v9

ប៉ោ ភារិទ្ធ រំពឹងឈ្នះជើងខ្លាំងថៃ យកខ្សែក្រវាត់ទី៥ ឯ រឿង សោភ័ណ្ឌ ត្រូវប៉ះអ៊ីរ៉ង់

5 months ago​ | ដោយ V-Dara

កីឡាករកម្ពុជា ប៉ោ ភារិទ្ធ (យ៉េន ឌីណា) បានបង្ហាញពីទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះជើងខ្លាំងរបស់ថៃ Phit Noy សម្រាប់ការវិលមកជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ជើងឯកគោជល់ ទម្ងន់៦៣,៥គីឡូក្រាម នៅសង្វៀន CNC នាយប់ថ្ងៃសៅរ៍នេះ ដើម្បីឈ្នះបានខ្សែក្រវាត់ទី៥ ហើយជើងខ្លាំង រឿង សោភ័ណ្ឌ ក៏ត្រូវជួបអ្នកប្រដាល់អ៊ីរ៉ង ក្នុងពេលជាមួយគ្នានោះដែរ។

បើទោះបីជា ប៉ោ ភារិទ្ធ បានចាញ់ពិន្ទុ Phit Noy ក្នុងការប្រកួតវគ្គវិលជុំ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ប៉ោ ភារិទ្ធ មានទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះ Phit Noy ព្រោះរូបគេបានត្រៀមផ្លែសម្លាប់រួចហើយ ហើយ Phit Noy ក៏ធ្លាប់បានចាញ់ ប៉ោ ភារិទ្ធ នាជំនួបលើកដំបូង កាលពីឆ្នាំ២០១៦ផងដែរ។

ប៉ោ ភារិទ្ធ បានប្រាប់ថា៖ «ខ្ញុំគិតថា ការវិលមកជួបគ្នា ក្នុងលើកទី៣នេះ វាមិនជាបញ្ហាអ្វីនោះទេ ព្រោះការជួបគ្នា២លើកកន្លងមក ខ្ញុំបានដឹងពីក្បាច់ប្រកួតរបស់គេអស់ហើយ គឺ Phit Npy សម្រាប់ការជួបគ្នា កាលពីឆ្នាំ២០១៦ផងដែរ ហេតុនេះបើនិយាយពីកលល្បិច និងក្បាច់ប្រកួត បានតែចូលចាប់បុកជង្គង់ប៉ុណ្ណោះ ចំណែកស្នៀតផ្សេងទៀត មិនជាខ្លាំងនោះទេ»។

ជុំវិញការទប់ទល់ជាមួយក្បាច់ជង្គង់ Phit Noy កីឡាករ ប៉ោ ភារិទ្ធ បានឆ្លើយថា៖ «ខ្ញុំនឹងប្រើក្បាច់ធាក់ ដើម្បីទប់ការចូលចាប់បុកជង្គង់របស់គេ ហើយខ្ញុំនឹងប្រើកែង វាយបកទៅលើគេវិញ។ ខ្ញុំបានប្រឹងប្រែងហ្វឹកហាត់ក្បាច់ទប់ និងក្បាច់វាយបកនេះ បានល្អហើយ ហើយខ្ញុំក៏បានហាត់ឡាំជាមួយមិត្តរួមក្រុម បង្កើនកម្លាំងស៊ុហ្វផងដែរ ហេតុនេះខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឈ្នះខ្សែក្រវាត់មួយនេះ បន្ថែមទៅខ្សែក្រវាត់ចំនួន៤ ដែលខ្ញុំដណ្តើមបានកន្លងមក»។

បើទោះបីជា ប៉ោ ភារិទ្ធ មានការតាំងចិត្ត ក្នុងការយកឈ្នះ Phit Noy ប៉ុន្តែគ្មានអ្នកណាប្រាកដថា លទ្ធផលប្រកួតជាក់ស្តែងទៅជាយ៉ាងណានោះទេ ព្រោះ Phit Noy ជាជើងខ្លាំងរបស់ថៃមួយរូប ដែលមានសមត្ថភាពខ្លាំងគួរសម និងបានយកឈ្នះកីឡាករកម្ពុជាច្រើនរូបមកហើយ ហើយនៅក្នុងការប្រកួតខ្សែក្រវាត់នេះ Phit Noy បានឈ្នះគ្រប់ការប្រកួតទាំងអស់ គឺគេបានឈ្នះ ប៉ោ ភារិទ្ធ, ពុយ វណ្ណ, សេង ស្រឿន និង ធន់ ចាន់តាក់។ ចុងក្រោយ Phit Noy បានឈ្នះជនរួមជាតិរបស់គេ Kvangin នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកកីឡាករ ពុយ វណ្ណៈ ដែលបានចាញ់ពិន្ទុ ប៉ោ ភារិទ្ធ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ជាមួយថៃ Kvangin ខណៈការជួបគ្នាក្នុងវគ្គវិលជុំ កាលពីថ្ងៃទី៥ ខែឧសភា ពុយ វណ្ណៈ ជាអ្នកឈ្នះ ប៉ុន្តែឈ្នះដោយលំបាក និងទាំងប្រផិតប្រផើយបំផុត គឺឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ ព្រោះចៅក្រម៣នាក់ឲ្យ ពុយ វណ្ណៈ ឈ្នះ ឯចៅក្រម២នាក់ទៀតឲ្យ Kvangin ជាអ្នកឈ្នះ។

ដោយឡែកកីឡាករជើងខ្លាំង រឿង សោភ័ណ្ឌ ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Hassan Ali ក្នុងទម្ងន់៦៩គីឡូក្រាម នៅព្រលប់ថ្ងៃសៅរ៍នោះដែរ។ កីឡាករវ័យ ២២ឆ្នាំ Hassan Ali មានកម្ពស់ ១,៧០ម៉ែត្រ ធ្លាប់ប្រកួតបានត្រឹម៤០ដង ឈ្នះ៣២ ចាញ់៧ និងស្មើ១ដង ក្នុងនោះធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ៨ដង។

យោងតាមប្រវត្តិនេះ គឺ Hassan Ali មានបទពិសោធប្រកួតតិចជាង រឿង សោភ័ណ្ឌ ជាង១០០ដង ព្រោះកីឡាករវ័យ២៦ឆ្នាំ កម្ពស់១,៦៤ រឿង សោភ័ណ្ឌ ធ្លាប់ប្រកួត១៥០ដង ឈ្នះ១៣២ ចាញ់១៦ ស្មើ២ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់៤០ដង។ ហេតុនេះ Hassan Ali ពិបាកគេចផុតពីការចាញ់នេះ ហើយក៏អាចនឹងសន្លប់ក្រុមកណ្តាប់ដៃ រឿង សោភ័ណ្ឌ ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.