v9

ក្រុមបារាំងវិលត្រឡប់ទៅកាន់មាតុភូមិវិញ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ

3 months ago​ | ដោយ V-Dara

ក្រុមឈ្នះពាន World Cup របស់បារាំង បានវិលត្រឡប់ទៅកាន់មាតុភូមិវិញ ដើម្បីទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅកាលពីថ្ងៃចន្ទ ដោយបានដង្ហើរក្បួនទៅកាន់តំបន់ Champs-Elysees ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់ បានផ្តល់នូវការស្វាគមន៍ដល់វីរបុរសនៃប្រទេសរបស់ខ្លួន។

ក្រុមជម្រើសជាតិបារាំង បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ខណៈដែលតារាឆ្នើមវ័យក្មេង Kylian Mbappe ក្លាយជាបេក្ខភាពដ៏សំខាន់ក្នុងការជួយឲ្យក្រុមខ្លួនឈ្នះពាន ដើម្បីពង្រឹងទីតាំងរបស់គេក្នុងនាមជាតារឆ្នើមថ្មីរបស់ពិភពលោក ក្នុងវ័យត្រឹមតែ១៩ឆ្នាំ។ អ្នកគាំទ្ររាប់លាននាក់ក្នុងប្រទេសបារាំង បានអបអរពេញ ១រាត្រី ដោយចុចស៊ីភ្លេរថយន្ត និងគ្រវីទង់ជាតិចុះឡើង ស្របពេលដែលអគារប៉ម Eiffel Tower និង Arc de Triomphe ត្រូវបានដាក់ពន្លឺពណ៌ជាតិរួមមានខៀវ ស និងក្រហម។

អ្នកគាំទ្រជាច្រើនកាលពីថ្ងៃចន្ទ បានចាប់ផ្តើមចូលទៅកាន់កន្លែង Champs-Elysees ដែលជាកន្លែងប្រមូលផ្តុំគ្នាសម្រាប់រាល់ការអបអរថ្នាក់ជាតិទាំងអស់ ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិ ដែលបានបំពេញក្តីស្រមៃរបស់ប្រទេសខ្លួន។ អ្នកស្រី Priscilla Lagneaux វ័យ ២៨ឆ្នាំ ដែលកំពុងតែអង្គុយរង់ចាំនៅកន្លែង Champs-Elysees នោះ បានឲ្យដឹងថា៖ «យើងពិតជាមានមោទនភាពដោយសារតែក្រុមនេះ ពួកគេបានក្លាយជាកីឡាកររបស់យើងយ៉ាងពិតប្រាកដ។ យើងត្រូវតែរង់ចាំមើលពួកគេ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.