v9

ម្ចាស់មេដាយមាសកីឡាអាស៊ី អ៊ូមើត និង ចេសា នឹងត្រូវស្វាគមន៍ដោយការដង្ហែក្បូន តែសូហ្វតិន្នីស ទើបចាប់ប្រកួតថ្ងៃនេះ

3 months ago​ | ដោយ V-Dara

កីឡាករម៉ូតូទឹក សាលី អ៊ូមើត និងកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ដែលបានឈ្នះមេដាយមាស២ និងសំរឹទ្ធ១ ឲ្យកម្ពុជា នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានការស្វាគមន៍ ដោយការដង្ហែក្បូនអមដោយម៉ូតូធំចំនួន ៦គ្រឿង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់វិមានសន្តិភាព ជាកន្លែងដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ជាច្រើននាក់ទៀត រង់ចាំជួបស្វាគមន៍ដល់ពួកគេ។

តាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មកីឡាអាស៊ីនេះ បានឲ្យដឹងថា ម្ចាស់មេដាយមាស សាលី អ៊ូមើត និង ខាន់ ចេសា នឹងប្រតិភូកីឡាកម្ពុជា នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នៅថ្ងៃទី៣ ខែកញ្ញា ហើយក្បួនដង្ហែ នឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១៧ និង៣៥នាទី ឆ្ពោះទៅវិមានសន្តិភាព ជាមួយនឹងម៉ូតូធំកិត្តិយសអមសងខាងចំនួន៦គ្រឿង។

គួរបញ្ជាក់ថា កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានឈ្នះមេដាយមាសលើវិញ្ញាសា Newaza ទម្ងន់ក្រោម៤៩គីឡូក្រាម នៃប្រភេទកីឡាជឺជិតស៊ី (Jiu-Jitsu) កាលពីថ្ងៃសុក្រ សប្តាហ៍មុន ហើយនៅថ្ងៃសៅរ៍បន្ទាប់ កីឡាករម៉ូតូទឹក សាលី អ៊ូមើត បានឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified និងមេដាយសំរឹទ្ធលើវិញ្ញាសា Runabout 1100 Stock។

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះកាលពីឆ្នាំ២០១៣ គឺកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា និង សាលី អ៊ូមើត នឹងទទួលបានប្រាក់រង្វាន់ម្នាក់ៗចំនួន ៨០លានរៀល ចំពោះការឈ្នះបានមេដាយមាសរបស់ពួកគេ ហើយ អ៊ូមើត ក៏ទទួលបានប្រាក់រង្វាន់ចំនួន២៤លានរៀលបន្ថែមទៀតសម្រាប់មេដាយសំរឹទ្ធផងដែរ ខណៈគ្រូបង្វឹករបស់អត្តពលិកទាំង២ ទទួលម្នាក់ៗ៨០លានរៀល រីឯគ្រូជំនួយបាន៧០ភាគរយ។

ទោះបីយ៉ាងណា គិតមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនឯកជន បានចូលរួម ក្នុងការឧបត្ថម្ភប្រាក់រង្វាន់បន្ថែមទៅលើម្ចាស់មេដាយ សាលី អ៊ូមើត និង ខាន់ ចេសា នៅឡើយទេ ហើយគេក៏មិនទាន់ដឹងថាលោកនាយករដ្ឋមន្រ្តី នឹងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោក ប៉ុន្មានទៅដល់ពួកគេនោះដែរ ខណៈលើកមុនលោក ហ៊ុន សែន បានផ្តល់ថវិកាបន្ថែមឲ្យម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ គឺកីឡាការិនី ស៊ន សៀវម៉ី ចំនួន១ម៉ឺនដុល្លារ។

ដោយក្រុមអត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជា នឹងចាប់ដំណើរការប្រកួតប្រជែង នៅលើវិញ្ញាសាប្រកួតឯកត្តជន ថ្ងៃអង្គារនេះ ដើម្បីស្វែងរកមេដាយឲ្យកម្ពុជាបន្ថែមទៀត ព្រោះសូហ្វតិន្នីស ជាប្រភេទកីឡា មានសក្តានុពល ដែលកម្ពុជា មានរំពឹង ក្នុងការដណ្តើមបានមេដាយ ដូចគ្នាទៅនឹងកីឡាជឺជិតស៊ូ និងកីឡាម៉ូតូទឹក ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.