v9

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ៣នាក់ ចេញទៅប្រកួតពានរង្វាន់ស្តេចថៃ

2 months ago​ | ដោយ V-Dara

កីឡាករជម្រើសជាតិប្រដាល់សកលរបស់កម្ពុជាចំនួន៣នាក់ រួមមាន ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង) ឡន សៀម និង ស៊ឹម វិសិដ្ឋ បានធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ជាមួយគ្រូបង្វឹកជម្រើសជាតិ លោក វ៉ែន សុផល កាលពីថ្ងៃពុធ ម្សិលមិញ ដើម្បីចូលរួមការប្រកួតពានរង្វាន់ប្រដាល់ស្តេចថៃ ឆ្នាំ២០១៨ (King Cup 2018)។

លោក វ៉ែន សុផល ដែលធ្លាប់ដឹកនាំកីឡាករចូលរួមការប្រកួតពានរង្វាន់ស្តេចថៃ King Cup នេះបានឲ្យដឹងថា ការប្រកួតពានរង្វាន់ស្តេចថៃនេះ មានប្រទេសចូលរួមយ៉ាងតិច ២០ប្រទេស។ ចំណែកកីឡាករកម្ពុជាទាំង ៣នាក់របស់យើង នឹងត្រូវប្រកួតនៅលើ ៣ប្រភេទទម្ងន់ផ្សេងៗពីគ្នា ក្នុងនោះកីឡាករ ឡន សៀម នឹងត្រូវប្រកួតក្នុងទម្ងន់ ៤៩គីឡូក្រាម រីឯ ណាត សៀកនិន ត្រូវប្រកួតក្នុងទម្ងន់ ៥៦គីឡូក្រាម ហើយកីឡាករ ស៊ឹម វិសិដ្ឋ ត្រូវប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម។

នៅក្នុងចំណោមកីឡាករទាំង៣នាក់នេះ ណាត សៀកនិន ដែលធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ ការប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ និងទើបឈ្នះមេដាយមាស ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ កាលពីពេលថ្មីនេះ គឺជាក្តីសង្ឃឹមរបស់កម្ពុជា ដែលអាចនឹងទទួលបានលទ្ធផលល្អ។ ប៉ុន្តែវាក៏អាស្រ័យទៅលើការចាប់គូប៉ះអ្នកខ្លាំង ឬអ្នកដែលមានកម្រិតខ្សោយផងដែរ។

ប្រតិភូកីឡាករប្រដាល់សកលកម្ពុជា និងប្រតិភូកីឡាមកពីប្រទេសផ្សេងៗទៀត នឹងត្រូវចូលរួមប្រជុំបច្ចេកទេស នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលពួកគេធ្វើការថ្លឹងទម្ងន់ នៅថ្ងៃសុក្រ ហើយចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា គឺពួកគេត្រូវប្រកួតប្រជែង ដើម្បីស្វែងរកមេដាយ តាមប្រភេទទម្ងន់នីមួយៗ។

នៅក្នុងលក្ខខណ្ឌនៃការប្រកួតប្រដាល់សកល ក្នុងព្រឹត្តិការណ៍ King Cup 2018 នេះ គឺក្នុងការប្រកួតវគ្គ១៦នាក់ ១ប្រកួតបានរង្វាន់១០០ដុល្លារ ហើយពេលឡើងដល់វគ្គ៨នាក់ចុងក្រោយ ១ប្រកួតបាន២០០ដុល្លារ ឯវគ្គ៤នាក់ចុងក្រោយ ១ប្រកួតបាន៣០០ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្របាន៥០០ដុល្លារ។ ចំណែកប្រទេស ដែលដណ្ដើមបានមេដាយ ឈរនៅលំដាប់លេខ១ នឹងបានរង្វាន់១០០០០ដុល្លារ លេខ២បាន ៧៥០០ដុល្លារ និងលេខ៣បាន៥០០០ដុល្លារ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតពានរង្វាន់ King Cup 2018 នេះ គឺត្រូវបានធ្វើឡើងទៅតាមសំណើអញ្ជើញរបស់ថៃ ដោយក្នុងនោះប្រទេសថៃ បានផ្តល់ការហូបចុក ស្នាក់នៅ និងថ្លៃធ្វើដំណើរ ដល់ក្រុមកម្ពុជាយើង ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏ផ្តល់ប្រាក់ហោប៉ៅ និងជួយបំពេញលក្ខខណ្ឌផ្លូវច្បាប់ ឲ្យប្រតិភូកីឡាប្រដាល់សកលមួយក្រុមនេះ ផងដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.