v9

ស្ងាត់ៗ កីឡាការិនីស្រស់សោភា ហែម ថុនវិទីនី ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុន TYR ប្រចាំនៅកម្ពុជា

2 months ago​ | ដោយ V-Dara

កីឡាការិនីហែលទឹកស្រស់សោភា ហែមថុន វិទីនី ដែលជាចៅបង្កើតរបស់ព្រឹទ្ធាចារ្យ ហែម ថុន បានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុននាំចូលសម្ភារកីឡាហែលទឹកដ៏ល្បីមកពីអាមេរិកឈ្មោះ TYR ប្រចាំនៅកម្ពុជា។

ជាមួយនឹងការទទួលបានឱកាសធ្វើជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន TYR នេះ ហែម ថុនវិទីនី បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះសម្ភារកីឡាហែលទឹករបស់ TYR ដែលនាំចូលមកពីអាមេរិកទាំងនេះ គឺជាម៉ាក់ ឬប្រេន ដែលកញ្ញាចូលចិត្តប្រើប្រាស់ ក្នុងការហ្វឹកហាត់ និងពេលប្រកួតតែម្តង។

ហែម ថុនវិទីនី បានសរសេរនៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖ «នាងខ្ញុំពិតជាសប្បាយរីករាយបំផុត ដែលនាងខ្ញុំ បានក្លាយខ្លួនជាទូតសុច្ឆន្ទៈតំណាងឲ្យក្រុមហ៊ុន TYR គឺជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេ បង្អស់នាំចូលគ្រប់សម្ភារហែលទឹក មកកាន់ប្រទេសកម្ពុជា ហើយក៏ជាប្រេនដែលនាងខ្ញុំពេញចិត្តប្រើប្រាស់បំផុត សម្រាប់ការហ្វឹកហាត់ និងប្រកួត»។

គួររំឭកថា ហែម ថុនវិទីនី ជាកីឡាការិនីហែលទឹករបស់កម្ពុជា ដែលទទួលបានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិច្រើនជាងគេ។ បើទោះបីជា វិទីនី មិនធ្លាប់ដណ្តើមបានមេដាយឲ្យកម្ពុជា ប៉ុន្តែសម្រស់ដ៏ស្រស់សោភារបស់កញ្ញា ក៏បានទាក់ទាញឲ្យប្រទេសផ្សេងៗ ស្គាល់ពីក្រុមកីឡាហែលទឹករបស់កម្ពុជាជាច្រើនផង។ បន្ថែមលើនេះ អ្នកជំនាន់ក្រោយ នៅតែមិនទាន់អាចយកឈ្នះ វិទីនី ក្នុងការប្រកួតក្នុងស្រុកដដែល៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.