v9

Honda សរសើរក្រុមម៉ាឡេស៊ី ប៉ុន្តែរំពឹងថា កម្ពុជា នឹងធ្វើបានល្អ នាជំនួប ល្ងាចនេះ

2 months ago​ | ដោយ V-Dara

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា គឺខ្សែប្រយុទ្ធលំដាប់អន្តរជាតិរបស់ជប៉ុន Keisuke Honda បានធ្វើការសរសើរទៅដល់ទម្រង់លេងរបស់ក្រុមម៉ាឡេស៊ី ថា ធ្វើបានល្អ ក្នុងការប្រកួតកីឡាអាស៊ី នៅឥណ្ឌូនេស៊ី កន្លងមកនេះ ប៉ុន្តែ Honda បានដាក់ការរំពឹងថា ក្រុមកម្ពុជា នឹងធ្វើបានល្អ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃចន្ទនេះ។

Keisuke Honda បាននិយាយក្នុងសន្និសីទកាសែត នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ថា៖ «ខ្ញុំសូមគោរពទៅដល់ទម្រង់លេងរបស់ម៉ាឡេស៊ី ព្រោះការប្រកួតកីឡាអាស៊ី កន្លងមកនេះ ម៉ាឡេស៊ី ធ្វើបានយ៉ាងល្អ អ៊ីចឹងការប្រកួតនេះ ពិតជាមានភាពតានតឹង ប៉ុន្តែខ្ញុំសង្ឃឹមថា ក្រុមរបស់យើង នឹងធ្វើបានល្អ»។

បន្ថែមលើនេះ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ ដែលបានចុះកុងត្រាលេងឲ្យក្លិប Melbourne Victory របស់អូស្ត្រាលី Honda ក៏មានបានស្វែងរកកីឡាករមានសមត្ថភាព ដើម្បីត្រៀមដាក់ឲ្យលេងជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី លើកនេះផងដែរ ខណៈខ្សែបម្រើប្រយុទ្ធជើងចាស់ គួច សុកុម្ភៈ ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានក្រុម។

Honda បានបន្ថែមថា៖ «នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងហ្វឹកហាត់បានល្អ និងបានរកឃើញនូវកីឡាករមានសត្ថភាព និងទេពកោសល្យមួយចំនួន។ ពិតណាស់ នៅក្នុងការប្រកួតបាល់ទាត់ វាមិនងាយស្រួលទេ ក្នុងការយកឈ្នះលើក្រុមណាមួយ ប៉ុន្តែយើងមិនមានការភ័យខ្លាចនោះទេ គឺយើងនឹងលេងដោយភាពសប្បាយរីករាយ សម្រាប់ការជួបក្រុមម៉ាឡេស៊ី លើកនេះ»។

ជាមួយគ្នានេះ លោក Felex ជំនួយការ Honda និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា៖ «ខ្ញុំសូមគាំទ្រដល់ការលើកឡើងរបស់ Honda គឺយើងគោរពទៅដល់ទម្រង់លេងរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតលើកនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.