v9

ការប្រណាំងកង់ភ្នំ Cambodia MTB Series នឹងប្រកួតជុំទី២ នៅថ្ងៃអាទិត្យ

4 weeks ago​ | ដោយ V-Dara

ការប្រកួតកីឡាប្រណាំងកង់ភ្នំ Cambodia MTB Series 2018 នឹងត្រូវធ្វើការប្រកួតជុំទី២ នៅលើទឹកដីខេត្តកែប នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកអ្នកទទួលបានជ័យជម្នះ និងមានពិន្ទុខ្ពស់ជាងគេ ក្នុងជុំទី៣ នេះ មុនឈានទៅប្រកួតជុំទី៣។

ក្រុមអ្នកជិះកង់ប្រភេទឡើងភ្នំ ឬកង់ភ្នំ មកពីរាជធានី-ខេត្តចំនួន៥ បានចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមការប្រកួតជុំទី២នេះ ហើយក្នុងនោះក៏មានកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៥ សរុប ២០នាក់ ក្នុងការប្រកួតកម្រិត A1, A2, B1 និង B2 ក្នុងការប្រកួតជុំទី១ នៅព្រែកលៀប កាលពីថ្ងៃទី២៩ ខែមេសា ក៏ត្រូវមកប្រជែងគ្នា ដើម្បីទទួលបានពិន្ទុបន្ថែមផងដែរ ព្រោះកម្រិតទាំង៤ នេះ ត្រូវប្រកួតឲ្យគ្រប់ ៥ជុំ ទើបគណៈកម្មការបូកសរុបពិន្ទុ រកអ្នកទទួលបានជយលាភី។

បើតាមលោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ថា ការប្រកួតជុំទី២ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នឹងត្រូវធ្វើនៅលើ និងជុំវិញភ្នំដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយមានអ្នកចុះឈ្មោះចូលរួមចំនួន១៥៦នាក់។

លោក វង្ស ខាន់ពៅ បានថ្លែងថា៖ អ្នកចូលរួមទាំង១៥៦នាក់នេះ គឺមានមកពីភ្នំពេញ ខេត្តសៀមរាប កំពង់សោម បាត់ដំបង និងខេត្តកណ្តាល ហើយចំនួននេះ គឺមានការកើនឡើងជាង២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧

លោកបានបន្ថែមថា៖ «ការកើនឡើងនៃចំនួនអ្នកចូលរួមនេះ វាជាចំណុចដ៏ល្អ ក្នុងការជួយជំរុញឲ្យវិស័យកីឡាប្រណាំងកង់ នៅកម្ពុជា ឲ្យកាន់តែមានភាពផុសផុល និងរីកចម្រើនថែមទៀត ដើម្បីយើងអាចជ្រើសរើសបានអត្តពលិកមានសមត្ថភាព និងទេពកោសល្យ ត្រៀមដាក់ហាត់ជាមួយក្រុមជម្រើសជាតិ នៅឆ្នាំក្រោយ»។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រណាំងកង់ភ្នំ Cambodia MTB Series 2018 នេះ មានការប្រកួតសរុបចំនួន៥ជុំ ហើយក្នុងនោះមានការប្រកួតលើក្រុមកម្រិតខ្ពស់ (A1) កម្រិងជំនាញ (A2) ពីអាយុ៣០ឡើង កម្រិតជំនាញធម្យម (B1) ពីអាយុ១៥ ដល់២៩ឆ្នាំ និង B2 សម្រាប់អាយុ៣០ឆ្នាំឡើងកម្រិតយុវជនមិនទាន់មានបទពិសោធ (C1) ពីអាយុ១៤ ដល់១៧ឆ្នាំ កម្រិតអ្នកមិនទាន់មានបទពិសោធ(C2) ពី១៨ ដល់២៩ឆ្នាំ, កម្រិតអ្នកគ្មានបទពិសោធ (C3) ពីអាយុ៣០ ដល់៣៩ឆ្នាំ, កម្រិត Masters អាយុ៤០ឆ្នាំឡើង, ការប្រកួតផ្នែកនារី, ការប្រកួតកម្រិតក្មេងៗ K1 ពីអាយុ៩ ទៅ១១ឆ្នាំ និង K2 មានអាយុពី១២ ដល់១៣ឆ្នាំ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.