v9

Kane និង Salah ស្ថិតក្នុងការចាប់អារម្មណ៍ក្នុងពេល Spurs ជួប Liverpool ថ្ងៃសៅរ៍

1 week ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Harry Kane និង Mohamed Salah នឹងមានឱកាសដ៏ល្អឥតខ្ចោះមួយក្នុងការបញ្ចប់ការធ្លាក់ចុះទម្រង់លេងដែលមិនត្រូវបានរំពឹងទុករបស់ពួកគេ នៅពេលដែលតារាឆ្នើមទាំង២ ប៉ះគ្នា នៅកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

កាលពីរយៈពេល ៤ខែមុន ខ្សែប្រយុទ្ធ Kane របស់ក្លិប Tottenham និងតារាឆ្នើម Salah របស់ Liverpool ត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតប្រចាំទ្វីបអឺរ៉ុប ក្រោយពីកីឡាករទាំង២ បានទម្លុះខ្សែការពារក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជារៀងរាល់សប្តាហ៍។ ប៉ុន្តែ ពួកគេនឹងឈានទៅកាន់ការប្រកួតដ៏រំភើបនៅចុងសប្តាហ៍នេះរវាងក្រុម Tottenham និង Liverpool ជាមួយនឹងកង្វល់ផ្សេងៗអំពីសមត្ថភាពរបស់ពួកគេ ក្នុងការរក្សាទម្រង់លេងដ៏មុតស្រួច បន្ទាប់ពីយុទ្ធនាការ World Cup។

Kane និង Salah បានប្រជែងគ្នាដើម្បីឈ្នះពានស្បែកជើងមាសរបស់ក្របខ័ណ្ឌ Premier League រហូតដល់ការប្រកួតចុងក្រោយនៃរដូវកាលមុន។ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប ដែលរកបាន៣២គ្រាប់ បានយកឈ្នះលើគូប្រជែងសញ្ជាតិអង់គ្លេសរបស់គេ ដើម្បីឈ្នះពានរង្វាន់នេះ បើទោះបី Kane រកបានដល់ទៅ៣០គ្រាប់ក្នុងក្របខ័ណ្ឌលីកក៏ដោយ។ Salah រកបានគ្រាប់បាល់សរុប៤៤គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់ ក្នុងឆ្នាំទី១របស់គេជាមួយនឹងក្លិប Liverpool ដើម្បីនាំឲ្យរូបគេឈ្នះពានកីឡាករឆ្នើមរបស់កីឡាករបាល់ទាត់អាជីព និងរបស់អ្នកសរសេរព័ត៌មានកីឡាបាល់ទាត់។ ប៉ុន្តែ រដូវកាលរបស់ Salah បានបញ្ចប់ទាំងភាពជូរចត់ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅពេលដែលរូបគេបានរងរបួសស្មារ ក្រោយពីការប្រជែងពីសំណាក់ខ្សែការពារ Sergio Ramos របស់ក្លិប Real Madrid៕

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ Worldsoccertalk

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.