v9

Golovkin ធ្វើការវាយប្រហារលើ Alvarez ជាថ្មី មុនពេលជួបគ្នានៅថ្ងៃសៅរ៍នេះ

1 week ago​ | ដោយ V-Dara

កីឡាករប្រដាល់ Gennady Golovkin បានបង្កើតឲ្យមានការវាយប្រហាររបស់គេជាថ្មីទៅលើកីឡាករ Saul “Canelo” Alvarez នៅមុនពេលការប្រកួតសងសឹកក្នុងទម្ងន់៧៣គីឡូក្រាម នៅថ្ងៃសៅរ៍នេះ តាមរយៈការចោទប្រកាន់កីឡាករម៉ិកស៊ិក ថា ជាអ្នកបន្លំប្រើប្រាស់សារធាតុហាមឃាត់។

កីឡាករប្រដាល់មិនស្គាល់ចាញ់ Golovkin នឹងឡើងសង្វៀនដើម្បីប្រកួតជាមួយនឹងកីឡាករ Alvarez នៅ T-Mobile Arena ក្នុងទីក្រុង Las Vegas នៅថ្ងៃសៅរ៍នេះ ពោលគឺក្នុងរយៈពេល១ឆ្នាំ ក្រោយពីពួគគេបានបញ្ចប់ក្នុងលទ្ធផលស្មើទាំងចម្រុងចម្រាស់នៅលើសង្វៀនដូចគ្នានេះ។ ការប្រកួតសងសឹកដែលត្រូវបានគ្រោងទុកមួយនៅថ្ងៃទី៥ ខែឧសភា ត្រូវបានលុបចោល ក្រោយពី Alvarez ត្រូវបានពិនិត្យឃើញជាវិជ្ជមានលើសារធាតុហាមឃាត់ចំនួន២លើក និងបានរងពិន័យព្យួររយៈពេល៦ខែ។ Alvarez បានបញ្ជាក់ថា ការពិនិត្យឃើញជាវិជ្ជមានទាំង២លើករបស់គេ បានកើតឡើងដោយសារតែលទ្ធផលនៃការបរិភោគអាហារដែលមានជាតិពុលក្នុងប្រទេសម៉ិកស៊ិក និងបានច្រានចោលទាំងការខឹកសម្បារចំពោះការចោទប្រាកន់លើការប្រើប្រាស់សារធាតុហាមឃាត់។

ប៉ុន្តែ Golovkin ដែលបានសម្តែងជាសាធារណៈចំពោះការមិនខ្វល់ពីការពន្យល់របស់ Alvarez នោះ បានវាយប្រហារម្តងទៀតទៅលើកីឡាកររបស់ម៉ិកស៊ិក ក្រោយពីកីឡាករទាំង២ បានធ្វើដំណើរទៅដល់ Las Vegas កាលពីថ្ងៃអង្គារ ដើម្បីការប្រកួតនៅចុងសប្តាហ៍នេះ។ Golovkin បានឲ្យដឹងថា៖ «ខ្ញុំមិនជឿថា វាដោយសារតែសាច់គោលឡើយ។ ខ្ញុំមិនជឿថា រឿងរ៉ាវរបស់គេទាក់ទងនឹងសាច់មានជាតិពុលឡើយ។ អ្នកជំនាញសុខាភិបាល បានបញ្ជាក់ថា វាគឺជាសារធាតុហាមឃាត់ មិនមែនសាច់មានសារធាតុពុលឡើយ»។ Golovkin មានកំណត់ត្រាឈ្នះ៣៨លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៤លើក និងស្មើ១លើក ខណៈដែល Alvarez ឈ្នះ៤៩លើក ចាញ់១លើក និងស្មើ២លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៣៤លើក៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.