v9

Khmer United និង Bayon ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្នុងស្ថានភាពខុសពីឆ្នាំមុន

2 months ago​ | ដោយ V-Dara

នៅទីបំផុតក្រុមអតីតម្ចាស់ជើងឯករង២សម័យកាល Khmer United និងក្រុមអតីតម្ចាស់ជើងឯក ឆ្នាំ២០១៧ Bayon Wanderers បានឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ជាថ្មីម្តងទៀត ប៉ុន្តែស្ថានភាពជួបគ្នាលើកនេះ ខុសពីឆ្នាំមុន ព្រោះនេះគ្រាន់តែជាការប្រកួតដណ្តើមយកពានតូច Khmer Real Estate Cup 2018 ប៉ុណ្ណោះ។

Khmer United និង Bayon សុទ្ធតែមិនអាចដណ្តើមយកពានធំ Khmer Real Estate League 2018 ដូចគ្នា គឺក្រុមទាំង២នេះ បានត្រឹមឈរនៅត្រឹមចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្នុងការប្រកួតវិលជុំសរុបចំនួន១៩សប្តាហ៍ ដោយមាន៣៩ពិន្ទុដូចគ្នា តិចជាងក្រុមម្ចាស់ជើងឯក Avatar FC ដែលមាន៤០ពិន្ទុ។

លទ្ធផលនេះ បានធ្វើឲ្យ Khmer United និង Bayon នៅសល់ឱកាសត្រឹមប្រកួតដណ្តើមយកពានតូច Khmer Real Estate Cup 2018 ហើយការទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតខ្វែង កាលពីថ្ងៃអាទិត្យ ម្សិលមិញ បានជួយឲ្យក្រុមទាំង២នេះ ឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ជំនួសការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានធំ កាលពីឆ្នាំ២០១៧ ដោយកាលនោះ Bayon បានយកឈ្នះក្រុម Khmer United ៣-០ ដើម្បីលើកពាន។

សម្រាប់ការប្រកួតវគ្គខ្វែង កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុម Khmer United បានបន្តយកឈ្នះក្រុម Blue Dragon ៣-០ បន្ថែមទៅលើការឈ្នះ ៩-២ នាជំនួបក្នុងវគ្គវិលជុំ កន្លងមក។ ចំណែក Bayon បានយកឈ្នះក្រុម Reil PP ៤-២ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ខណៈក្រុមទាំង២នេះ បានស្មើគ្នា ២-២ នោះ។

ក្រុម Khmer United នឹងត្រូវប្រកួតដណ្តើមយកពានតូច Khmer Real Estate Cup 2018 ជាមួយ Bayon នៅរសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ខាងមុខនេះ គឺបន្ទាប់ពីការប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ពានតូចរបស់ Blue Dragon និង Reil PP ហើយក្រុម Avatar ក៏ត្រូវចូលរួមលើកពានធំ Khmer Real Estate League 2018 នៅក្រោយការប្រកួត នាថ្ងៃអាទិត្យ នោះផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.