v9
V9BET

ក្រុមអង្គរថាយហ្គឺរ ទាញទម្លាក់ណាហ្គាវើល ខណៈខ្សែប្រយុទ្ធឆ្នើមទាំង៣ ជួយឲ្យក្រុមឈ្នះរៀងៗខ្លួន

11 months ago​ | ដោយ V-Dr

ក្រុមអង្គរថាយហ្គឺរ បានក្លាយជាកត្តារួមយ៉ាងសំខាន់ ក្នុងការទាញទម្លាក់ក្រុមណាហ្គាវើល ចេញពីលេខរៀងទី២ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមទាំង៣ ដែលទើបវិលមកលេងនៅកម្ពុជាវិញគឺ ចាន់ វឌ្ឍនាកា កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម សុទ្ធតែរកបានគ្រាប់បាល់ជួយឲ្យក្រុមរបស់ពួកគេទទួលបានជ័យជម្នះរៀងៗខ្លួន។

សម្រាប់ការប្រកួតលើកទី៣ ជើងទី២ នៃលីកកំពូលកម្ពុជា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានជួយឲ្យក្រុមបឹងកេត បន្តយកឈ្នះក្រុមប៉ូលិស ១-០ ទាំងលំបាក ហើយការតែតបាល់បញ្ចូលទីយ៉ាងល្អ នៅនាទីទី៧២នេះ គឺជាគ្រាប់បាល់ទី១របស់ ចាន់ វឌ្ឍនាកា និងជាគ្រាប់បាល់ដ៏ពិសេស សម្រាប់ជួយឲ្យក្រុមបឹងកេត បន្តឈរនៅលើកំពូលតារាង ដោយមាន៣៦ពិន្ទុ ដាច់ឆ្ងាយពីក្រុមផ្សេងៗទៀត។

ផ្ទុយពីនេះក្រុមណាហ្គាវើល បានជួបការខកចិត្ត នៅលើទឹកដីខេត្តសៀមរាប ខណៈពួកគេ បានចែកគ្នាត្រឹម១ពិន្ទុ ជាមួយក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នោះ។ ខ្សែប្រយុទ្ធ Sugiyama Joichiro បានរកគ្រាប់បាល់នាំមុខឲ្យក្រុមអង្គរថាយហ្គឺរ ១-០ តាំងពីនាទីទី១៥ ប៉ុន្តែខ្សែប្រយុទ្ធ Matthew Osa វាយបកបាន១គ្រាប់វិញឲ្យណាហ្គាវើល នៅនាទីទី៤០។

ក្រុមណាហ្គាវើល បានបង្កើនការវាយលុកទៅលើក្រុមអង្គរថាយហ្គឺរ យ៉ាងខ្លាំង ហើយបានស៊ុត និងតែតបាល់ចំគោលដៅជិត១០គ្រាប់ ប៉ុន្តែអ្នកចាំទី សំ ពៅ របស់ក្រុមអង្គរថាយហ្គឺរ ត្រូវបានអ្នកទស្សនាចាត់ទុកថា ជាកំពូលអ្នកសង្រ្គោះបាល់ ដើម្បីជួយឲ្យក្រុមអង្គរថាយហ្គឺរ ចែក១ពិន្ទុជាមួយណាហ្គាវើល លើកនេះ។

ជាមួយលទ្ធផលនេះ ក្រុមណាហ្គាវើល បានធ្លាក់ចេញពីលេខរៀងទី២ មកឈរនៅលេខ៣វិញ ហើយក្រុមវិសាខា បានឡើងទៅឈរនៅលេខ២វិញម្តង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមភ្នំពេញក្រោន ៣-១ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ហើយ កែវ សុខផេង ជាអ្នករកបានគ្រាប់បាល់ទី៣ឲ្យក្រុមវិសាខា។ ណាហ្គាវើល និងវិសាខា មាន៣២ពិន្ទុដូចគ្នា តែវិសាខា មានអាទិភាពខ្ពស់ជាង ព្រោះធ្លាប់ឈ្នះណាហ្គាវើល ៣-០ កាលពីជើងទី១។

ចំណែកក្រុមទ័ព បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-១ បន្ថែមទៅលើការឈ្នះ ២-១ កាលពីជើងទី១ ដើម្បីបន្តឈរនៅលេខ៤ ដោយមាន៣០ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលមាន២១ពិន្ទុដដែល។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ ដើម្បីឡើងមកឈរនៅលេខ៦ មាន២០ពិន្ទុ ហើយ ប្រាក់ មុន្នីឧត្តម ក៏រកបាន១គ្រាប់ ចំពោះការឈ្នះ ៤-២ ផងដែរ។

ផ្ទុយពីនេះក្រុមវេស្ទើន បានបន្តចាញ់ក្រុមសូលទីឡូអង្គរ ៣-០ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមវេស្ទើន បន្តឈរនៅបាតតារាងដដែល ដោយចាញ់ទាំង១៤ប្រកួត ឯក្រុមសូលទីឡូអង្គរ មាន១៤ពិន្ទុ លើក្រុមអគ្គិសនីកម្ពុជា មាន១២ពិន្ទុ និងក្រុមអគ្គិសនីកម្ពុជា ដែលមាន៥ពិន្ទុ ខណៈក្រុមប៉ូលិស មាន២០ពិន្ទុដដែល ហើយក្រុមអាស៊ីអឺរ៉ុប ក៏មាន១៨ពិន្ទុដដែលដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.