v9

ក្រុមកម្ពុជា បន្តចាញ់ម៉ាឡេស៊ី ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៣ម៉ឺននាក់

2 months ago​ | ដោយ V-Dara

ក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះក្រុមម៉ាឡេស៊ី ដើម្បីបំបែកកំណត់ត្រាការចាញ់ចំនួន ៨លើកជាប់ៗគ្នា ក្នុងរយៈពេល ៤៧ឆ្នាំរបស់ខ្លួនបានដដែល ខណៈពួកគេ បានបន្តចាញ់ម៉ាឡេស៊ី ៣-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ។

សម្រាប់ការប្រកួត ដែលមានអ្នកគាំទ្រចំនួន ៣៧៥០០នាក់ បានទិញសំបុត្រ ទៅចូលទស្សនាដោយផ្ទាល់នោះ គឺបានធ្វើឡើងប្រកបដោយភាពស្វិតស្វាញបំផុត ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ មានការសោកស្តាយ និងនៅតែមិនអស់ចិត្តនោះ គឺក្រុមកម្ពុជា បានបង្កើតមាស ជាច្រើនលើក ប៉ុន្តែពួកគេ ធ្វើមិនបានសម្រេច។

ការទាត់បាល់ហ្រ្វីឃីក ទៅប៉ះរបាទីរបស់ខ្សែបម្រើ ប៊ីន ចន្ថាធារី បានធ្វើឲ្យអ្នកទស្សនា ដែលបានខំតាមដានការប្រកួតនេះ ទាំងរងាញ័រញ៉ាក់ ក្រោមតំណក់ភ្លៀងនោះ បានបង្ហាញការសោកស្តាយ តាំងពីនាទី៣។ ប៉ុន្តែនៅនាទីទី១៨ ខ្សែការពារ សឿយ វិសាល បានទាត់បាល់ទម្លុះសំណាញ់ទីក្រុមម៉ាឡេស៊ី បានយ៉ាងល្អបំផុត ដើម្បីជួយឲ្យក្រុមកម្ពុជា នាំមុខ ១-០។

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda នៅតែស្រែកបញ្ជាឲ្យក្រុមកម្ពុជា បន្តលេងក្នុងការដាក់សម្ពាធទៅលើក្រុមម៉ាឡេស៊ី ហើយនៅនាទីទី៥៧ រ៉ឺង ប៊ុនហៀង បានឆក់បាល់ពីខ្សែការពារក្រុមម៉ាឡេស៊ី យ៉ាងល្អ និងអូសបាល់នោះ ដាច់មួយស្មើជាមួយអ្នកចាំទី ប៉ុន្តែការស៊ុតរបស់គេ ត្រូវបានអ្នកចាំទីក្រុមម៉ាឡេស៊ី សង្រ្គោះបាន។

នៅក្រោយការខកខាន ក្នុងការកមិនបានគ្រាប់បាល់បន្ថែមនេះ ក្រុមម៉ាឡេស៊ី បានព្យាយាមវាយបកលឿនៗ និងរកបានរហូតដល់ ៣គ្រាប់ ដែលគ្រាប់បាល់ទី១ រកបានដោយខ្សែការពារ Saad នៅនាទីទី៦១ គ្រាប់បាល់ទី២ រកបានដោយ Ishak នៅនាទីទី៧៤ និង គ្រាប់បាល់ទី៣​ រកបានដោយ Fauzi នៅនាទីទីបន្ថែម ៩០+៤។

យ៉ាងណាក៏ដោយ នៅក្នុងរយៈពេលនៃការរហូត ៣គ្រាប់ទៅវិញនេះ ក្រុមកម្ពុជា បានធ្វើការវាយសម្រុកទៅលើក្រុមម៉ាឡេស៊ី យ៉ាងខ្លាំង និងបានបង្កើតឱកាសមាស ជាច្រើនលើក ប៉ុន្តែរឿងដែលគួរសោកស្តាយបំផុតនោះ គឺរាល់ការស៊ុត និងតែតរបស់ពួកគេ ត្រូវបានអ្នកចាំទី Mhairul Fahmi ជួយសង្រ្គោះបានទាំងអស់ គឺគេម្នាក់នេះ ជាបុគ្គលយ៉ាងសំខាន់ ក្នុងការជួយឲ្យក្រុមម៉ាឡេស៊ី គេចផុតពីការចាញ់ក្រុមកម្ពុជា លើកនេះ។

តាមរយៈការចាញ់ ៣-១ នេះ នៅតែធ្វើឲ្យក្រុមកម្ពុជា មិនអាចបំបែកនូវកំណត់ត្រាចាញ់ក្រុមម៉ាឡេស៊ីរយៈពេល៤៧ឆ្នាំ គឺការចាញ់ចំនួន៨ប្រកួត ទាំងការប្រកួតផ្លូវការ និងមិត្តភាពអន្តរជាតិ កន្លងមកនេះ ខណៈការជួបគ្នាចំនួន៦លើកទៀត គិតចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧០ កម្ពុជា បានឈ្នះក្រុមម៉ាឡេស៊ី ២ដង ស្មើ១ និងចាញ់៣ដង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.