v9

លោក ហ៊ុន សែន ថា យើងរង់ចាំជាងកន្លះសតវត្សរ៍ ទើបបានមេដាយមាសពីកីឡាអាស៊ី

2 weeks ago​ | ដោយ V-Dara

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការនាំយកមេដាយមាស២ សំរឹទ្ធ១ កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (Asian Games) នៅឥណ្ឌូនេស៊ី របស់វិរៈកីឡាករ សាលី អ៊ូមើត និងវិរៈកីឡាការិនី ខាន់ ចេសា ថាជា«កិត្តិយសរបស់ជាតិទាំងមូល» ដែលយើងបានអង្គុយរង់ចាំរហូតដល់ជាងកន្លះសតវត្សរ៍។

ថ្លែងក្នុងពិធីសំណេះសំណាល ក្នុងកិច្ចស្វាគមន៍ទៅដល់ម្ចាស់មេដាយមាស សាលី អ៊ូមើត និង ខាន់ ចេសា ព្រមទាំងប្រតិភូកីឡាអាស៊ី នៅវិមានសន្តិភាព កាលពីយប់ថ្ងៃចន្ទម្សិលមិញ លោក ហ៊ុន សែន បានលើកឡើងថា៖ «កម្ពុជា បានឆ្លងកាត់រយៈកាលដ៏យូរ បើនិយាយពីឆ្នាំ គឺ៦៤ឆ្នាំ បើនិយាយពីទសវត្សរ៍ររហូតទៅដល់៦ទសវត្សរ៍ បើនិយាយពីសតវត្សរ៍ គឺជាងកន្លះសតវត្សរ៍ ទើបយើងបានមេដាយមាស ពីការប្រកួតកីឡាអាស៊ី អ៊ីចឹងមានន័យថា យើងបានខិតខំប្រឹងឡើងពីការលំបាក»។

លោកនាយករដ្ឋមន្រ្តី បានបង្ហាញពីមោទនភាពខ្លាំងចំពោះការឈ្នះបានមេដាយមាស២ និងសំរឹទ្ធ១ របស់វិរកីឡាករ សាលី អ៊ូមើត និងវិរកីឡាការិនី ខាន់ ចេសា ហើយលោកបានធ្វើការអរគុណដល់គ្រូបង្វឹកបរទេសទាំង២នាក់ ដែលបានជួយជំរុញឲ្យកីឡាជឺជីតស៊ូ និងកីឡាម៉ូតូទឹក ដណ្តើមបានមេដាយមាសកីឡាអាស៊ី លើកនេះ ដោយលោកបានសង្កត់ធ្ងន់ថា «យើងត្រូវតែអួត ចំពោះជ័យជម្នះដ៏ធំធេងនេះ»។

លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «កាល ស៊ន សៀវម៉ី នាំមក១នោះ យើងខំអួត ឥឡូងនាំមក២ទៀត ប្រឹងអួតទៀត មិនអួតអាម៉េច គេមានដល់រាប់រយ អាហ្នឹងរឿងរបស់គេ ប៉ុន្តែសម្រាប់យើងវាប៉ុណ្ណឹង លទ្ធភាពរបស់យើងវាប៉ុណ្ណឹង វាពូកែណាស់ទៅហើយ! ៦៤ឆ្នាំទើបមានមេដាយបែបនេះ។ ដូច្នេះអស់លោកជាជនបរទេស ដែលបានជួយបង្វឹក និងជួយឧបត្ថម្ភ គឺខ្ញុំអរគុណដល់អស់លោក មិនមែនតែខ្ញុំម្នាក់ទេ ប៉ុន្តែប្រជាជាតិមួយនេះ សូមអរគុណចំពោះអស់លោក»។

គួររំឭកថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌួនេស៊ី ដែលទើបបានបញ្ចប់ កាលពីយប់ថ្ងៃអាទិត្យ គឺកីឡាការិនីខ្មែរ-អាមេរិកមានវ័យត្រឹម១៦ឆ្នាំ ខាន់ ចេសា (Jessa Khan) បានឈ្នះមេដាយមាស ក្នុងទម្ងន់ក្រោម៤៩គីឡូក្រាម ហើយកីឡាករម៉ូតូទឹក សាលី អ៊ូមើត បានឈ្នះមេដាយមាស១ លើវិញ្ញាសា Ski Modified និងមេដាយសំរិទ្ធ លើវិញ្ញាសា Runabout 1100 Stock។

ចំពោះការនាំយកកិត្តិយសជូនជាតិ តាមរយៈការឈ្នះបានមេដាយមាស និងសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ី លើកនេះ វិរកីឡាករ សាលី អ៊ូមើត បានទទួលប្រាក់រង្វាន់តាមអនុក្រឹតសរុបចំនួន ១០៤លានរៀល ខណៈវីរនារីកីឡាការិនី ខាន់ ចេសា ទទួលបាន ៨០លានរៀល ហើយគ្រូបង្វឹក លើប្រភេទកីឡាទាំង២នេះ ទទួលបានម្នាក់ ៨០លានរៀលដូចគ្នា។

បន្ថែមលើប្រាក់រង្វាន់តាមអនុក្រឹតនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់លោក ដល់កីឡាករម្ចាស់មេដាយមាស និងមេដាយសំរឹទ្ធ សាលី អ៊ូមើត ចំនួន ១៣០០០ដុល្លារ និងកីឡាការិនី ខាន់ ចេសា ចំនួន ១ម៉ឺនដុល្លារ ឯគ្រូបង្វឹកទាំង២ ក៏ទទួលបានម្នាក់ ១ម៉ឺនដុល្លារផងដែរ ហើយម្ចាស់មេដាយមាស និងគ្រូបង្វឹក ទាំង ៤នាក់នេះ ក៏ទទួលបានការបំពាក់គ្រឿងឥស្សរិយយសមហាសេរីវឌ្ឍ ពីលោកនាយករដ្ឋមន្រ្តី ដូចគ្នា ផងដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.