អ្នកគាំទ្របារាំង រាប់ម៉ឺននាក់អបអរនៅប៉ារីស ក្រោយក្រុមខ្លួនលើកពាន World Cup
អ្នកគាំទ្រនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំងដ៏ច្រើនកុះករ បានរៀបចំពិធីជប់លៀងផ្សេងៗនៅតាមដងវិថីនានា ខណៈដែលពួកគេបានអបអរការឈ្នះពាន World Cup ដ៏អស្ចារ្យរបស់ក្រុមខ្លួន។
ក្រុមដែលមានរហស្សនាមថា Les Bleus មួយនេះ បច្ចុប្បន្ន គឺជាម្ចាស់ជើងឯកពិភពលោក ២សម័យកាល ក្រោយពីបានផ្តួលក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៤-២ ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ។ អ្នកគាំទ្ររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅ Eiffel Tower និង Champ de Mars ដើម្បីទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិខ្លួន នៅលើផ្ទាំងសំពត់សដ៏ធំ។ ប៉ុន្តែ ស្របពេលដែលអ្នកគាំទ្រកាន់តែច្រើនបានទៅដល់ ប៉ូលិសបានបិទច្រកទ្វាតំបន់នោះសម្រាប់រក្សាសុវត្ថិភាព។
បើយោងទៅតាមព័ត៌មានផ្សេងៗ អ្នកគាំទ្រមួយចំនួនបានចោលដបទៅកាន់រថយន្តរបស់ប៉ូលិស និងបានប៉ះទង្គិចជាមួយនឹងប៉ូលិស នៅតាមដងវិថីនានា នៅមុនពេលកងជំនួយបានធ្វើដំណើរទៅដល់។ ប៉ូលិសទីក្រុងប៉ារីស បានព្រមានថា៖ «តំបន់អ្នកគាំទ្រនៅ The Champ de Mars គឺពេញអស់ហើយ ហេតុនេះសម្រាប់ហេតុផលសន្តិសុខ យើងស្នើឲ្យលោកអ្នកមិនឲ្យប្រមូលផ្តុំគ្នានៅច្រកទ្វារនានាឡើយ និងមិនត្រូវព្យាយាមវិលទៅកាន់កន្លែងនោះទៀតឡើយ»។
ក្រុមជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯកពិភពលោកជាលើកទី២ ក្រោយពីបានឈ្នះពាននេះជាលើកទី១កាលពីឆ្នាំ១៩៩៨ នៅលើទឹកដីខ្លួនឯង៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun