v9

FFC ដាក់ឲ្យស្ថានីយទូរទេស្សន៍ ដេញថ្លៃផ្សាយផ្ទាល់ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា លើកដំបូង

3 months ago​ | ដោយ V-Dara

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្កើតនូវវប្បធម៌ថ្មីមួយ គឺការដាក់ឲ្យស្ថានីយ៍ទូរទេស្សន៍ក្នុងស្រុកទាំងអស់ ធ្វើការដេញថ្លៃផ្សាយផ្ទាល់ ពីការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ជាលើកដំបូង ខណៈរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្ថានីយ៍ទូរទស្សបាយ័ន បានផ្សាយផ្ទាល់ផ្ទាច់មុខតែម្តង។

តាមសេចក្តីជូនដំណឹងរបស់ FFC មុននេះបន្តិច បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជូនដំណឹងដល់ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ឲ្យបានជ្រាប់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងដាក់ឲ្យមានការដេញថ្លៃ ដើម្បីទទួលបាននូវសិទ្ធិផ្សាយផ្ទាល់ (TV live) ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិផ្លូវការចំនួន៣ របស់ក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវធ្វើឡើង នាពេលខាងមុខនេះ។

មានការលើកឡើងផ្សេងៗគ្នា ជុំវិញការដាក់ឲ្យមានការដេញថ្លៃសិទ្ធិផ្សាយផ្ទាល់ ការប្រកួតមិត្តភាពអន្តរជាតិ របស់ក្រុមកម្ពុជា ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ទីម័រខាងកើត និងក្រុមសិង្ហបុរី នាពេលខាងមុខនេះ។ អ្នកខ្លះគិតថា ការដាក់ឲ្យមានការដេញថ្លៃនេះ ជាគំនិតដ៏ល្អមួយ ដែលធ្វើឲ្យមានការស្មើភាពគ្នារវាងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់ ដោយមិនលម្អៀងទៅលើតែស្ថានីយ៍ទូរទស្សន៍ មានខ្សែធំ។

ប៉ុន្តែមានមតិមួយចំនួនទៀត បានសម្តែងការបារម្ភផងដែរ ព្រោះការទាមទារឲ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក មានការបង់ប្រាក់ ជាថ្នូរនឹងការទទួលបានសិទ្ធិផ្សាយផ្ទាល់នេះ វាអាចនឹងធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកភាគច្រើន មានការអាក់អន់ចិត្ត និងឈប់អើពើលើការជួយផ្សាយផ្ទាល់បាល់ទាត់ ដោយសារតែប្រជាប្រិយភាពបាល់ទាត់នៅកម្ពុជានៅខ្សោយ ហើយស្ថានភាពរកប្រាក់ចំណូលតាមរយៈការផ្សាយផ្ទាល់នេះ ក៏នៅមានកម្រិតដូចគ្នា។

យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់យក ថ្ងៃទី១៦ ខែសីហា ខាងមុខនេះ ដើម្បីប្រជុំជាមួយបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់ ហើយនោះជាពេលវេលាដែលភាគី FFC និងតំណាងស្ថានីយ៍ទូរទស្សន៍ ត្រូវពិភាក្សាគ្នា និងជជែងគ្នារកចំណុចរួមមួយ ដើម្បីឲ្យប្រាកដថា តើការដេញថ្លៃផ្សាយផ្ទាល់នេះ ត្រូវដើរទៅតាមនីតិវិធី និងបែបបទណា?

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.