការសងសឹកមួយ នៅពេលធ្វើដំណើរទៅជួបក្រុម Tottenham នៅថ្ងៃសៅរ៍។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ worldsoccertalk

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.