v9

កីឡា ៣ប្រភេទរបស់កម្ពុជា ទទួលបានសិទ្ធិអនុគ្រោះទៅប្រកួតយុវជនអូឡាំពិក នៅអាហ្សង់ទីន

2 weeks ago​ | ដោយ V-Dara

ប្រភេទកីឡារបស់កម្ពុជាចំនួន៣ មានចំបាប់ ហែលទឹក និងវាយសី ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងសហព័ន្ធកីឡាអន្តរជាតិ ផ្តល់សិទ្ធិអនុគ្រោះឲ្យទៅចូលរួមការប្រកួតយុវជនអូឡាំពិក នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ក្នុងខែតុលា ខាងមុខនេះ ប៉ុន្តែអត្តពលិកម្នាក់ទៀតផ្នែកកីឡាតេក្វាន់ដូរបស់កម្ពុជា កំពុងស្ថិតក្នុងការវាយតម្លៃពី IOC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់ ថា៖ «ពិតណាស់ កម្ពុជាយើងទទួលបានសិទ្ធិអនុគ្រោះចំនួន៣ប្រភេទកីឡា ឲ្យទៅចូលរួមការប្រកួតយុវជនអូឡាំពិក ឆ្នាំ២០១៨នេះ ក្នុងនោះមានចំបាប់១នាក់ ហែលទឹក១នាក់ និងវាយសី១នាក់ ប៉ុន្តែតេក្វាន់ដូ១នាក់ទៀត គេកំពុងពិនិត្យ ហើយគេឲ្យយើងរង់ចាំសម្រាប់ការសម្រេចចុងក្រោយ»។

បើតាមលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា កីឡាការិនីចំបាប់ទម្ងន់៤៤គីឡូក្រាម ស៊ឹម សុផាឡៃ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងកើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០២ ជាបេក្ខភាពកីឡាចំបាប់ ដែលទទួលបានសិទ្ធិអនុគ្រោះ ទៅចូលរួមការប្រកួតកីឡាយុវជនអូឡាំពិក ខាងមុខនេះ។

ចំណែកលោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា កីឡាករ វ៉ាត វ៉ាន់ធុន ជាអ្នកទទួលបានសិទ្ធិអនុគ្រោះទៅចូលរួមប្រកួតនេះ ហើយកីឡាករវាយសីរូបនេះ កើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១។

ចំពោះលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានប្រាប់ថា អ្នកដែលទទួលបានសិទ្ធិអនុគ្រោះទៅចូលរួមការប្រកួតកីឡាយុវជនអូឡាំពិក ឆ្នាំ២០១៨ ខាងមុខនេះ គឺកីឡាការិនី ពៅពេជ្រចរ៉ា ប៊ុណ្ណា ដែលកើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០២ ហើយកីឡាការិនីរូបនេះ បានដាក់ទៅប្រកួត២វិញ្ញាសា គឺវិញ្ញាសាហែលទឹករបៀបមេអំពៅ ៥០ម៉ែត្រ និងហែលសេរីចម្ងាយ៥០ម៉ែត្រ។

អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ ហែលទឹក និងកីឡាវាយសី ទាំង៣នាក់ខាងលើនេះ សុទ្ធតែបានចាត់ទុកការទទួលបានសិទ្ធិអនុគ្រោះទៅប្រកួតអូឡាំពិកនេះថា ជាឱកាសដ៏ល្អ ដើម្បីឲ្យអត្តពលិកវ័យក្មេងកម្ពុជាទាំងនេះ ទទួលបានបទពិសោធបន្ថែម ដើម្បីអភិវឌ្ឍខ្លួន ទៅអត្តពលិកជំនាញ ដ៏ខ្លាំង សម្រាប់ជួយដណ្តើមមេដាយឲ្យកម្ពុជា នាពេលអនាគត។

លោក ធិន វិចិត្ត បាននិយាយថា៖«យើងមិនរំពឹងថា គាត់នឹងទទួលបានលទ្ធផលល្អនោះទេ ប៉ុន្តែ ស៊ឹម សុផាឡៃ នៅក្មេង អ៊ីចឹងការទទួលបានឱកាសទៅប្រកួតយុវជនអូឡាំពិក តាមរយៈសិទ្ធិអនុគ្រោះលើកនេះ នឹងធ្វើឲ្យ គាត់មានឆន្ទៈ ប្រកួត និងហ្វឹកហាត់កាន់តែខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាពគាត់ឲ្យបានខ្លាំង និងក្លាយជាកីឡាការិនីដ៏ឆ្នើមម្នាក់ សម្រាប់ដណ្តើមយកមេដាយ លើឆាកអន្តរជាតិឲ្យកម្ពុជា នាពេលអនាគត»។

ដោយឡើយកីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា ដែលកើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០១ នៅមិនទាន់ច្បាស់ថា អាចនឹងទទួលបានសិទ្ធិអនុគ្រោះ សម្រាប់ការចេញទៅប្រកួតកីឡាយុវជនអូឡាំពិក នៅប្រទេសអាហ្សង់ទីន លើកនេះ ឬយ៉ាងណានោះទេ ហើយបើតាមលោក វ៉ាត់ ចំរើន គឺ IOC នឹងធ្វើការសម្រេចរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.