v9

Ikee ជាប់ជាអត្តពលិកឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ Asian Games នៅឥណ្ឌូនេស៊ី

3 months ago​ | ដោយ V-Dara

កីឡាការិនីហែលទឹក Rikako Ikee វ័យ១៨ឆ្នាំ ត្រូវបានផ្តល់ឈ្មោះជាអត្តពលិកឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ Asian Games លើកទី១៨ ដើម្បីក្លាយជាស្ត្រីដំបូងគេក្នុងការឈ្នះពានរង្វាន់កិត្តិយសមួយនេះ។

ក្នុងព្រឹត្តិការណ៍ Asian Games ក្នុងទីក្រុងហ្សាការតា ដែលទើបតែបានបញ្ចប់កាលពីថ្ងៃអាទិត្យ Ikee បានឈ្នះមេដាយមាសសរុប៦ ក្នុងនោះរាប់បញ្ចូលទាំងលើវិញ្ញាសាឯកត្តជន បែបសេរី ចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និងបែបមេអំបៅចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ ផងដែរ។ កីឡាការិនីរូបនេះ ក៏បានឈ្នះមេដាយមាសក្នុងការប្រកួតលើវិញ្ញាសាហែលទឹកបណ្តាក់បែបសេរីចម្ងាយ4 x 100 ម៉ែត្រ និងបែបចម្រុះចម្ងាយ 4 x 100 ម៉ែត្រ ក្នុងទីក្រុងហ្សាការតាផងដែរ។ ជាមួយនឹងការឈ្នះមេដាយប្រាក់ ២បន្ថែមទៀតដើម្បីឈ្នះមេដាយសរុបចំនួន៨ Ikee បានតាមស្មើកំណត់ត្រាមេដាយដែលត្រូវបានបង្កើតឡើងក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Asian Games តែមួយ ដោយកីឡាការិនីកូរ៉េខាងជើង So Gin-man ក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ១៩៨២ ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។

Ikee ក៏បានក្លាយជាស្ត្រីដំបូងគេក្នុងការឈ្នះពានអត្តពលិកឆ្នើមបំផុតប្រចាំយុទ្ធនាការផងដែរ បើគិតចាប់តាំងពី OCA បានបង្កើតពាននេះជាលើកដំបូងក្នុងយុទ្ធនាការ Asian Games ឆ្នាំ១៩៩៨ នៅរាជធានីបាងកក ប្រទេសថៃ។ កីឡាការិនីដ៏ស្រស់សោភាវ័យ១៨ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ខ្ញុំនៅតែមិនទាន់ឈ្នះជើងឯកពិភពលោកនៅឡើយទេ ហេតុនេះ នោះគឺជាគោលដៅបន្ទាប់របស់ខ្ញុំ»។ ជាមួយនឹងការឈ្នះពានកិត្តិយសនេះ Ikee ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥ម៉ឺនដុល្លារផងដែរ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.