v9

តារាឆ្នើមបារាំង Mbappe នឹងផ្តល់ប្រាក់បានពី World Cup ៥០ម៉ឺនដុល្លារទៅអង្គការសប្បុរសធម៌

5 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិបារាំង Kylian Mbappe នឹងផ្តល់ប្រាក់ទាំងមូលដែលខ្លួនបានពីព្រឹត្តិការណ៍ World Cup ទៅឲ្យអង្គការសប្បុរសធម៌ដែលរៀបចំព្រឹត្តិការណ៍នានា សម្រាប់ក្មេងៗដែលពិការ។ នេះបើយោងទៅតាមប្រភពព័ត៌មាននានាពីប្រទេសបារាំង។

ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានទទួលប្រាក់ចំនួន ២២៣០០ដុល្លារអាមេរិកក្នុងមួយប្រកួតក្នុងយុទ្ធនាការ World Cup និងប្រាក់រង្វាន់បន្ថែម ៣៥០០០០ដុល្លារទៀតសម្រាប់ការជួយឲ្យប្រទេសរបស់គេលើកពាន World Cup កាលពីថ្ងៃអាទិត្យ។ ការបង្ហាញខ្លួនចំនួន ៧ប្រកួតរបស់គេក្នុងយុទ្ធនាការដែលមានរយៈពេល ១ខែពេញ មានន័យថា ចំណូលសរុបរបស់គេត្រឹមតែជាង ៥០០០០០ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលរូបគេមានគម្រោងផ្តល់ប្រាក់ទាំងអស់នេះទៅឲ្យអង្គការ Premiers de Cordee ដែលរៀបចំព្រឹត្តិការណ៍កីឡានានាសម្រាប់ក្មេងៗពិការ។

បើយោងទៅតាមកាសែតបារាំង L’Equipe កីឡាករ Mbappe គឺជាម្ចាស់ជំនួយរបស់អង្គការ។ លោក Sebastien Ruffin អ្នកចាត់ការទូទៅរបស់អង្គការ Premiers de Cordee បានចាត់ទុកតារាឆ្នើមដ៏ឆ្នើមវ័យក្មេងរូបនេះ «គឺជាមនុស្សដ៏អស្ចារ្យ» ម្នាក់ក្នុងកិច្ចសម្ភាសមួយជាមួយនឹងកាសែត Le Parisien។ លោកបានឲ្យដឹងថា៖ «នៅពេលដែលកម្មវិធីរបស់គេអនុញ្ញាត គេចូលធ្វើអន្តរាគមន៍សម្រាប់យើង ទាំងភាពរីករាយ។ រូបគេមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងក្មេងៗ ដោយគេតែងតែស្វែងរកការប្រើប្រាស់ពាក្យយ៉ាងត្រឹមត្រូវក្នុងការលើកទឹកចិត្តដល់ពួកគេ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖​​ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.