v9

មកស្គាល់កីឡាករអ្នកចាំទីឆ្នើមទាំង១០ លើពិភពលោកនាពេលបច្ចុប្បន្ននេះ

4 months ago​ | ដោយ V-Dara

FourFourTwo គឺជាឈ្មោះទស្សនាវដ្ដីកីឡាល្បីឈ្មោះ បានជ្រើសរើស និងចាត់ទុកអ្នកចាំទីអ្នកចាំទីល្អដែលបំផុតទាំង១០ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ពោលគឺមានតែបីនាក់ប៉ុណ្ណោះក្នុងចំណោម ១០នាក់ខាងក្រោមនេះមិនបានបង្ហាញខ្លួនលេងនៅ ព្រឹត្តការណ៏ World Cup ២០១៨ នៅក្នុងប្រទេសរុស្ស៊ី សម្រាប់ប្រទេសរបស់ពួកគេក្រោយពីមិនអាចឆ្លងកាត់វគ្គជម្រុះក្នុងទ្វីបបាន។

យ៉ាងណាមិញសម្រាប់កីឡាករឆ្នើមទាំង ១០រូបនេះគឺពួកគេបានរួមចំណែកជួយក្លឹបបានច្រើន ពិសេសគឺក្រុមជម្រើសជាតិតែម្តង។

ខាងក្រោមនេះគឺជាកីឡាករអ្នកចាំទីឆ្នើមទាំង ១០រូប ដែលត្រូវបានទស្សនាវដ្តី FourFourTwo បានជ្រើសរើសឡើង

១.Samir Handanovic

អតីតកីឡាករក្រុម Udinese បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំហើយ រូបគេមានដើមកំណើតចេញពីប្រទេសយូហ្គូស្លាវី បច្ចុប្បន្នកំពុងលេងអោយក្រុម Inter Milan។ Handonovic មិនបានចូលរួមក្នុងព្រឹត្តការណ៏ World Cup ២០១៨ កាលពីពេលថ្មីៗនេះទេ ក្រោយពេលដែលក្រុមយូហ្គូស្លាវីមិនមានកៅអីក្នុងចំណោមក្រុមទំាង៣២ ក្រុម។

២.Hugo Lloris

Lloris ទើបតែបានជួយក្រុមជម្រើសជាតិបារាំងលើកពាន World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្រ្ត បច្ចុប្បន្នរូបគេ មានវ័យ ៣២ឆ្នាំហើយ និងកំពុងលេងអោយក្រុមមាន់ខ្នាយមាស Tottenham Hot Spur ៦រដូវកាលនៅក្របខណ្ឌកំពូលអង់គ្លេស ក្រោយពីបានផ្ទេរចេញពីក្រុម Lyon នៅឆ្នាំ២០១២។

៣.Manuel Neuer

Neuer បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ និងជាកីឡាករកំពុងលេងអោយក្រុម​ Bayern Munich អតីតកីឡាក្រុម Schalkeo4 រូបនេះ បានបង្ហាញទម្រង់លេងល្អបំផុតនៅព្រឹត្តការណ៏ World Cup ២០១៤ និងជួយក្រុម Bayern Munich លើកពាន Bundesliga ៦ដង និងពានរង្វាន់Champion League ១ដង ប៉ុន្តែសម្រាប់ព្រឹត្តការណ៏ World Cup ២០១៨ នេះបានត្រឹមជួយក្រុមឥន្រ្តីយ៏ដែកអាឡឺម៉ង់បញ្ចប់ត្រឹមវគ្គចែកពូលប៉ុណ្ណោះ។

៤.Ederson

Ederson មានឈ្មោះពេញ Ederson Moraes បានជួយអោយក្រុម Man.City លើកពាន Premier League ជាលើកទី៣ ក្នុងប្រវត្តិសាស្រ្តរបស់ក្រុមមេឃខៀវ នៅរដូវកាល(២០១៧-២០១៨)កន្លងទៅនេះព្រមជាមួយ និងពាន EFL Cup។ ស្ថិតនៅក្នុងវ័យ ២៤ឆ្នាំ អតីតកីឡាករក្រុម Benfica រូបនេះធ្លាប់បានជួយក្រុមលើកពានលីកកំពូលព័រទុយហ្គាល់ Primeira Liga នៅរដូវកាល ២០១៥-២០១៦ និង ២០១៦-២០១៧ផងដែរ។

៥. Gianluigi Buffon

អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលីវ័យឈានដល់ ៤០ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញស្នាដៃ និងជួយក្រុមជម្រើសជាតិ ព្រមទាំងក្រុម Juventus ផងដែរ។ នៅឆ្នាំ២០០៦ Buffon បានជួយក្រុមអសូរីអ៊ីតាលីលើកពាន Word Cup ក្រោយផ្តួល ក្រុមបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមស្រ្តីជរា Juventus កីឡាកររូបនេះ បានជួយក្រុមលើកពាន SerieA រយៈពេល ៧ឆ្នាំចុងក្រោយជាប់គ្នាផងដែរ។ បច្ចុប្បន្ន Buffon បានផ្ទេរមកចូលរួមជាមួយក្រុម PSG ដោយគ្មានតម្លៃខ្លួន ក្រោយរួមរស់ជាមួយក្រុម Juventus​ អស់រយៈពេល ១៧ឆ្នាំ។

៦.Alisson Becker

កីឡាករចំណូលថ្មីរបស់ក្រុមហង្សក្រហម Liverpool រូបនេះ ជាប់ឯកទគ្គកម្មអ្នកចាំទីតម្លៃខ្លួនថ្លៃបំផុតលើពិភព លោកក្រោយផ្លាស់មកកីឡាដ្ឋាន Anfield។ ស្ថិតនៅក្នុងវ័យ ២៥ឆ្នាំរូបគេធ្លាប់បានបង្ហាញទម្រង់លេងបានល្អជាមួយក្រុម Roma នៅក្របខណ្ឌ Champion League រដូវកាលមុន ក្រោយផ្ទេរពីក្រុមនៅស្រុកកំណើតគឺក្រុម Internacional។

៧. Marc-Andre Ter Stegen

Stegenមានវ័យ ២៦ឆ្នាំបានក្លាយជាអ្នកចាំទីដៃទី១ របស់ក្រុមអ្នកមានបុណ្យ Barlceona ក្រោយការចាកចេញ របស់កីឡាករអ្នកចាំទី Claudio Bravo ទៅកាន់ក្លឹប Man.City។ កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះបានបំពេញតួនាទីល្អបំផុតគឺបានជួយក្រុមលើកពាន La Liga រដូវកាលចាស់ និងពានរង្វាន់ Copa Del Rey ផងដែរ។

៨.Thibaut Courtois

អ្នកចាំទីមានវ័យ ២៤ឆ្នាំរូបនេះកំពុងស្ថិតលើផ្លូវយ៉ាងប្រកៀកក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុម Real Madrid នៅរដូវកាលថ្មីនេះ។ Courtois ធ្លាប់លេងក្នុងលក្ខណ្ឌខ្ចីជើងអោយក្រុម At.Madrid លើកពាន La Liga នៅរដូវកាល (២០១៣-២០១៤) និងពានរង្វាន់ Europa League នៅរដូវកាល(២០១១-២០១២)។ Coutois បានវិលត្រលប់មកលេងអោយក្រុមចាស់វិញគឺតោខៀវ Chelsea នៅឆ្នាំ២០១៤ និងបានជួយក្រុមលើកពាន Premier League ២ដងផង ព្រមទាំងកាលពីពេលថ្មីៗនេះកីឡាករមានកម្ពស់ ១.៩៩រូបនេះ បានជួយក្រុមជម្រើសជាតិបែលហ្សិកជាប់ចំណាត់ថ្នាក់ទី៣ World Cup ២០១៨ផងដែរ។

៩.David de Gea

De Gea អ្នកចាំទីក្រុមជម្រើសជាតិអេស្បាញរូបនេះត្រូវបានលោក Sir Alex Ferguson ទិញពីក្រុម At.Madrid មករួមក្រុមនៅឆ្នាំ២០១១។ ក្រោយមកដល់កីឡាដ្ឋាន Old Trafford កីឡាករវ័យ ២៧ឆ្នាំរូបនេះបានជួយក្រុមលើកពាន Premier League នៅរដូវកាល(២០១២-២០១៣)ជាឆ្នាំដែលលោក Ferguson ចូលនិវត្តន៏ និងបានជួយក្រុមលើកពាន Europa League នៅរដូវកាល ២០១៦-២០១៧ក្នុងរជ្ជកាលលោកJose Mourinho ដឹកនាំ។ទោះបីជាបែបនេះក្តីDe Gea មិនអាចជួយក្រុមជម្រើសជាតិអេស្បាញបានទទួលជោគជ័យជាផ្លែផ្កានៅព្រឹត្តការណ៏World Cup ២០១៨នៅប្រទេសរុស្សីនោះទេ ដោយត្រូវហាលអាវវិលត្រលប់ទៅផ្ទះវិញក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ នៅវគ្គ ១៦ក្រុមចុងក្រោយ។

១០. Jan Oblak
អ្នកចាំទីវ័យ ២៥ឆ្នាំរបស់ក្រុម At.Madrid រូបនេះ មិនបានបង្ហាញវត្តមាននៅ World Cup ២០១៨ នេះទេ ក្រោយពេលដែលក្រុមជម្រើសជាតិស្លូវើនៀរបស់ខ្លួនមិនមានកៅអីទៅលេង។ ប៉ុន្តែសម្រាប់ក្រុមបាល់ទាត់អាជីពវិញ កីឡាករដ៏មានទេពកោសល្យរូបនេះបានជួយក្រុមជោគជ័យជាច្រើនមានដូចជាធ្លាប់បានជួយ ក្រុម Benfica លើកពានកំពូលព័រទុយហ្គាល់ Primeira Liga(២០១៣-២០១៤) និងបន្តមកទៀតគឺពាន Europa League ជាមួយក្រុម At.Madrid កាលពីរដូវកាលមុន។ Oblak បានឈ្នះពានផ្ទាល់ខ្លួនជាច្រើនក្នុងនាមកីឡាករអ្នកចាំទីល្អបំផុតនៅតំបន់អឺរ៉ុប។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.