v9

ទ័ព និងអង្គរថាយហ្គឺរ សុទ្ធតែវាយបកគូប្រកួតបានសម្រេច ក្នុងជើងទី២ តែណាហ្គាវើល និងប៉ូលិស បន្តឈ្នះ

3 months ago​ | ដោយ V-Dara

ក្រុមក្រសួងការពារជាតិ (ទ័ព) និងអង្គរថាយហ្គឺរ សុទ្ធតែបានសម្រេចជោគជ័យ ក្នុងការវាយបកយកឈ្នះលើគូប្រកួត ក្នុងជើងទី២ វគ្គ៨ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែណាហ្គាវើល និងក្រុមប៉ូលិស សុទ្ធតែបន្តយកឈ្នះលើគូប្រកួត ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។

ក្រុមទ័ព បានចាញ់ក្រុមស្វាយរៀង ២-១ នៅលើទឹកដីខ្លួនឯង កាលពីជើងទី១ ប៉ុន្តែសម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រោមតំណក់ទឹកភ្លៀង កាលពីយប់មិញនេះ ក្រុមទ័ព បានវាយបកយកឈ្នះក្រុមស្វាយរៀង ២-១ វិញ ដើម្បីមានគ្រាប់បាល់ស្មើគ្នា ៣-៣ និងឈានដល់ការប្រកួតនាទីបន្ថែម១៥នាទី២ដង។

សម្រាប់ការប្រកួតនាទី៣០នាទីនេះ ក្រុមទ័ព និងស្វាយរៀង រកមិនបានគ្រាប់បាល់ដូចគ្នា ជាហេតុនាំឲ្យក្រុមទាំង២ ឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ហើយជាលទ្ធផល ក្រុមទ័ព បានឈ្នះ ៥-៤ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជ័យជម្នះនេះ វាក៏ជាការសងសឹកទៅលើក្រុមស្វាយរៀង ដែលបានទម្លាក់ពួកគេ ក្នុងវគ្គ៨ក្រុមនេះ កាលពីឆ្នាំ២០១៧ ផងដែរ។

ចំណែកក្រុមគ្រប់គ្រងដោយជប៉ុន អង្គរថាយហ្គឺរ បានស៊ុតទម្លុះសំណាញ់ទីក្រុមភ្នំពេញក្រោន បាន៣គ្រាប់ជាប់ៗគ្នា ដែលរកបានដោយកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ ២គ្រាប់ នៅនាទីទី៧ និងទី៥២ និង ពៅ ភារិទ្ធ នៅនាទីទី៩០ ដើម្បីលុបចោលការចាញ់ក្រុមភ្នំពេញក្រោន ៣-០ កាលពីជើងទី១ហើយលទ្ធផលនេះធ្វើឲ្យក្រុមទាំង២ ឈានដល់ការប្រកួតនាទីបន្ថែម ១៥នាទី២ដង។

នៅក្នុងការប្រកួត៣០នាទីនេះ កីឡាករវ័យក្មេង ស៊ិន កក្កដា បានរកគ្រាប់ឲ្យភ្នំពេញក្រោន នៅនាទីទី១១១ ប៉ុន្តែ ពៅ ភារិទ្ធ រកបាន១គ្រាប់វិញ នៅនាទីទីបន្ថែម១២០+៣ ដើម្បីធ្វើឲ្យក្រុមទាំង២មានគ្រាប់បាល់ស្មើគ្នា ៤-៤ ហើយនៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្រុមអង្គរថាយហ្គឺរ បានទម្លាក់ក្រុមភ្នំពេញក្រោន តាមរយៈការយកឈ្នះ ៤-៣។

ផ្ទុយពីនេះក្រុមណាហ្គាវើល បានបន្តយកក្រុមបឹងកេត ក្នុងការប្រកួតជើងទី២ ប៉ុន្តែវាជ័យជម្នះដែលកើតមានឡើងទាំងលំបាកបំផុត ព្រោះតាមរយៈការប្រកួតកាលពីយប់ម្សិលមិញនោះ បឹងកេត បានរវាយបកយកឈ្នះក្រុមណាហ្គាវើល ៣-១ វិញ ដើម្បីលុបចោលការចាញ់ណាហ្គាវើល ២-០ កាលពីជើងទី២។

ក្រុមទាំង២ បានឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ខណៈក្រុមទាំង២នេះ មិនអាចរកបានគ្រាប់បាល់បន្ថែមដូចគ្នា ក្នុងការប្រកួតនាទីបន្ថែម ១៥នាទី២ដងនោះ ហើយជាលទ្ធផលក្រុមណាហ្គាវើល បានយកឈ្នះក្រុមបឹងកេត ៣-២ ទាំងព្រលឹងចុងសក់ ដើម្បីបន្តដំណើរឡើងទៅកាន់វគ្គបន្ត។

យ៉ាងណាមិញ ក្រុមប៉ូលិស បានបន្តលត់ក្រុមម្ចាស់ផ្ទះសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ (U18កម្ពុជា) ៦-១ បន្ថែមទៅលើការឈ្នះ ៣-០ កាលពីជើងទី១។ ជាមួយលទ្ធផលនេះ ខ្សែប្រយុទ្ធ នួន បុរី រកបាន៣គ្រាប់ម្នាក់ឯង ហើយ សួន ចិន្តា, អ៊ុល រ៉ាវី និង ជ័យ ចិត្ត្រា រកបានម្នាក់១គ្រាប់ ចំណែក១គ្រាប់របស់ក្រុមU18កម្ពុជា រកបានដោយកីឡាករ ទៀត គីមហេង នៅនាទីទី៨២។

តាមរយៈលទ្ធផលនេះ ក្រុមប៉ូលិស ទ័ព ណាហ្គាវើល និងក្រុមអង្គរថាយហ្គឺរ ត្រូវឡើងទៅជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការចាប់ឆ្នោតវគ្គនេះ នឹងត្រូវធ្វើឡើង នៅថ្ងៃចន្ទ ទី១៣ ខែសីហា ខាងមុខនេះ ប៉ុន្តែក្រុមភ្នំពេញក្រោន បឹងកេត ព្រះខ័នរាជស្វាយរៀង និងក្រុមU18កម្ពុជា បានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.