v9

វគ្គ ៨ក្រុមថ្នាក់ជាតិ ពាន ហ៊ុន សែន ប្រកួតកាត់សេចក្តីរកក្រុមខ្លាំង ឡើងទៅវគ្គបន្ត នៅថ្ងៃពុធនេះ

2 months ago​ | ដោយ V-Dara

ការប្រកួតវគ្គ៨ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នឹងត្រូវប្រកួតកាត់សេចក្តីជើងទី២ រកក្រុមឈ្នះទាំង៤ ឡើងទៅកាន់ការប្រកួទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរសៀល និងល្ងាចថ្ងៃពុធនេះ។

តាមរយៈលទ្ធផលការប្រកួតជើងទី១ កាលពីថ្ងៃពុធ សប្តាហ៍មុន ក្រុមភ្នំពេញក្រោន និងក្រុមប៉ូលិស សុទ្ធតែបានយកឈ្នះលើគូប្រកួត ៣-០ ដូចគ្នា ហេតុនេះពួកគេមានភាគរយខ្ពស់បំផុត ក្នុងការបន្តយកឈ្នះលើក្រុមអង្គរថាយហ្គឺរ និងក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ (U18កម្ពុជា) សម្រាប់ការប្រកួតកាត់សេចក្តីក្នុងជើងទី២នេះ។

ក្រុមភ្នំពេញក្រោន ត្រូវស្វាគមន៍ក្រុមអង្គរថាយហ្គឺរ នៅលើកីឡដ្ឋាន RSN របស់ខ្លួនវិញ ហេតុនេះ ភ្នំពេញក្រោន អាចនឹងរកបានគ្រាប់បាល់បន្ថែមទៀត។ ចំណែកក្រុមU18កម្ពុជា ត្រូវទទួលស្វាគមន៍ក្រុមប៉ូលិស នៅលើទឹកដីរបស់ខ្លួនវិញ ប៉ុន្តែក្រុមមួយនេះ ពិបាកបំផុត ក្នុងការរកគ្រាប់បាល់ ដើម្បីលុបបំបាត់ការចាញ់ក្រុមប៉ូលិស ៣-០ ក្នុងជើងទី១ ព្រោះក្រុមប៉ូលិស មានទម្រង់លេងល្អ និងមានបទពិសោធប្រកួតច្រើនជាង។

ជាមួយគ្នានេះក្រុមណាហ្គាវើល ក៏មានភាគរយខ្ពស់ ក្នុងការទទួលបានឱកាសឡើងទៅវគ្គបន្តផងដែរ ព្រោះជើងទី១ ពួកគេបានឈ្នះក្រុមបឹងកេត ២-០ ប៉ុន្តែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល មិនទាន់ហ៊ានកំណត់ពីជោគវាសនាក្រុមនៅឡើយទេ ដោយលោកបានប្រាប់ថា លុះត្រាការប្រកួតជើងទី២នេះ បានបញ្ចប់ ទើបដឹងច្បាស់ថា ក្រុមណា បានឡើងទៅប្រកួតនៅវគ្គបន្ត។

យ៉ាងណាក៏ដោយ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានបង្ហាញការអស់សង្ឃឹមចំពោះការជួបក្រុមណាហ្គាវើល ក្នុងជើងទី២នេះ។ លោកបាននិយាយថា៖ «យើងនៅមានឱកាសតិចណាស់ ក្នុងការវាយបក ព្រោះយើងមិនងាយ នឹងរកបាន២គ្រាប់វិញ សម្រាប់ការប្រកួតជើងទី២នេះទេ ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព»។

ដោយឡែកការវិលមកជួបគ្នារវាងក្រុមក្រសួងការពារជាតិ (ទ័ព) និងក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត។ បើទោះបីជា បើទោះបីជា ទ័ព បានចាញ់ក្រុមស្វាយរៀង ២-១ ក្នុងទឹកដីខ្លួនឯង ប៉ុន្តែនៅពេលនេះក្រុមទ័ព បានបង្ហាញនូវឆន្ទៈប្រកួតយ៉ាងមុតមាំបំផុត ហើយពួកគេបានកំណត់ថា ត្រូវរកគ្រាប់បាល់ឲ្យបានមុនក្រុមស្វាយរៀង ដើម្បីលុបចោលនៅការចាញ់ប្រៀប ចំពោះការចាញ់ ២-១ ក្នុងជើងទី១៕

កម្មវិធីប្រកួតជើងទី១ វគ្គ៨ក្រុម ទាំង៤គូ នៅថ្ងៃពុធនេះ
-ក្រុមU18កម្ពុជា v ក្រុមប៉ូលិស នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី ម៉ោង ៣:៣០ រសៀល
-ក្រុមភ្នំពេញក្រោន v ក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋាន RSN ម៉ោង ១៨:៣០ ល្ងាច
-ក្រុមបឹងកេត v ក្រុមណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ ម៉ោង ១៨:៣០ ល្ងាច
-ក្រុមស្វាយរៀង v ក្រុមទ័ព នៅកីឡដ្ឋានខេត្តស្វាយរៀង ម៉ោង ១៨:៣០ ល្ងាច

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.