v9

លីករបស់អឺរ៉ុប បំបែកកំណត់ត្រាលើការចំណាយក្នុងទីផ្សារដោះដូរកីឡាករ

1 week ago​ | ដោយ V-Dara

ក្របខ័ណ្ឌលីកធំៗទាំង៥ របស់អឺរ៉ុប បានចំណាយប្រាក់ចំនួន ៤,២១ពាន់លានដុល្លារអាមេរិក ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធដោយ FIFA។

ចំនួនទឹកប្រាក់សរុបនេះ ដែលត្រូវបានចំណាយដោយក្លិបនានាក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង បានកើនឡើង ៦,៦ភាគរយ បើធៀបទៅនឹងទឹកប្រាក់ ៣,៩៥លានដុល្លារអាមេរិក ដែលត្រូវបានចំណាយក្នុងពេលបើកទីផ្សារដូចគ្នានេះ កាលពីឆ្នាំមុន។ ក្របខ័ណ្ឌអង់គ្លេស Premier League បានចំណាយច្រើនជាងលីកណាៗទាំងអស់ ប៉ុន្តែស្របពេលដែលក្លិបទាំង ២០របស់ខ្លួន បានចំណាយប្រាក់សរុប ១,៤៤លានដុល្លារ ការកើនឡើងទៅលើការចំណាយ បានកើនឡើងយ៉ាងគំហុកក្នុងប្រទេសអ៊ីតាលី ដោយការចំណាយរបស់ពួកគេបានកើនឡើងជិត ៧៥ភាគរយ។ ការកើនឡើងលើការចំណាយនោះត្រូវបានបំពេញដោយការផ្ទេររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ ពីក្លិប Real Madrid ទៅកាន់ក្លិប Juventus ស្របពេលដែលការចំណាយដោយក្លិបនានា ក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga បានកើនឡើង៤២,២ភាគរយ។

ទូទាំងពិភពលោក ចំនួននៃទឹកប្រាក់ដែលត្រូវបានចំណាយនៅចន្លោះថ្ងៃទី១ ខែមិថុនា និងទី១ ខែកញ្ញា បានកើនដល់៥,៤៤ពាន់លានដុល្លារ ខណៈដែលសហព័ន្ធ១៨២ក្នុងចំណោមសហព័ន្ធជាសមាជិកទាំង២១១របស់ FIFA បានបើកទីផ្សារដោះដូរកីឡាកររបស់ពួកគេ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.