v9

ណាហ្គាវើល អត់សូវបារម្ភចំពោះការប្រជែងយកលេខ១ របស់ក្រុមបឹងកេត

4 weeks ago​ | ដោយ V-Dara

លីកកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងត្រូវប្រកួតបញ្ចប់ជើងទី១ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ហើយវាក៏ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុតផងដែរ ខណៈក្រុមខ្លាំងទាំង២ គឺណាហ្គាវើល និងបឹងកេត ត្រូវប៉ះគ្នា ដើម្បីដណ្តើមយកលេខរៀងទី១។

តាមរយៈការប្រកួតចំនួន ១១កន្លងមកនេះ ក្រុមណាហ្គាវើល រកបាន ២៥ពិន្ទុ ក្រោយពេលពួកគេលត់ក្រុមវេស្ទើន ១០-១ កាលពីសប្តាហ៍មុន ហើយវាក៏ជាលទ្ធផលដែលជួយឲ្យក្រុមមួយនេះ ដណ្តើមយកលេខ១ ពីក្រុមបឹងកេត បានមកវិញផងដែរ ខណៈបឹងកេត បានស្មើ ១-១ ជាមួយក្រុមវិសាខា នាំឲ្យពួកគេមានត្រឹម២៤ពិន្ទុនោះ។

យោងតាមលទ្ធផល និងពិន្ទុ ដែលក្រុមទាំង២ ទទួលបាននៅពេលនេះ គឺវាបានធ្វើឲ្យការវិលមកជួបគ្នារវាងក្រុមណាហ្គាវើល និងបឹងកេត លើកនេះ អាចនឹងធ្វើឲ្យមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង២ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីយកទីតាំងលេខ១ មុនបន្តការប្រកួតនៅជើងទី២ ជាបន្តទៀត។

យ៉ាងណាក៏ដោយ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ហាក់មានខ្លាចរអាក្រុមបឹងកេត នោះទេ។ លោកបាននិយាយថា៖ «ការជួបក្រុមបឹងកេត លើកនេះយើងមិនបារម្ភអីប៉ុន្មានទេ ដោយសារតែកម្រិតនៃការយល់ដឹងកីឡាកររបស់ខ្ញុំ គឺគាត់ចាប់ផ្តើមយល់យល់ពីស្ទាយ និងទម្រង់លេងរបស់ខ្ញុំ អ៊ីចឹងខ្ញុំមានការជឿជាក់លើពួកគាត់ ដោយយ៉ាងហោចណាស់ ក៏យើងបានត្រឹមលទ្ធផលស្មើដែរ»។

គេនៅមិនទាន់ដឹងច្បាស់ថា លោក មាស ចាន់ណា នឹងអាចដឹកនាំក្រុមរបស់លោក យកឈ្នះក្រុមបឹងកេត ឬក៏បឹងកេត ជាអ្នកទទួលបាន៣ពិន្ទុនោះទេ? ប៉ុន្តែលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ក៏ធ្លាប់បានសរសេរពីទម្រង់លេងរបស់ក្រុមណាហ្គាវើល ផងដែរ ដោយលើកបាននិយាយថា៖ «ទម្រង់លេងរបស់ណាហ្គាវើល នៅឆ្នាំនេះ គឺល្អច្រើនជាងឆ្នាំមុន»។

ដោយឡែកក្រុមចំនួន១០ទៀត ក៏នឹងត្រូវធ្វើការប្រកួតប្រជែងគ្នា ជាបន្តទៀត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះដែរ ដើម្បីស្វែងរក៣ពិន្ទុបន្ថែម ក្នុងនោះការវិលមកជួបគ្នារវាងក្រុមក្រសួងការពារជាតិ និងប៉ូលិស ក៏មានការចាប់អារម្មណ៍ផងដែរ ព្រោះនេះជាការប្រជែងគ្នាយកលេខ៤ ខណៈក្រុមវិសាខា អាចនឹងមានភាគរយច្រើន ក្នុងការរក៣ពិន្ទុបន្ថែម ព្រោះលើកនេះ ពួកគេ ត្រូវវិលទៅជួបក្រុមចំណូលថ្មី សូលទីឡូអង្គរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.