v9

ក្រុមប្រតិភូកីឡាកម្ពុជា ទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេច មុនទៅប្រកួតកីឡាអាស៊ី

3 months ago​ | ដោយ V-Dara

ក្រុមប្រតិភូកីឡាកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (Asian Games 2018) នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ បានទទួលប្រាក់រង្វាន់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រប់ៗគ្នា កាលពីព្រឹកមិញនេះ។

នៅក្នុងពិធីសំណេះសំណាល ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃចន្ទនេះ ប្រតិភូកីឡាកម្ពុជា មានថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពី១៣ប្រភេទកីឡា សរុប៧១នាក់ បានទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីលោក ហ៊ុន សែន ក្នុងម្នាក់ៗចំនួន៥០០ដុល្លារដូចគ្នា។

យ៉ាងណាក៏ដោយ នៅក្នុងពិធីសំណេះសំណាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឲ្យកីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្ពុជា ត្រូវប្រកាន់ភ្ជាប់ឲ្យបានម៉ត់ចត់ចំពោះបទបញ្ជា និងគោលការណ៍នៃការប្រកួត។ ទោះបីជាឈ្នះក្តី ចាញ់ក្តី ប៉ុន្តែត្រូវគោរពបទបញ្ជា និងគោលការណ៍ប្រកួតឲ្យបានត្រឹមត្រូវ។

លោកនាយករដ្ឋមន្រ្តី ក៏បានហាមក្រុមអត្តពលិកកម្ពុជា ឲ្យជៀសឆ្ងាយពីការប្រើប្រាស់សារធាតុហាមឃាត់ មុនពេល ក្នុងពេល និងក្រោយពេលប្រកួត។ លោកបានថ្លែងថា កីឡាករ កីឡាការិនីកម្ពុជាដាច់ខាតត្រូវជៀសវាងឲ្យបាន១០០ភាគរយ ពីការប្រើប្រាស់សារធាតុហាមឃាត់ ពីព្រោះនេះជាចំណុចដ៏សំខាន់បំផុតសម្រាប់មុខមាត់ប្រទេសជាតិ។

គួរបញ្ជាក់ថា ប្រភេទកីឡាទាំង១៣ ដែលត្រូវទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ មានកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង ហើយសម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៧ នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ជាប្រវត្តិសាស្រ្តឲ្យកម្ពុជា បន្ទាប់ពីកម្ពុជា បានរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមក៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.