v9

ក្រុមកំចាយមាររបស់កម្ពុជា បានបន្តចាញ់ក្រុមប្រ៊ុយណេ ៧-៦ ក្នុងការប្រកួតបង្រ្គប់កិច្ច

4 weeks ago​ | ដោយ V-Dara

ក្រុមបាល់ទាត់ហ្វុតសាល ស.ស.យ.ក កំចាយមារ របស់កម្ពុជា បានបន្តចាញ់ក្រុម Arbisyam របស់ប្រទេសប្រ៊ុយណេ ក្នុងការប្រកួតបង្រ្គប់កិច្ច ដែលបានបញ្ចប់កាលពីរសៀលម៉ោង១ ថ្ងៃអង្គារនេះ មុនពេលពួកគេត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF Futsal Club Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ការចូលរួមជាលើកដំបូង ក្នុងពានរង្វាន់ AFF Futsal Club Championship នេះ ក្រុមកំចាយមារ បានត្រឹមទទួលបទពិសោធ ដោយពួកគេបានចាញ់ទាំង៣ប្រកួតតែម្តង ក្នុងវគ្គជម្រុះប្រចាំពូលA។

ក្រុមកំចាយមារ បានចាញ់ក្រុម East Coast Heat របស់អូស្រ្តាលី ៨-០ ក្នុងការប្រកួតបើកឆាក រួចបន្តទៅចាញ់ក្រុម MIC របស់មីយ៉ាន់ម៉ា ៤-២ ក្នុងការប្រកួតលើកទី២ ចំណែកការប្រកួតបង្រ្គប់កិច្ចលើកទី៣ នៅថ្ងៃអង្គារនេះ កំចាយមារ បានបន្តចាញ់ក្រុម Arbisyam ៧-៦ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមកំចាយមារ ឈរនៅបាតតារាង ដោយចាញ់ទាំង៣ប្រកួត។

ចំណែកក្រុម Arbisyam របស់ប្រទេសប្រ៊ុយណេ ក៏ធ្លាក់ចេញពីការប្រកួតនេះដែរ បើទោះបីជាពួកគេបានយកឈ្នះក្រុមកំចាយមាររបស់កម្ពុជា ៧-៦ នៅថ្ងៃនេះក៏ដោយ ព្រោះ២ប្រកួតកន្លងមកនេះ ពួកគេបានចាញ់ក្រុម MIC ៩-០ និងបានបន្តចាញ់ក្រុម East Coast Heat ក្នុងលទ្ធផល ១០-០ ហេតុនេះ Arbisyam បានបញ្ចប់ការប្រកួតទាំង៣លើករបស់ពួកគេ ដោយឈ្នះ១ និងចាញ់២ប្រកួត មានត្រឹម៣ពិន្ទុ។

យោងតាមលទ្ធផលនេះ ក្រុម East Coast Heat និង MIC ដែលមាន៦ពិន្ទុ ដោយបានឈ្នះទាំង២ប្រកួតដូចគ្នានោះ បានក្លាយជាបេក្ខភាព តំណាងឲ្យពូលA ដែលត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមលេខ១ និងលេខ២មកពីពូលB ប៉ុន្តែក្រុមទាំង២នេះ ត្រូវប្រកួតគ្នា ដណ្តើមយកលេខ១ និងលេខ២ប្រចាំពូលA នៅរសៀលម៉ោង៤ ថ្ងៃអង្គារនេះ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.