v9

កីឡាសីដក់ កំពុងប្រជែងរកជើងខ្លាំងថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨

7 days ago​ | ដោយ V-Dara

សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបើកការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯក ឆ្នាំ២០១៨ នៅវិមានពហុកីឡដ្ឋានជាតិ ដើម្បីស្វែងរកជើងខ្លាំង ទៅតាមវិញ្ញាសានីមួយៗ ហើយការប្រកួតនេះបានចាប់ផ្តើមតាំងពីថ្ងៃទី៦ ខែសីហា និងគ្រោងបញ្ចប់ នៅថ្ងៃសុក្រ ទី១០ ខែសីហា ខាងមុខនេះ។

កីឡាករចំនួន ១៣៤នាក់ និងកីឡាការិនី ៥៧នាក់ បានចូលរួម ក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯក ឆ្នាំ២០១៨នេះ ហើយអ្នកទាំងនេះ ប្រកួតតំណាងឲ្យក្លិបចំនួន១៤ ក្នុងនោះមានក្លិបខេត្តព្រះវិហារ ក្លិបបានលុង ក្លិបផ្សារដើមថ្កូវ ក្លិបស្រុកកណ្តាលស្ទឹង ក្លិបព្រះខ័នរាជ ក្លិបមជ្ឈមណ្ឌលខេមរៈភូមិន្ទ សម្ព័ន្ធសិប្បកម្មកំពង់លួង ក្លិបដេអិន ក្លិបអង្គការមិត្តសំឡាញ់ ក្លិបក្រសួងមហាផ្ទៃ ក្លិបយុវជនខេមរា ក្លិបក្រសួងការពារជាតិ ក្លិបអូឡាំពិក និងក្លិបវិទ្យាល័យទួលទំពូង។

អត្តពលិកតំណាងឲ្យក្លិបទាំង១៤ នេះ ត្រូវដាក់ឲ្យប្រកួតប្រជែង នៅលើវិញ្ញាសាប្រកួតជាក្រុមបុរស(៣នាក់ទល់៣នាក់) ប្រកួតគូបុរស ជាក្រុមនារី និងប្រកួតគូនារី។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការប្រកួតនេះ ការប្រកួតក្រុមបុរស ដែលមាន២០ក្រុម គឺក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៨ ត្រូវដាក់លេខនៅក្របខ័ណ្ឌក១ ដោយពួកគេត្រូវប្រកួតយកពានក១ នៅឆ្នាំនេះ រីឯអ្នកធ្លាក់ចំនួន១២ក្រុម ត្រូវប្រកួតជម្រុះយកពានក២ នៅឆ្នាំនេះ។

ចំណែកការប្រកួតគូបុរស គឺក្រុមដែលបានឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅឆ្នាំ នេះ ត្រូវចាត់ចូលក្នុងក្របខណ្ឌក១ដែរ ប៉ុន្តែការប្រកួតផ្នែកនារីទាំងវិញ្ញាសាជាក្រុម និងគូ គឺមិនមានបែងចែកជាក្របខណ្ឌក១ ឬក២នោះទេ។

តាមរយៈការប្រកួត២ថ្ងៃនេះ បានរកឃើញក្រុមទាំង៨ ដែលត្រូវឡើងទៅលេងនៅក្របខ័ណ្ឌក១ហើយ ក្នុងនោះមានក្រុមដេអិន(១) ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ ដេអិន(២) ក្រសួងការពារជាតិ ដេអិន(៣) មជ្ឈមណ្ឌលខេមរៈភូមិន្ទ និងក្រុមយុវជនខេមរា។ រីឯក្រុមចំនួន១២ទៀតមានក្រុមទួលទំពូង(១) ដេអិន(១) ខេត្តកណ្តាល ផ្សារដើមថ្កូវ(១) កំពង់លួង ផ្សារដើមថ្កូវ(២) បានលុង ផ្សារដើមថ្លូវ(៣) ទួលទំពូង(២) ផ្សារដើមថ្លូវ(៤) បានលុង(២) និងក្រុមអង្គការមិត្តសំឡាញ់៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.