v9

ជប៉ុន លុបចោលការប្រកួតមិត្តភាពជាមួយ ស៊ីលី ក្រោយពីគ្រោះរញ្ជួយដី

2 weeks ago​ | ដោយ V-Dara

ជប៉ុន បានលុបចោលការប្រកួតមិត្តភាពអន្តរជាតិរបស់ខ្លួន ជាមួយនឹងក្រុមជម្រើសជាតិស៊ីលី ដែលត្រូវបានគ្រោងប្រកួតនៅកីឡដ្ឋាន Sapporo Dome នៅថ្ងៃសុក្រនេះ ក្រោយពីការរញ្ជួយដីក្នុងកម្រិតដ៏ខ្លាំងបានវាយប្រហារទៅលើកោះភាគខាងជើង Hokkaido កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រទេសនេះ។

សហព័ន្ធកីឡាបាល់ទាត់ជប៉ុនហៅកាត់ថា JFA បានបញ្ជាក់ថា ពួកគេបានធ្វើការសម្រេចចិត្តនេះ ក្រោយពីបានពិចារណាទៅលើកម្រិតនៃការខូចខាត ដែលក្នុងនោះរាប់បញ្ចូលទាំងការផ្ទុះយ៉ាងខ្លាំងក្លា និងការកាត់ផ្តាច់ការដឹកជញ្ជូន ក៏ដូចជាបញ្ហាសុវត្ថិភាព។ JFA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ដោយសារតែឥទ្ធិពលនៃការរញ្ជួយដី សហព័ន្ធកីឡាបាល់ទាត់ជប៉ុន បានសម្រេចចិត្តលុបចោលការប្រកួតពាន Kirin Challenge Cup ឆ្នាំ២០១៨ រវាងក្រុមសាម៉ូរ៉ៃពណ៌ខៀវ និងក្រុមជម្រើសជាតិស៊ីលី»។

គ្រោះរញ្ជួយដីកម្រិត៦,៧ បានធ្វើការវាយប្រហារកោះ Hokkaido នៅពេលព្រឹកព្រហៀម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ ក៏ដូចជាបានធ្វើឲ្យមានបំណាក់ដី និងកាត់ផ្តាច់រចន្តអគ្គិសនីសម្រាប់តំបន់ដែលមានប្រជាជន៥,៣លាននាក់។ មនុស្សចំនួន ៣០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយមនុស្សប្រមាណជា ១២០នាក់បានរងរបួសស្រាល៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.