v9

ចំនួនអ្នកគាំទ្រ អាចនឹងកើនដល់រាប់ម៉ឺននាក់ជាថ្មី ពេលកម្ពុជា ប្រកួតជាមួយម៉ាឡេស៊ី

2 months ago​ | ដោយ V-Dara

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងមានអ្នកចូលរួមគាំទ្រផ្ទាល់ច្រើន រហូតដល់រាប់ម៉ឺននាក់ ដូចការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា កាលពី២០១៥ និងឆ្នាំ២០១៦ កន្លងមក។

រយៈពេលជាង១ឆ្នាំកន្លងមកនេះ ចំនួនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង គឺបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានចាញ់យ៉ាងជូរចត់ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កន្លងមកនេះ។

ការបរាជ័យគ្រប់ការប្រកួតរបស់កម្ពុជា នៅស៊ីហ្គេម និងការបន្តចាញ់ជាបន្តបន្ទាប់ទៀត ក្នុងការប្រកួតផ្លូវការ និងមិត្តភាពក្រោយៗទៀត បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន មានការបាក់ទឹកចិត្តយ៉ាងខ្លាំង និងលេងរវល់លើការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាតែម្តង ហើយការប្រកួតលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ក៏ត្រូវបានធ្វើឡើង ក្រោមក្រសែភ្នែកអ្នកគាំទ្រតិចតួចផងដែរ គឺខុសពីការប្រកួតរបស់ក្រុមកម្ពុជា កាលពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ដោយមានអ្នកទស្សនារាប់ម៉ឺននាក់ ក្នុងការប្រកួតម្តងៗ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ជាលើកដំបូង ក្នុងឆ្នាំ២០១៨ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ខាងមុខនេះ ត្រូវបានគេរំពឹងថា ចំនួនអ្នកគាំទ្រ នឹងមានការកម្រើកឡើងវិញ ដែលអាចមានចំនួនដល់រាប់ម៉ឺននាក់ ជាថ្មីម្តងទៀត។

ការរំពឹងបែបបេះ ក៏ព្រោះតែអ្នកគាំទ្រកម្ពុជា កំពុងតែចាប់អារម្មណ៍ខ្លាំងជាមួយវត្តមានរបស់ខ្សែប្រយុទ្ធលំដាប់អន្តរជាតិរបស់ជប៉ុន Keisuke Honda ដែលបានចុះមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយផ្ទាល់ ក្នុងនាមជាអ្នកចាត់ការទូទៅ ក្នុងការប្រកួតនេះ ហើយ Honda បានធ្វើការបង្វឹកក្រុមកម្ពុជា តាំងពីអង្គារមក។

អ្នកគាំទ្រកម្ពុជាភាគច្រើន របស់កម្ពុជា ពិតជាចង់ឃើញ ទម្រង់លេងរបស់ក្រុមកម្ពុជា ក្រោមការដឹកនាំរបស់ Keisuke Honda ខណៈខ្សែប្រយុទ្ធ ដែលរកបាន១គ្រាប់ឲ្យក្រុមជម្រើសជាតិជប៉ុន ក្នុងការប្រកួត World Cup 2018 រូបនេះ បានអះអាងថា នឹងធ្វើឲ្យ«អ្នកគាំទ្រសប្បាយចិត្ត» ក្រោមការដឹកនាំរបស់ខ្លួន។

វត្តមាន និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ Keisuke Honda បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រសម្រុកមកទិញសំបុត្រចូលរួមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមម៉ាឡេស៊ី នាល្ងាចចន្ទ ខាងមុនេះ ហើយគិតត្រឹមថ្ងៃទី៦ ខែកញ្ញា កន្លងមកនេះ សំបុត្រប្រភេទទី១ (កន្លែងមានដំបូល) ដែល១សន្លឹកតម្លៃ១ម៉ឺនរៀល ត្រូវបានលក់អស់ហើយ គឺនៅសល់តែសំបុត្រប្រភេទទី១(កន្លែងគ្មានដំបូល) តម្លៃ៥ពាន់រៀល ដែលនឹងត្រូវដាក់លក់រហូតដល់ថ្ងៃប្រកួតតែម្តង។

ជាមួយគ្នានេះ ក្រុមជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា «ក្រុមគោព្រៃកម្ពុជា» ក៏នឹងប្រើឯកសណ្ឋានថ្មី សម្រាប់ការប្រកួតក្នុងទឹកដី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញានេះផងដែរ ហើយឯកសណ្ឋាននេះ នឹងត្រូវដាក់លក់ សម្រាប់អ្នកគាំទ្រ មុនការប្រកួត១ថ្ងៃ គឺថ្ងៃអាទិត្យ ខាងមុខនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.