v9

លោក ភា សុភ័ក្ត្រា ទទួលយកការពិន័យទាំងឈឺចាប់ ហើយស្នើឲ្យបង្ហាញភ័ស្តុតាង

3 months ago​ | ដោយ V-Dara

លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ត្រូវបានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យមិនឲ្យដឹកក្រុមចំនួន ៦ប្រកួតក្នុងពានរង្វាន់ក្រមខណ្ឌលីគកំពូល និងថវិកាចំនួន ១លានរៀល។ តែយ៉ាងណា លោក ភា សុភ័ក្ត្រា អះអាងថា លោកមិនប្តឹងឧទ្ធរណ៍នោះទេ តែស្នើឲ្យបង្ហាញភ័ស្តុតាង។

គ្រូបង្វឹកក្រុមក្រសួងការពារជាតិលោក ភា សុភ័ក្ត្រា ត្រូវបានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចោទពីបទប្រើប្រាស់ឥរិយាបទមិនមែនជាអ្នកកីឡា និងបំភ័យមន្ត្រីការប្រកួតដោយការគំរាមកំហែង។ បទចោទនេះ ធ្វើឲ្យលោក ភា សុភ័ក្ត្រា ជាប់ពិន័យមិនឲ្យដឹកនាំក្រុមចំនួន ៦ប្រកួតក្នុងពានរង្វានខេមបូឌានលីគ និងថវិកាចំនួន ១លានរៀល។ ការពិន័យនេះ មានន័យថា គ្រូបង្វឹករូបនេះ មិនអាចដឹកនាំក្រុមរហូតចប់រដូវកាលឆ្នាំ២០១៨។

លោក ភា សុភ័ក្ត្រា អះអាងថា លោកមិនប្តឹងឧទ្ធរណ៍ទៅកាន់គណៈកម្មការឧទ្ធរណ៍នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើយ ទោះបីលោកមិនពេញចិត្តចំពោះការសម្រេចនេះក៏ដោយ។ ការមិនប្តឹង ដោយសារលោក មិនដែលទទួលបានដំណោះស្រាយណាមួយសម្រាប់បណ្តឹងកន្លងមក។ នេះជាលើកទីពីរហើយសម្រាប់លោក ភា សុភ័ក្ត្រា ដោយលើកទី១ លោកត្រូវបានគណៈកម្មការវិន័យ ពិន័យមិនឲ្យដឹកនាំក្រុមចំនួន ៤ប្រកួត ដោយចោទពីបទប្រើប្រាស់ឥរិយាបថមិនសមរម្យ និងជេរមន្ត្រីដឹកនាំការប្រកួត។

ទោះបីការពិន័យរហូតចប់រដូវកាលក៏ដោយ តែលោក ភា សុភ័ក្ត្រា អះអាងថា ការពិន័យនេះមិនប៉ះពាល់ដល់ការប្រកួតដែលនៅសល់របស់ក្រសួងការពារជាតិនោះទេ។ ផ្ទុយទៅវិញ អាចធ្វើឲ្យកូនក្រុមរបស់លោក ខិតខំប្រកួតឲ្យកាន់តែខ្លាំងថែមទៀតផង។

គ្រូបង្វឹករូបនេះ ស្នើឲ្យគណៈកម្មការវិន័យបង្ហាញភ័ស្តុតាងពាក់ព័ន្ធការចោទប្រកាន់លោកថា បានភ័យមន្ត្រីការប្រកួតដោយការគំរាមកំហែង។ ដោយលោកអះអាងថា លោកមិនប្រព្រឹត្តដូចនឹងអ្វីដែលបានចោទប្រកាន់នោះទេ។ តែលោកទទួលស្គាល់ថា ពិតជាបានបោកកៅអីជ័រមួយប្រាកដមែន តែការបោកនេះគ្រាន់តែចង់បង្ហាញពីភាពឈឺចាប់ប៉ុណ្ណោះ មិនមែនគំរាមកំហែងនោះទេ។ លោកស្នើអាជ្ញាកណ្តាលចៅក្រមកាត់ដោយយុត្តិធម៌ ពោលគឺកាត់ក្តីដោយសមត្ថភាព និងចៀសវាងកាត់ក្តីតាមអារម្មណ៍។

ការពិន័យខាងលើ កើតឡើងក្នុងជំនួបជើងទី២ រវាងក្រុមក្រសួងការពារជាតិជាមួយក្រុមសូលទីឡូអង្គរ នាការប្រកួតដណ្តើមពានរង្វាន់ខេមបូឌានលីគសប្តាហ៍ទី១៧ ដោយកាលណោះក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ សេចក្តីសម្រេចរបស់គណៈកម្មការវិន័យ ដែលហត្ថលេខាដោយលោក អេង ពៅទិត្យ ទុករយៈពេល៥ថ្ងៃ ដើម្បីឲ្យសាមីខ្លួន ឬសាមីក្លិបក្នុងការប្តឹងឧទ្ធរណ៍៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.