v9

គ្រូបឹងកេតថា ការចាញ់ណាហ្គាវើល ដោយបាល់ប៉េណាល់ទី វារឿងល្អសម្រាប់ក្រុម

1 month ago​ | ដោយ V-Dara

ក្រុមបឹងកេត មិនបានបង្ហាញការខូចចិត្ត ចំពោះការធ្លាក់ចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ត្រឹមវគ្គជម្រុះ៨ក្រុមនោះទេ ផ្ទុយទៅវិញគ្រូបង្វឹករបស់ក្រុមបឹងកេត បានចាត់ទុកការចាញ់ក្រុមណាហ្គាវើល ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ជារឿងល្អមួយទៅវិញទេ សម្រាប់ក្រុមទាំងមូល។

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុម បានប្រាប់នៅថ្ងៃព្រហស្បតិ៍ថា៖ «អារម្មណ៍របស់ក្រុមយើង វាដូចជាគ្មានបញ្ហាអ្វីនោះទេ ព្រោះយើងមិននឹកស្មានថា យើងបានមកដល់ដំណាក់កាលទាត់បាល់ប៉េណាល់ទី កាត់សេចក្តីនេះផង ដោយសារជើងទី១ យើងភ្លាត់ឲ្យគេនាំមុខយើង ២-០ ហើយនៅជើងទី២ តង់ទី១ នេះ យើងភ្លាត់ឲ្យគេនាំមុខ ១-០ ទៀត អ៊ីចឹងវាទៅជា ៣-០»។

លោកបានបន្តថា៖ «យើងបានប្រឹងប្រែង ទទួលបានលទ្ធផលល្អមកវិញ នៅតង់ទី២ រហូតដល់ប៉េណាល់ទី អ៊ីចឹងខ្ញុំគិតថា វាល្អសម្រាប់យើង ព្រោះយើងបានផ្គាប់ចិត្តទៅដល់ក្រុម និងអ្នកគាំទ្ររបស់យើង បើទោះបីជា យើងបានធ្លាក់ចេញពីការប្រកួតនេះក៏ដោយ»។

តាមរយៈការប្រកួតកាត់សេចក្តីជើងទី២ នៅពហុកីឡដ្ឋានជាតិ ក្រោមតំណក់ទឹកភ្លៀង កាលពីយប់ថ្ងៃពុធ ម្សិលមិញនោះ ខ្សែប្រយុទ្ធ សួង វិរៈ បានរកគ្រាប់បាល់ឲ្យក្រុមណាហ្គាវើល នៅនាទីទី១១ បន្ថែមទៅលើការឈ្នះ ២-០ ក្នុងជើងទី១ កន្លងមក។

ប៉ុន្តែនៅក្នុងតង់ទី២ លី មីហ្សាន រកបានគ្រាប់បាល់ទី១ឲ្យបឹងកេត នៅនាទីទី៥០ ហើយ ឃុន សេងចៃ បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៧៧ និង ស៊ុន សុវណ្ណរិទ្ធី រកបានគ្រាប់បាល់ទី៣ ឲ្យបឹងកេត នៅនាទីទីបន្ថែម ៩០+៣ ដើម្បីធ្វើឲ្យក្រុមទាំង២ មានគ្រាប់បាល់ស្មើគ្នា ៣-៣ ក្នុងការប្រកួតទាំង២ជើង។

ក្រុមណាហ្គាវើល និងបឹងកេត ឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ខណៈក្រុមទាំង២នេះ មិនអាចរកបានគ្រាប់បាល់បន្ថែមដូចគ្នា ក្នុងការប្រកួតនាទីបន្ថែម ១៥នាទី២ដងនោះ ហើយជាលទ្ធផល ណាហ្គាវើល បានយកឈ្នះក្រុមបឹងកេត ៣-២ ដោយក្នុងនោះ កីឡាករ ស៊ុន សុវណ្ណរិទ្ធី, ម៉ាត់ យ៉ាមីន និង កែ វណ្ណៈ សុទ្ធតែសុទ្ធបាល់មិនបានសម្រេចឲ្យបឹងកេត ខណៈ គួច ដានី ជាកីឡាករតែម្នាក់គត់របស់ណាហ្គាវើល ដែលស៊ុតបាល់មិនចូល។

ចំណែក លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល បានចាត់ទុកការយកឈ្នះក្រុមបឹងកេត ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីនេះ ជាជ័យជម្នះ ដែលទទួលបានយ៉ាងវេទនាបំផុត។ លោកបានសរសសេរសារ បង្ហោះលើផេចហ្វេសប៊ុករបស់ខ្លួន ក្រោយការប្រកួតថា៖ «ឲ្យតែយ៉ាងៗនេះចុះ មើលទៅរស់មិនបានយូរទេ មួយប្រកួតៗដូចជាកាត់អាយុខ្លួនឯង៥ឆ្នាំអ៊ីចឹង»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.