v9

មឿន សុខហ៊ុច និង ឡុង សំណាង សុទ្ធតែធ្វើឲ្យថៃខកចិត្ត ដើម្បីឈ្នះខ្សែក្រវាត់ និងពាន

2 months ago​ | ដោយ V-Dara

កីឡាករកម្ពុជា មឿន សុខហ៊ុច និង ឡុង សំណាង (សែម ណាង) សុទ្ធតែបានធ្វើឲ្យអ្នកប្រដាល់ថៃ ជួបការខកចិត្ត និងមិនអស់ចិត្ត ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ និងដណ្តើមពាន នៅលើទីលាន២ផ្សេងគ្នា កាលពីថ្ងៃអាទិត្យ កន្លងមកនេះ។

សម្រាប់ការប្រកួតនេះ មឿន សុខហ៊ុច បានយកឈ្នះកីឡាករកូនកាត់ថៃ-បារាំង Din Napho ទាំងលំបាកបំផុត នៅលើសង្វៀន CNC ដើម្បីក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតដណ្តើមពានរង្វាន់អន្តរជាតិកំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm ក្នុងទម្ងន់៦៥គីឡូក្រាម ជាមួយប្រាក់រង្វាន់២៤លានរៀល ខណៈ Din Napho បាន១២លានរៀល។

ទោះបីជាយ៉ាងណា ការសម្រេចឲ្យ មឿន សុខហ៊ុច ឈ្នះដោយមិនឯកច្ឆន្ទ គឺ ៣-២ បានធ្វើឲ្យកីឡាករថៃ Din Napho មិនសប្បាយចិត្តនោះទេ ហើយថែមទាំងបានចោទអាជ្ញាកណ្តាលលោក អ៊ិន ខេមរិន្ទ ថា បានចាប់ល្អៀងទៅលើកីឡាករកម្ពុជា តាមរយៈការមិនព្រមាន មឿន សុខហ៊ុច ដែលចាប់តែខ្សែរេញ តែបែរជាមករំខាន ដោយការចាប់បំបែក មិនឲ្យរូបគេ អាចបុកជង្គង់ទៅលើ សុខហ៊ុច បាន។

កីឡាករ Din Napho បាននិយាយថា៖ «គេវ៉ៃគិតតែតោងខ្សែរេញ ហើយខ្ញុំគិតថា ខ្ញុំនឹងឈ្នះការប្រកួតនេះ ប៉ុន្តែយើងបានចាញ់ដោយសារអាជ្ញាកណ្តាល ចេះតែស្រែកឲ្យឈប់ និងបំបែក នៅពេលខ្ញុំបានចូលចាប់បុកជង្គង់ ពិសេសនៅទឹកទី៣។ ខ្ញុំមិនពេញចិត្តការសម្រេចឲ្យខ្ញុំចាញ់នោះទេ ហើយខ្ញុំនឹងឈប់មកប្រកួតនៅកម្ពុជា ទៀតហើយ»។

ចំណែក មឿន សុខហ៊ុច ក៏បានទទួលស្គាល់ថាខ្លួនឯង មានការទន់ជ្រាយ និងបានដួលញឹក ហើយថា នឹងចាញ់ បើសិនការប្រកួតនេះធ្វើនៅប្រទេសថៃ។ សុខហ៊ុច បាននិយាយថា៖ «ខ្ញុំធ្វើអត់សូវបានល្អមែន គឺបានដួលច្រើនពេក ដោយសារខ្ញុំខំសម្រកគីឡូខ្លាំងពេក។ បើសិនជាការប្រកួតនេះ ធ្វើនៅថៃ ខ្ញុំច្បាស់ជាចាញ់ ប៉ុន្តែការដាក់ពិន្ទុនៅកម្ពុជា ខុសពីនៅថៃ គឺនៅយើង គិតទៅលើចំនួនវ៉ៃចូលច្រើន អ៊ីចឹងខ្ញុំស័ក្តិសមនឹងឈ្នះហើយ ព្រោះខ្ញុំវ៉ៃចូលបានច្រើនជាង»។

ដោយឡែកកីឡាករវ័យក្មេងជើងខ្លាំង ឡុង សំណាង បានយកឈ្នះកីឡាករថៃ Pek Tieng ដោយពិន្ទុជាឯកច្ឆន្ទ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ Wurks រដូវកាលទី១ ឆ្នាំ២០១៨ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម នៅលើសង្វៀនអាស៊ីអាគ្នេយ៍។

ជាមួយជ័យជម្នះនេះ ឡុង សំណាង បានទទួលប្រាក់រង្វាន់ចំនួន២០លានរៀល ប៉ុន្តែកីឡាករថៃ Pek Tieng ដែលទទួលបានប្រាក់រង្វាន់ចំនួន១២លានរៀល ក្នុងនាមជាអ្នកចាញ់ បានត្រឹមលេខ២នោះ បានសម្តែងការមិនសប្បាយចិត្តនោះទេ ព្រោះថៃម្នាក់នេះ គិតថា គេសមតែឈ្នះ ក្នុងការប្រកួតយ៉ាងស្វិតស្វាញមួយនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.