v9

លី ភា និង ផាន់ គ្រាន់ ត្រូវវ៉ៃដណ្តើមប្រាក់លាន ជាមួយថៃ ក្នុងព្រឹត្តិការណ៍ប្រដាល់ថ្មី នៅ CNC

3 months ago​ | ដោយ V-Dara

កីឡាករកម្ពុជា លី ភា និង ផាន់ គ្រាន់ បានក្លាយជាបេក្ខភាពដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកគ្រប់គ្រងសង្វៀន CNC ជ្រើសរើសដាក់ឲ្យប្រកួតដណ្តើមប្រាក់លាន ជាមួយនឹងជើងខ្លាំងរបស់ថៃ ក្នុងព្រឹត្តិការណ៍ប្រដាល់ថ្មី «ការប្រកួតអន្តរជាតិដណ្តើមប្រាក់លានខារ៉ាបាវ» ដែលក្រុមហ៊ុម CBS និងម្ចាស់ឧបត្ថម្ភផ្តាច់មុខ គឺក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ ទើបតែបានសហការគ្នាបង្កើតឲ្យមានឡើង។

ការរួមគ្នា បង្កើតឲ្យមានព្រឹត្តិការណ៍ប្រដាល់ថ្មី ដែលនឹងត្រូវធ្វើនៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីរៀលម៉ោង២ ដល់ម៉ោង ៤:៣០ នៅលើសង្វៀន CNC នេះ ត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ ហើយគោលការណ៍ និងនិតិវិធីនៃការប្រកួតដណ្តើមប្រាក់លាននេះ ក៏មានការខុសប្លែកពីលើកមុនផងដែរ គឺតម្រូវឲ្យមានលទ្ធផលស្មើ ខុសពីការប្រកួតដណ្តើមពាន ឬប្រាក់លានកន្លងមក ដែលមានតែលទ្ធផលឈ្នះ និងចាញ់។

យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាក សប្តាហ៍ទី១ នៅរសៀលថ្ងៃសៅរ៍នេះ គឺកីឡាករ លី ភា ត្រូវប្រឈមជាមួយ ថៃ Phit Noy ក្នុងទម្ងន់៦០គីឡូក្រាម។ លី ភា ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១,៦៨ ធ្លាប់ប្រកួត៦៥ដង ឈ្នះ៤៤ ចាញ់២០ និងស្មើ១ដង អាចនឹងមានការលំបាកក្នុងការស្វែងរកជ័យជម្នះ ព្រោះ Phit Noy ដែលមានវ័យ២១ឆ្នាំ កម្ពស់១,៧០ ធ្លាប់ប្រកួត៨៣ដង ឈ្នះ៦១ ចាញ់១៦ និងស្មើ៦ដង ជាជើងខ្លាំងម្នាក់របស់ថៃ ដែលធ្លាប់បានឈ្នះកីឡាករកម្ពុជាច្រើននាក់មកហើយ ព្រោះថៃម្នាក់នេះល្អផ្នែកជង្គង់។

ចំណែក ផាន់ គ្រាន់ ត្រូវប៉ះថៃ Check Nuondaeng Yim ក្នុងទម្ងន់៦៣,៥គីឡូក្រាម ហើយគូនេះ អាចនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកទាំង២នេះ មានកម្ពស់កម្ពរប្រហែលគ្នា និងមានជំនាញវាយប្តូរជាមួយនឹងកណ្តាប់ដៃ និងកែវដូចគ្នា។ ទោះយ៉ាងណា ផាន់ គ្រាន់ មានបទពិសោធប្រកួតច្រើនជាង គឺកីឡាករវ័យ២៤ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ រូបនេះ ធ្លាប់ប្រកួតបាន១១៣ដង ឈ្នះ៨៨ ចាញ់២១ និងស្មើ៤ ឯ Check Nuondaeng Yim មានវ័យ២៤ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ធ្លាប់ប្រកួត៥៣ដង ឈ្នះ៣៣ ចាញ់១៨ និងស្មើ២ដង។

បើតាមការប្រកួត នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធនេះ បានឲ្យដឹងថា ក្នុងការប្រកួតដណ្តើមប្រាក់លានខារ៉ាបាវនេះ គឺអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់ចំនួន១លានរៀល បន្ថែមទៅលើប្រាក់តម្លៃខ្លួនរបស់គេ ប៉ុន្តែបើគូណាប្រកួតទៅស្មើគ្នា គឺប្រាក់រង្វាន់១លានរៀលនេះ នឹងត្រូវចែកគ្នា ក្នុងម្នាក់៥០ម៉ឺនរៀល។ មានន័យថា ខាងខារ៉ាបាវ ត្រូវតម្កល់ថវិកាចំនួន២លានរៀល សម្រាប់ប្រគល់ជូនដល់គូដណ្តើមប្រាក់លាន ទាំង២គូ ជារៀងរាល់សប្តាហ៍។

ជាមួយគ្នានោះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការក្រើនរំឭកឲ្យមន្រ្តីបច្ចេកទេសរបស់លោក ព្រមទាំងកីឡាករ ដែលឡើងប្រកួត ត្រូវប្រកាន់ឲ្យបាននូវគោលការណ៍«តម្លាភាព និងយុត្តិធម៌» ហើយតំណាងខារ៉ាបាវ និងតំណាងក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ CNC CTN និង MYTV ក៏ចង់ឃើញការប្រកួតនេះ ដំណើរការទៅបានយ៉ាងរលូន ក្រោមការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ ដើម្បីដៃគូសហការទាំង២នេះ ឈានទៅដល់ការបង្កើតឲ្យមានការប្រកួតខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ប្រដាល់ថ្មីមួយនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.