v9
V9BET

លោក ថោង ខុន ផ្តាំកីឡាករកុំយល់ថា ការដាក់ក្តីរំពឹងលើខ្លួនជាការដាក់សម្ពាធ

1 year ago​ | ដោយ V-Dr

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រើនរំលឹកកីឡាករកុំឲ្យគិតថា ការដាក់ក្តីរំពឹងលើខ្លួនក្នុងការដណ្តើមមេដាយជាសម្ពាធឲ្យសោះ។ តែត្រូវចាត់ទុកថា ជាការលើកទឹកចិត្ត។ ការដាស់តឿនបែបនេះ ធ្វើឡើងពេលលោកដឹកនាំប្រតិភូកីឡាកម្ពុជាទៅចូលរួមប្រកួត Asian Games 2018 នៅឥណ្ឌូណេស៊ី។

ដើម្បីកុំឲ្យកើតមានសម្ពាធផ្លូវចិត្តចំពោះកីឡាករកីឡាការិនី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក ថោង ខុន ប្រាប់កីឡាករកុំឲ្យយល់ច្រឡំថា ការដាក់ក្តីរំពឹងក្នុងការដណ្តើមមេដាយពីថ្នាក់ដឹក ជាការដាក់សម្ពាធ។ ទន្ទឹមនឹងនេះ លោកចាត់ទុកថា ការគិតបែបដាក់សម្ពាធជាការយល់ខុស។ ការលើកឡើងបែបនេះ បន្ទាប់ពីមានកីឡាករមួយចំនួន ពិសេសកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាស Asian Games 2014 ចាត់ទុកការដាក់ក្តីរំពឹងលើខ្លួន ប្រៀបបាននឹងការដាក់សម្ពាធ។

«មិនមែននោះទេ ការដាក់ក្តីរំពឹងលើគាត់(ស៊ន សៀវម៉ី) គឺដើម្បីលើកទឹកចិត្តឲ្យគាត់ប្រឹងប្រែងប្រកួត កីឡាគ្មានសម្ពាធនោះទេ។ ប្រជាជន និងប្រជាជាតិពឹងលើគាត់ គាត់ត្រូវមានមោទកភាព ដូច្នេះគាត់ត្រូវប្រឹងឡើងដើម្បីដណ្តើមមេដាយជូនជាតិ។ អ្នកណាគិតថា ការដាក់ក្តីរំពឹង ជាការដាក់សម្ពាធខុសហើយ»។ ជាការលើកឡើងរបស់លោក ថោង ខុន ពេលដឹកនាំប្រតិភូកីឡាកម្ពុជាទៅចូលរួមប្រកួត Asian Games 2018 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ខាងលើរំពឹងថា កីឡា៣ប្រភេទរួមមានតេក្វាន់ដូ ដែលមានកីឡាការិនី ស៊ន សៀវម៉ី, ម៉ូតូទឹក និងជឺតជីស៊ូ នឹងដណ្តើមបានមេដាយមាសពីការប្រកួត។ ចំណែកកីឡាផ្សេងៗទៀត លោករំពឹងត្រឹមមេដាយប្រាក់ និងសំរឹទ្ធ តែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី១៧ សីហានេះ កីឡា៦ប្រភេទហើយបានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីរួមមាន តេក្វាន់ដូ, ហែលទឹក, គុនដាវ, ម៉ូតូទឹក, ចំបាប់ និងកាយសម្ព័ន្ធ។

សម្រាប់ព្រឹត្តិការណ៍ Asia Games 2018 ដែលរៀបចំនៅទីក្រុងប៉ាឡាំបាងនិងហ្សាការតាប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា កម្ពុជាបញ្ជូនកីឡាករកីឡាការិនីចំនួន៤៣នាក់លើ១៣ប្រភេទកីឡាចូលរួម។ ព្រឹត្តិការណ៍នេះ មាន៤៥ប្រទេសចូលរួម ដោយប្រកួតលើ៤០ប្រភេទកីឡា និងមាន៤៦៥វិញ្ញាសា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.