v9

គ្រូទ័ព ថា ស្វាយរៀង អាចរវើរវាយជាងក្រុមលោក សម្រាប់ជំនួបកាត់សេចក្តី ល្ងាចនេះ

2 months ago​ | ដោយ V-Dara

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ (ទ័ព) លោក ភា សុភ័ក្ត្រា បានបញ្ចេញទស្សនៈបែបចាក់ដោតមួយ ទៅកាន់ក្រុមព្រះខ័នរាជស្វាយរៀង មុនពេលក្រុមទាំង២ ត្រូវប្រកួតកាត់សេចក្តី ជើងទី២ វគ្គ៨ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ នៅលើទឹកដីក្រុមស្វាយរៀង នាល្ងាចម៉ោង ៦:៣០ ថ្ងៃពុធនេះ។

បើទោះបីជា ក្រុមទ័ព បានចាញ់ក្រុមស្វាយរៀង ២-១ សម្រាប់ការប្រកួតជើងទី១ នៅលើទឹកដីខ្លួនឯង គឺកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃពុធ សប្តាហ៍មុន ប៉ុន្តែលោក ភា សុភ័ក្រ្តា បានលើកឡើងថា ការចាញ់នោះ ដោយសារក្រុមរបស់ខ្លួនសម្រេចទីមិនបានល្អ និងបានបង្កើតកំហុសនៅមុខទីខ្លួនឯងច្រើនពេក។

លោក ភា សុភ័ក្រ្តា បានប្រាប់ថា៖ «ការប្រកួតជើងទី១ យើងបានចាញ់គេ ប៉ុន្តែយើងលេងបានល្អជាងគេ គ្រាន់តែថា យើងអត់សម្រេចទីបាន ហើយយើងបានភ្លាត់ ដោយបង្កើតកំហុសនៅមុខទីច្រើន ប៉ុន្តែការប្រកួតជើងទី២នេះ យើងមានការប្រែប្រួល ហើយអ្វីដែលពិសេសនោះ គឺឆន្ទៈរបស់កីឡាករ ដោយពួកគាត់ បានស្នើសុំទៅក្លិប និងគ្រូបង្វឹក ឲ្យមានការហ្វឹកហាត់នៅថ្ងៃសម្រាកទៀត(ថ្ងៃអាទិត្យ)ទៀត អ៊ីចឹងយើងក៏បានធ្វើទៅតាមឆន្ទៈរបស់ពួកគាត់»។

ជាមួយគ្នានេះ លោក ភា សុភ័ក្រ្តា បាននិយាយបែបចាក់ដោតថា ការឈ្នះ ២-១ អាចនឹងធ្វើឲ្យក្រុមស្វាយរៀង មានភាពរវើរវាយសម្រាប់ការប្រកួតលើកនេះ។ លោកបានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតជើងទី២នេះ គ្មានអ្វីដែលធ្វើឲ្យយើងអស់សង្ឃឹមនោះទេ ព្រោះលទ្ធផល ២-១ ហ្នឹង មិនមែនយើងចាញ់គេ៣គ្រាប់ឯណា»។

លោកបានសង្កាត់ធ្ងន់ថា៖ «បើនិយាយពីចិត្តសាស្រ្តវិញ ក្រុមដែលនាំមុខគេ ២-១ ជាអ្នករវើរវាយទៅវិញទេ ដ្បិតអីការចាញ់ក្នុងជើងទី១ ធ្វើឲ្យកូនក្រុមរបស់ខ្ញុំ មានឆន្ទៈប្រកួតកាន់តែខ្លាំង ក្នុងជើងទី២នេះ ដោយយើងនឹងពង្រឹងការវាយលុក ដើម្បីបង្កើតឱកាស និងការសម្រេចទី។ យើងត្រូវប្រយុទ្ធរកឲ្យបាន១គ្រាប់មុនសិន ទើបយើងមានការប្រែប្រួលការលេងទៅលើផែនការរបស់យើងទៀត»។

យ៉ាងណាក៏ដោយ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក៏មានការជឿជាក់ទៅលើកូនក្រុមរបស់លោកដែរ។ លោកបានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សមាជិកក្រុមស្វាយរៀងទាំងអស់ រង់ចាំការប្រកួតនេះ ដើម្បីបង្ហាញសមត្ថភាព និងយកឱកាសឡើងទៅវគ្គបន្ដ។ វានឹងក្លាយជាប្រកួតពិបាកមួយសម្រាប់ក្រុមស្វាយរៀង ព្រោះទ័ព ជាក្រុមលេងសហការគ្នាបានល្អ ហេតុនេះលទ្ធផលពិតជា ពិបាកស្មានទុកមុន៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.