v9

ទោះបន្តសន្លប់ក្រោមផ្លែកែង ឡៅ ចន្ទ្រា ប៉ុន្តែ Rong Napha ថា បើជួបលើកក្រោយអាចមានក្បាច់ថ្មី

3 weeks ago​ | ដោយ V-Dara

នៅទីបំផុតអ្នកប្រយុទ្ធវ័យក្មេងរបស់ថៃ Rong Napha បានរងគ្រោះកាន់តែធ្ងន់ ក្រោមផ្លែកែងរបស់ជើងខ្លាំង ឡៅ ចន្ទ្រា ដោយរូបគេ បានសន្លប់ត្រឹមទឹកទី៣ សម្រាប់ការវិលមកជួប ចន្ទ្រា ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមប្រាក់លាន ក្នុងទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀន CNC កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែថៃម្នាក់នេះ បានអះអាងថា រូបគេអាចនឹងមានក្បាច់ថ្មី បើសិនជាបានជួប ឡៅ ចន្ទ្រា លើកក្រោយ។

កីឡាករវ័យ២៤ Rong Napha បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំបានជួប ឡៅ ចន្ទ្រា ៣ដងហើយ តែមិនធ្លាប់ឈ្នះគាត់ម្តងណាសោះ។ ខ្ញុំចង់ឈ្នះគាត់ខ្លាំងណាស់ ហើយបើសិនបានជួបគ្នាម្តងទៀត ខ្ញុំអាចមានក្បាច់ថ្មីល្អជាងនេះ ព្រោះការជួបគ្នា៣ដងនេះ អាចនឹងធ្វើឲ្យខ្ញុំ មានភាពរឹងមាំជាងមុន»។

នៅក្នុងការប្រកួតដណ្តើមប្រាក់លាននេះ Rong Napha បានបន្តយកឈ្នះកីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី ដោយពិន្ទុ ហើយក្នុងការប្រកួតជម្រុះ ដែលមានត្រឹម៣ទឹកនោះ Napha ក៏បានវាយកែងបណ្តាលឲ្យ ពុទ្ធ ឆាយរិទ្ធី ហើមភ្នែកម្ចាងផងដែរ ខណៈ ឡៅ ចន្ទ្រា បានបន្តយកឈ្នះលើជើងខ្លាំងរបស់ថៃ Noeng Trakarn ដោយពិន្ទុមិនឯកចន្ទ គឺ៤ទល់១។

សម្រាប់ការឡើងមកជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើឡើង ក្នុងថ្ងៃតែមួយ កាលពីយប់ថ្ងៃសៅរ៍នោះ Rong Napha ត្រូវបាន ឡៅ ចន្ទ្រា ម៉ាត់ស្តាំចំមុខ បណ្តាលឲ្យដួល និងត្រូវបានអាជ្ញាកណ្តាលរាប់នៅទឹកទី២ ចំណែកនៅទឹកទី៣ ចន្ទ្រា បានបុកជង្គង់ចូលពេញៗ ហើយនៅពេល Rong Napha ព្យាយាមចូលដោយខ្វះការប្រុងប្រយ័ត្ននោះ ចន្ទ្រា បានបុកកែងស្តាំចូលមុខ បណ្តាលឲ្យ Napha ដួលសន្លប់ធំតែម្តង។

កីឡាករថៃ Rong Napha បានសរសើរពីភាពរឹងមាំរបស់ ឡៅ ចន្ទ្រា ពិសេសកណ្តាប់ដៃ និងកែងរបស់ ចន្ទ្រា ហើយការលើកឡើងបែបនេះ ក៏ព្រោះតែ Rong Napha ធ្លាប់បានសន្លប់ធំ ក្រោមផ្លែកែងរបស់ ឡៅ ចន្ទ្រា ចំនួន២លើកទាំងលើកនេះហើយ គឺលើកទី១គេបានសន្លប់ក្នុងទឹកទី៤ ពេលជួប ចន្ទ្រា ក្នុងការប្រកួតដណ្តើមពានអន្តរជាតិ ISI Palm ទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀន CNC កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ហើយការឡើងមកជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Rong Napha បានចាញ់ពិន្ទុ ឡៅ ចន្ទ្រា ម្តងទៀត។

យ៉ាងណាក៏ដោយ ឡៅ ចន្ទ្រា ក៏បានសេរសើរពីចំណុចល្អរបស់កីឡាករ មានកម្ពស់១,៧០ម៉ែត្រ ធ្លាប់ប្រកួតបាន១៣៨ដង ឈ្នះ១០៥ ចាញ់២៨ និងស្មើ៥ដង Rong Napha ផងដែរ។ ចន្ទ្រា បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំចង់វ៉ៃតាមដំណើរ តែដោយសារគាត់ចង់ចូលប្តូរជាមួយយើង យើងក៏ប្តូរវិញ ព្រោះម្នាក់១ក្បាច់ទេ គឺកីឡាតែងតែបែបនេះ។ ប៉ុន្តែគាត់ល្អទាំងក្បាច់ និងឡាំ ហើយវ៉ៃប្រយោលក៏បាន កៀកក៏បាន»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.