v9

មេដាយមាសលេចឡើងស្ទង់ៗសម្រាប់ Son ខណៈចិន ឈ្នះមេដាយមាស១០២

3 weeks ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min ត្រូវការត្រឹមតែរយៈពេល ៩០នាទីទៀតក្នុងការឈ្នះមេដាយមាស ដែលនឹងធ្វើឲ្យរូបគេរួចផុតពីការបំពេញកាតព្វកិច្ចយោធា កាលពីថ្ងៃពុធ ខណៈដែលកីឡាការិនីបារ៉ែន Edidiong Odiong បានបំពេញការឈ្នះមេដាយមាស២ លើវិញ្ញាសារត់ចម្ងាយខ្លី ក្នុងព្រឹត្តិការណ៍ Asian Games។

ខ្សែប្រយុទ្ធ Son របស់ក្លិប Tottenham Hotspur បានទទួលតួនាទីជាប្រធានក្រុម ខណៈដែលកូរ៉េខាងត្បូង បានផ្តួលក្រុមជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ៣-១ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស ខណៈដែលនេះ គឺជាឱកាសចុងក្រោយរបស់គេក្នុងការឈ្នះមេដាយមាសដែលនឹងធ្វើឲ្យរូបគេរួចផុតពីការបំពេញការតព្វកិច្ចយោធារយៈពេល ២១ខែ។ តារាឆ្នើមក្នុងព្រឹត្តិការណ៍ World Cup រូបនេះ ដែលការបញ្ជូនបាល់ដ៏ឆ្លាតវៃរបស់គេបានជួយឲ្យកីឡាករ Hwang Ui-jo រកបានគ្រាប់បាល់ទី២ សម្រាប់កូរ៉េខាងត្បូងនោះ បានឲ្យដឹងថា៖ «យើងកំពុងតែខិតកាន់តែកៀកក្នុងការឈ្នះមេដាយមាស ក៏ដូចជាបង្កើតប្រវត្តិសាស្ត្រ ហើយយើងនឹងប្រជែងសម្រាប់មេដាយនេះ»។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នេះ ខណៈដែលកូរ៉េខាងត្បូង នឹងត្រូវជួបជាមួយនឹងជប៉ុន ដែលបានផ្តួលក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយផ្សេងទៀត។ ក្រោយមក កីឡាការិនីដើមកំណើតនីហ្សេរីយ៉ា Odiong បានក្លាយជាស្ត្រីទី៤ ក្នុងការឈ្នះការរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ និង២០០ម៉ែត្រ។ ស្របពេលជាមួយគ្នានេះ ចិន បន្តគ្រប់គ្រងទាំងស្រុងលើតារាងមេដាយ ក្រោយពីបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games មកទល់ពេលនេះ១០២ ដើម្បីនាំមុខដាច់លើជប៉ុន ដែលឈ្នះមេដាយមាស៥២ ខណៈកូរ៉េខាងត្បូង ឈរលេខ៣ជាមួយនឹងមេដាយមាស៣៧៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.