v9

អតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់ រំពឹងអាចជួយ Khmer United ឲ្យទៅលេងនៅលីក

1 week ago​ | ដោយ V-Dara

លោក កែវ សារិន ដែលជាគេស្គាល់ថា ជាអតីតគ្រូបង្វឹក ធ្លាប់ដឹកនាំក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) លេងនៅលីកកំពូលកម្ពុជា កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧នោះ បាននឹងកំពុងដាក់ចិត្តដាក់កាយ ក្នុងការជួយពង្រឹងគុណភាពលេងរបស់ក្រុមកំពុងលេងនៅពាក់កណ្តាលអាជីព Khmer United។

លោក កែវ សារិន បានចុះកុងត្រាដឹកនាំក្រុម Khmer United របស់លោក គីម ហ៊ាង ដែលជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងរយៈពេល១រដូវកាល ហើយលោក សារិន មានការជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ក្រុម Khmer United អាចនឹងសម្រេចបំណង បើសិនជាក្រុមមួយនេះ ចង់ឡើងទៅលេងនៅលីក។

លោក កែវ សារិន ដែលបានទៅដឹកនាំក្រុម Khmer United កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ចំពោះការមកដឹកនាំក្រុមពាក់កណ្តាលអាជីព Khmer United ព្រោះខ្ញុំចង់ជួយឲ្យយុវជនលេងពាក់កណ្តាលអាជីពនេះ មានគុណភាពល្អ នឹងអាចបានឡើងទៅលេងនៅលំដាប់លីកកំពូលទៀត»។

លោកបានបន្តថា៖ «ប្រធានក្លិប (លោក គីម ហ៊ាង) គាត់ស្រឡាញ់បាល់ទាត់ ពិសេសគាត់មានក្មេងៗ ដែលមានអាយុ៨ឆ្នាំ ១២ឆ្នាំ ១៦ឆ្នាំ ១៧ឆ្នាំ និង១៩ឆ្នាំ ចូលជាង១០០នាក់ អ៊ីចឹងអ្វីដែលគាត់កំពុងធ្វើ វាត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំ ដែលចង់បណ្តុះបណ្តាលយុវជនថ្នាលដូចគ្នា»។

បន្ថែមទៅលើនេះ លោក កែវ សារិន មានមហិច្ឆតា ចង់ជួយឲ្យក្រុម Khmer United បានឡើងទៅលេងនៅលីក។ លោកបានបញ្ជាក់ថា៖ «ខ្ញុំកំពុងរង់ចាំការសម្រេចរបស់ប្រធានក្លិប បើសិនជាគាត់មានមហិច្ឆតាចង់លោតទៅលេងនៅលីកកំពូល ក៏បាន លីកទី២ ក៏បាន គឺខ្ញុំនឹងជួយសម្រេចបំណងរបស់គាត់ ព្រោះពេលនេះ Khmer United មានកីឡាករបរទេស៤នាក់ជួយ ពិសេសមានកីឡាករខ្មែរ លំដាប់ល្អៗច្រើន ហើយក្រោមការបង្វឹករបស់ខ្ញុំ គឺពួកគេ អាចនឹងមានឱកាស បានទៅលេងនៅលីកកំពូល»។

យ៉ាងណាក៏ដោយ លោក គីម ហ៊ាង មិនទាន់បានបង្ហើបពីតម្រុងណាមួយ ក្នុងការចង់ឡើងទៅលេងនៅលីកកំពូល នៅឡើយទេ ប៉ុន្តែការដោះដូរគ្រូបង្វឹក ដោយនាំយកលោក កែវ សារិន មកជំនួសគ្រូបង្វឹកចាស់ លោក គង់ សៀន នេះ គឺ លោក ហ៊ាង ចង់ឃើញក្រុម Khmer United អាចឈ្នះពានលីកខ្មែររៀលអ៊ីស្ទេត ដែលលោកជាអ្នករៀបចំ ឲ្យបានម្តង។

សម្រាប់ការប្រកួត Khmer Real Estate League 2018 នៅឆ្នាំ២០១៨នេះ Khmer United បានត្រឹមជើងឯករង ដូចកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែរ គឺពួកគេ នៅសល់ឱកាសត្រឹមដណ្តើមពានតូច Khmer Real Estate Cup 2018 ដែលពួកគេត្រូវជួបក្រុមម្ចាស់ជើងឯកឆ្នាំចាស់ Bayon Wanderers នៅថ្ងៃអាទិត្យ ខាងមុខនេះ ហើយក្រុម Avatar ដែលបានឈ្នះពានធំ Khmer Real Estate League 2018 ក៏ត្រូវចូលរួមលើកពាននេះ នៅក្រោយការប្រកួត នាល្ងាចថ្ងៃអាទិត្យនោះដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.