v9

ណាហ្គាវើល អាចបានផលចំណេញ ចំពោះជំនួបរវាង បឹងកេត និង វិសាខា ឯ ទ័ព រំពឹងឈ្នះ៣ពិន្ទុ

3 months ago​ | ដោយ V-Dara

ការវិលមកជួបគ្នារវាងក្រុមឈរនៅកំពូលតារាង បឹងកេត និងក្រុមកំពុងស្រេកឃ្លានការឈ្នះ វិសាខា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៧នេះ អាចនឹងជួយឲ្យក្រុមណាហ្គាវើល ទទួលបានផលចំណេញ រីឯក្រុមក្រសួងការពារជាតិ (ទ័ព) ដែលឈរនៅលេខ៤ ក៏មានរំពឹងឈ្នះបាន៣ពិន្ទុបន្ថែមផងដែរ។

ក្រុមបឹងកេត និងវិសាខា បានស្មើគ្នា ១-១ កាលពីជើងទី១ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នាលើកនេះ លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា មានការរំពឹងថា ក្រុមរបស់លោក អាចនឹងទទួលបានលទ្ធផលល្អប្រសើរជាងជំនួបក្នុងជើងទី១។ ផ្ទុយពីនេះ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត កំពុងមានការបារម្ភទៅលើបញ្ហារបួសកីឡាករ ចាន់ វឌ្ឍនាកា Gbenga និង ស្លេះ សេន ហើយកីឡាករខ្មែរមួយចំនួនទៀត ក៏មានការស្រុកកម្លាំង ដោយសារពួកគេទើបប្រកួតជាមួយណាហ្គាវើល ក្នុងពានសម្តេច ហ៊ុន សែន។

ជាមួយនឹងការប្រជែងគ្នាដ៏តានតឹងនេះ ណាហ្គាវើល អាចនឹងដណ្តើមយកលេខ១ពីក្រុមបឹងកេត បាន បើសិនជាបឹងកេត ភ្លាត់ទៅចាញ់ ឬស្មើក្រុមវិសាខា សម្រាប់ការប្រកួតលើកនេះ ព្រោះ ណាហ្គាវើល ត្រូវបានគេមើលឃើញថា នឹងឈ្នះបាន៣ពិន្ទុដោយគ្មានអ្វីត្រូវសង្ស័យឡើយ ដោយសារពួកគេ ត្រូវវិលទៅជួបក្រុមឈរនៅបាតតារាង វេស្ទើន ដែលពួកគេធ្លាប់លត់ ១០-១ កាលពីជើងទី១។

ដោយឡែក ក្រុមទ័ព បានបង្ហាញការជឿជាក់ថា អាចនឹងបន្តយកឈ្នះក្រុមសូលទីឡូអង្គរ បន្ថែមទៅលើការឈ្នះ ៣-១ ក្នុងជើងទី១។ បើទោះបីជាការប្រកួតលើកនេះ ទ័ព ត្រូវធ្វើដំណើរទៅលេងនៅទឹកដីខេត្តសៀមរាប ប៉ុន្តែលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា៖ «ការទៅជួបក្រុមសូលទីឡូអង្គរ នៅខេត្តសៀមរាប លើកនេះ វាដូចជាអត់មានបញ្ហាអ្វីនោះទេ ព្រោះការយកឈ្នះក្រុមស្វាយរៀង ក្នុងការប្រកួតពានសម្តេច កាលពីថ្ងៃពុធ វាធ្វើឲ្យក្រុមរបស់យើង កំពុងកម្លាំងចិត្តប្រកួត អ៊ីចឹងយើងសង្ឃឹមថា យើងនឹងបន្តឈ្នះបាន៣ពិន្ទុ»។

ចំណែកក្រុមស្វាយរៀង ត្រូវសងសឹកក្រុមអាស៊ីអឺរ៉ុប ដែលពួកគេបានចាញ់ ២-១ ក្នុងជើងទី១ នៅលើទឹកដីខ្លួនឯងវិញម្តង ខណៈក្រុមអង្គរថាយហ្គឺរ ក៏ត្រូវជម្រះបញ្ជីចាស់ជាមួយក្រុមប៉ូលិស ដែលពួកគេបានចាញ់ ២-១ ផងដែរ ហើយក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ដែលពួកគេធ្លាប់ស្មើ ០-០ កាលពីជើងទី១៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.