v9

GiFT ជ្រើសរើសយកកម្ពុជា ជាកន្លែងបញ្ជ្រាបចំណេះដឹងផ្នែកកីឡាដល់ក្រុមនិស្សិតជប៉ុន

2 weeks ago​ | ដោយ V-Dara

អង្គការ Global Incubation x Fostering Talents របស់ជប៉ុន ហៅកាត់ថា «GiFT» បានជ្រើសរើសយកប្រទេសកម្ពុជា ជាកន្លែងឲ្យក្រុមនិស្សិតរបស់ខ្លួន ធ្វើការស្វែងយល់ពីគុណតម្លៃនៃកីឡា ដើម្បីជួយឲ្យនិស្សិតទាំងនេះ អាចទទួលបាននូវបទពិសោធ និងចំណេះដឹងថ្មីៗបន្ថែមទៀត ទៅលើជំនាញរបស់ពួកគេ។

ជាមួយនឹងទិសដៅបញ្ជ្រាបចំណេះដឹងផ្នែកកីឡា ទៅដល់ក្រុមនិស្សិតរបស់ខ្លួនចំនួន២០នាក់ រួមទាំងនិស្សិតកម្ពុជាចំនួន១២នាក់ ដែលសុទ្ធតែអ្នករៀននៅថ្នាក់មហាវិទ្យាល័យលើជំនាញខុសគ្នានេះ GIFT បាននាំនិស្សិតទាំង៣២នាក់នេះ មកស្តាប់ការពន្យល់ពីអត្ថន័យ និងគុណតម្លៃរបស់កីឡា ពីការបកស្រាយរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជិត២ម៉ោង នៅទីស្នាក់ការ NOCC កាលពីម្សិលមិញ។
នៅឱកាសនោះ លោក វ៉ាត់ ចំរើន បានពន្យល់ដល់ក្រុមនិស្សិតទាំងនោះ តាំងពីអត្ថន័យរួមរបស់កីឡា បទបញ្ជាកីឡា គុណតម្លៃកីឡា មូលហេតុនៃការបង្កើតឲ្យមានអូឡាំពិក និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា ផងដែរ។

អ្វីដែលពិសេសនោះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការលេងកីឡា បានចូលរួមយ៉ាងសំខាន់នៅក្នុងវិស័យអប់រំ ព្រោះកីឡាបាននាំមកនូវទំនាក់ទំនងល្អ សាមគ្គីភាព ការចេះធ្វើការងារជាក្រុម ការចេះដឹងនាំក្រុម និងភាពអំណត់ គឺការមិនបោះបង់នូវអ្វីដែលខ្លួនបានធ្វើ ហើយចំណេះដឹងទាំងនេះ នឹងក្លាយជាបទពិសោធ ជួយឲ្យនិស្សិត ទទួលបានជោគជ័យ ពេលពួកគេចេញទៅធ្វើការងារ ពេលរៀបចប់។

ជាមួយកាជ្រើសរើសកម្ពុជា ជាកន្លែងបញ្ជ្រាបចំណេះដឹងផ្នែកកីឡាដល់ក្រុមនិស្សិតទាំង៣២នាក់នេះ លោក Daisuke Kimura អ្នកផលិតកម្មវិធីសិក្សាជាសាកល និងជាអ្នកតំណាងឲ្យអង្គការ GiFT បានប្រាប់ថា៖ «យើងមានគម្រោងទៅសិក្សាតាមប្រទេសចំនួន៧ ប៉ុន្តែការជ្រើសរើសកម្ពុជា ជាកន្លែងបញ្ជ្រាបចំណេះដឹងផ្នែកកីឡា ដល់និស្សិតរបស់យើងនេះ ព្រោះកម្ពុជា ជាប្រទេសថ្មី ដែលត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង ហើយជប៉ុន ក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ផងដែរ»។

លោក Daisuke Kimura បានបន្ថែមថា៖ «ជាមួយការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះដូចគ្នានេះ យើងចង់ឲ្យនិស្សិត ដែលមានជំនាញខុសគ្នាទាំងនេះ ធ្វើការស្វែងយល់ ថាតើវាមានលក្ខណៈដូចគ្នា និងខុសគ្នាត្រង់កន្លែងណាខ្លះ ចំពោះការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអូឡាំពិក ហើយចំណេះទាំងនេះ នឹងជួយឲ្យនិស្សិតរបស់យើង បង្កើតបាននូវគំនិតថ្មីផ្សេងៗទៀត នាពេលអនាគត»។

ក្រៅពីការនាំក្រុមនិស្សិតរបស់ជប៉ុន ចុះមកស្វែងយល់ ពីវិស័យកីឡានៅកម្ពុជានេះ លោក Daisuke Kimura ក៏ចង់បញ្ជ្រាបផ្នែកកីឡា ទៅតាមសាលានៅតាមខេត្តមួយចំនួន នៅកម្ពុជា ផងដែរ មុនពេលលោកប្រមូលក្មេងៗមកពីតាមសាលាទាំងនោះ មកលេងកីឡា និងចែករំឡែកបទពិសោធរួមគ្នា នៅពហុកីឡដ្ឋានតេជោ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។

លោក Daisuke Kimura បានបញ្ជាក់ថា៖ «ប្រទេសជប៉ុន និងកម្ពុជា មានការផ្តោតទៅលើការអភិវឌ្ឍវិស័យកីឡាដូចគ្នា អ៊ីចឹងការចុះមកស្វែងយល់ពីកីឡានៅកម្ពុជានេះ គឺយើងចង់នាំយកនូវចំណេះដឹងថ្មីៗផ្នែកកីឡារបស់ជប៉ុន មកចែករំលែកនៅកម្ពុជា ដែលធ្លាប់ជួបនៅសង្រ្គាមរាំរ៉ៃ ហើយយើងក៏នឹងនាំយកបទពិសោធ និងចំណេះដឹង ដែលទទួលបានពីកម្ពុជា ទៅចែករំលែកជាមួយប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន ផងដែរ»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.