v9
V9BET

ប៉ូលិស ទម្លាក់អង្គរថាយហ្គឺរ ដើម្បីឡើងទៅជួបក្រុមទ័ព នៅវគ្គផ្តាច់ព្រ័ត្រ

10 months ago​ | ដោយ V-Dr

នៅទីបំផុតក្រុមប៉ូលិស បានទម្លាក់ក្រុមអង្គរថាយហ្គឺរ ដោយការយកឈ្នះ ២-០ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ដោយពួកគេត្រូវជួបក្រុមក្រសួងការពារជាតិ (ទ័ព) ដែលបានទម្លាក់ក្រុមម្ចាស់ជើងឯករង ណាហ្គាវើល ៣-១ ដោយប្រើពេលរហូតដល់១២០នាទី។

ក្រុមប៉ូលិស ដែលបានទម្លាក់ក្រុមយុវជនបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ នៅវគ្គ៨ក្រុម ដោយបានឈ្នះទាំង២ជើងនោះ បានបង្ហាញការវាយបកទៅលើក្រុមអង្គរថាយហ្គឺរ បានយ៉ាងល្អ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ហើយភាពសប្បាយរីករាយបានកើតមានឡើង នៅពេលខ្សែប្រយុទ្ធ នួន បូរី បានស៊ុតបាល់ដោយប្រើជើងឆ្វេង បញ្ចូលទីបានយ៉ាងល្អ នៅនាទីទី៣២នោះ។

ជាមួយការនាំមុខ ១-០ នេះបានជំរុញឲ្យក្រុមអង្គរថាយហ្គឺរ បង្កើនការវាយលុកកាន់តែខ្លាំង និងបានបង្កើតឱកាសមាស នៅមុនទីក្រុមប៉ូលិស ផងដែរ ប៉ុន្តែគ្រាប់បាល់ទាំងនោះ ត្រូវបានសង្រ្គោះដោយអ្នកចាំទី ប្រាក់ មុន្នីភិរុណ បានយ៉ាងល្អ។ បន្ថែមលើនេះ ការលើកបាល់យ៉ាងល្អរបស់ អុល រ៉ាវី បានផ្តល់ឱកាសឲ្យ លន់ ចំរើន តែតបាល់នោះបញ្ចូលទីយ៉ាងល្អ នៅនាទីទី៧២ ដើម្បីជួយឲ្យក្រុមប៉ូលិស ឈ្នះអង្គរថាយហ្គឺរ ២-០។

ជ័យជម្នះ ដែលរកបាននៅក្រោមតំណក់ទឹកភ្លៀងនេះ បានជួយឲ្យក្រុមប៉ូលិស ឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នេះ ជាលើកទី២ បន្ទាប់ពួកគេបានឈ្នះពាន ជាលើកទី១ សម្រាប់ការចូលរួមជាលើកដំបូង កាលពីឆ្នាំ២០១៤។

លោក សារ៉េត ស៊ីដន គ្រូបង្វឹកក្រុមប៉ូលិស បាននិយាយក្នុងសន្និសីទ ក្រោយការប្រកួតថា៖ «នេះជាការប្រកួតមួយដ៏អស្ចារ្យ ហើយរំភើបសម្រាប់ក្រុមរបស់ខ្ញុំ ដែលកីឡាករទាំងអស់បានប្រឹងប្រែងលេងអស់ពីកម្លាំងកាយចិត្ត និងអស់ពីបេះដូង គឺជ័យជម្នះនៅថ្ងៃនេះ បានមកដោយការប្រឹងប្រែងអស់ពីសមត្ថភាព ដោយមានការសាមគ្គីគ្នា និងគោរពវិន័យ ហើយយើងនឹងប្រឹងប្រែងបន្ថែមទៀត សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ»។

ក្រុមប៉ូលិស នឹងត្រូវឡើងទៅជួបក្រុមទ័ព នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ព្រោះទ័ព ក៏បានទម្លាក់ក្រុមណាហ្គាវើល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ។ នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍នោះ ទ័ព បានយកឈ្នះក្រុមណាហ្គាវើល ៣-១ ដោយប្រើពេលរហូតដល់១២០នាទី។

តាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិនោះ ខ្សែការពារ ញឹម សុវណ្ណារ៉ា រកគ្រាប់បាល់ឲ្យក្រុមណាហ្គាវើល បានមុន នៅនាទីទី៩ តែត្រូវបានខ្សែបម្រើ សុខ ហៀង ស៊ុតតាមស្មើឲ្យក្រុមទ័ពវិញ នៅនាទីទី៣១ ហើយលទ្ធផលនេះបានអូសបន្លាយដល់៩០នាទីបានបញ្ចប់ ធ្វើឲ្យក្រុមទាំង២នេះ ឈានដល់ការប្រកួតនាទីបន្ថែម១៥នាទីទី២ដង។ ក្នុងរយៈពេល៣០នាទីនេះ ស ពិសិដ្ឋ បានតែតបាល់បញ្ចូលទីជួយឲ្យក្រុមទ័ព ២-១ វិញ ហើយ ឈិន ឈឿន បានអូសបាល់រំលងខ្សែការពារទាំង២របស់ណាហ្គាវើល រួចស៊ុតបាល់នោះ បំប៉ោងសំណាញ់ទីបានយ៉ាងល្អ ដើម្បីជួយឲ្យក្រុមទ័ពឈ្នះណាហ្គាវើល ៣-១ លើកនេះ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.