v9

ឡៅ ចន្ទ្រា និង ពុទ្ធ ឆាយរិទ្ធី ត្រូវជួបជើងខ្លាំងថៃ ជាគូសត្រូវចាស់ ក្នុងការប្រកួតដណ្តើមប្រាក់លាន

5 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា និង ពុទ្ធ ឆាយរិទ្ធី ត្រូវបានអ្នករៀបចំការប្រកួតនៅសង្វៀន CNC ដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ជាមួយជើងខ្លាំងរបស់ថៃដែលជាគូសត្រូវចាស់របស់ពួកគេ គឺ Noeng Trakarn និង Rong Napha នាព្រលប់ថ្ងៃសៅរ៍ ខាងមុខនេះ។

ការវិលមកជួបគ្នារវាងអ្នកទាំង ៤នេះ បានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុត ព្រោះឡៅ ចន្ទ្រា, ពុទ្ធ ឆាយរិទ្ធី Rong Napha និង Noeng Trakarn ធ្លាប់បានជួបគ្នារួចមកហើយ ក្នុងការប្រកួតដណ្តើមពានអន្តរជាតិ ISI Palm នៅលើសង្វៀន CNC នេះ ដែលបានចាប់ផ្តើមពីខែកុម្ភៈ និងបានបញ្ចប់នៅចុងខែមេសា ឆ្នាំ២០១៨ ហើយនៅក្នុងការប្រកួតនោះ ឡៅ ចន្ទ្រា ជាអ្នកឈ្នះបានពាន ក្រោយរូបគេបានយកឈ្នះពិន្ទុ ពុទ្ធ ឆាយរិទ្ធី នៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែកការប្រកួតម៉ារ៉ាតុង លើកនេះ ជើងខ្លាំង ឡៅ ចន្ទ្រា របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវជួបជើងខ្លាំងរបស់ថៃ Noeng Trakarn ឯ ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីខណ្ឌពោធិសែនជ័យ ត្រូវប្រឈមជាមួយ Rong Napha ហើយអ្នកឈ្នះក្នុងការប្រកួតត្រឹម៣ទឹកនោះ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកប្រាក់លានចំនួន៤លានរៀល។
ជើងខ្លាំង ឡៅ ចន្ទ្រា ក៏ធ្លាប់បានចាញ់ Noeng Trakarn សម្រាប់ការប្រកួតនៅលើសង្វៀន CNC នេះកន្លងមកដែរ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នា ក្នុងការប្រកួតដណ្តើមពានអន្តរជាតិ ISI Palm កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ឡៅ ចន្ទ្រា បានយកឈ្នះថៃម្នាក់នេះដោយពិន្ទុ ក្នុងវគ្គវិលជុំសន្សំពិន្ទុ។

ផ្ទុយពីនេះ ពុទ្ធ ឆាយរិទ្ធី ធ្លាប់បានចាញ់ពិន្ទុ អ្នកប្រដាល់ថៃ Rong Napha សម្រាប់ការប្រកួត វិលជុំ ក្នុងពាន ISI Palm នោះ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែសម្រាប់ការវិលជួបគ្នាលើកនេះ គេនៅមិនទាន់ដឹងថា Rong Napha ឬ ពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះ ដើម្បីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះទេ។

យ៉ាងណាក៏ដោយរវាងអ្នកទាំង៤នេះ អ្នកទស្សនាភាគច្រើម បានផ្តល់ការជឿជាក់ខ្លាំងទៅលើ ឡៅ ចន្ទ្រា គឺគេអាចមានភាគរយច្រើនជាងគេ ក្នុងការឈ្នះប្រាក់លានលើកនេះ ព្រោះទាំង ពុទ្ធ ឆាយរិទ្ធី Rong Napha និង Noeng Trakarn សុទ្ធតែធ្លាប់បានចាញ់ ឡៅ ចន្ទ្រា ទាំងអស់ ពិសេស Rong Napha ធ្លាប់ចាញ់ ចន្ទ្រា ២ដង គឺសន្លប់ទឹកទី៤ ក្នុងជំនួបវិលជុំ និងបានចាញ់ពិន្ទុ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែក ពុទ្ធ ឆាយរិទ្ធី ធ្លាប់បានចាញ់ Noeng Trakarn នៅវគ្គវិលជុំ ប៉ុន្តែបានឈ្នះជើងខ្លាំងថៃនេះវិញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺមិនពេលរូបគេទៅចាញ់ ឡៅ ចន្ទ្រា នៅវគ្គផ្តាច់ព្រ័ត្រ ដោយបានត្រឹមចំណាត់ថ្នាក់លេខ២ ប៉ុន្តែ ពុទ្ធ ឆាយរិទ្ធី ហាក់មិនអស់ចិត្តចំពោះការចាញ់ ចន្ទ្រា នោះទេ ដោយសាររូបគេ វ៉ៃទាំងមានរបួសស្មងជើង ហេតុនេះ ពុទ្ធ ឆាយរិទ្ធី ក៏ចង់ជម្រះបញ្ជីចាស់ជាមួយ ឡៅ ចន្ទ្រា ម្តងទៀតដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.