v9

សហព័ន្ធអុក រកឃើញជើងខ្លាំងថ្នាក់ជាតិ ដែលត្រូវស្នើសុំដាក់ឲ្យហាត់ក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០១៩

3 months ago​ | ដោយ V-Dara

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរកឃើញបេក្ខភាពជើងខ្លាំងទាំង១៦នាក់ ដែលត្រៀមដាក់ចូលនៅក្នុងក្រុមជម្រើសជាតិកីឡាអុកចត្រង្គ ឆ្នាំ២០១៩ជាផ្លូវការហើយ ប៉ុន្តែកីឡាករជម្រើសជាតិឆ្នាំ២០១៨ ចំនួន២នាក់ គ្មានឈ្មោះនៅក្នុងបញ្ជីនេះទេ។

តាមរយៈការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯក ឆ្នាំ២០១៨ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ កីឡាករ សុខ សំបូរ, ឆយ វីរ៉ា, សុខ លីមហេង, ប៊ូ ប៉ុណ្ណម៉ាលីកា, រស់ រិទ្ធីយ៉ា, ឡៅ លីម៉េន, រៀម វាសនា, ឃី ចំរើន, លឹម ផល្លា, នូ ច័ន្ទផានិត, ម៉េង សេរីសម្បត្តិ, ទេស សារ៉ាវី, ស៊ីវ ស៊ីន, ឈិន សំណាង, ឃឹម ឃឹម, និង ម៉ាត់ សេន សុទ្ធតែបានឆ្លងផុតការប្រកួតវគ្គជម្រុះតាមពូលទាំង៨ ដែលមានអ្នកចូលរួមសរុប៤៨នាក់ ដើម្បីជាប់នៅបញ្ជីឈ្មោះទាំង១៦នាក់នេះ ដែលត្រូវដាក់សហព័ន្ធគ្រោងស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលឲ្យប្រមូលផ្តុំ ក្នុងក្រុមជម្រើជាតិ ឆ្នាំ២០១៩។

ប៉ុន្តែកីឡាករ ហេង សៅឌី ដែលជាស្តេចអុកឆ្នាំ២០១៧ និងជាកីឡាករជម្រើជាតិ ក្នុងឆ្នាំ២០១៨នេះ រួមទាំងកីឡាករ ប៊ិន គាសេង ដែលជាកីឡាករជម្រើសជាតិ ឆ្នាំ២០១៨ គឺគ្មានឈ្មោះក្នុងបញ្ជីឈ្មោះនេះទេ បន្ទាប់ពីអ្នកទាំង២នេះ បានចាញ់ក្នុងការប្រកួតជម្រុះតាមពូល កាលពីថ្ងៃពុធ។
ចំណែកអតីតស្តេចអុក ឆ្នាំ២០១៧ ហូយ សូណា ព្រមទាំងអតីតស្តេចអុក២សម័យកាល ឈីវ បូរ៉ា ដែលធ្លាប់ឈ្នះតំណែងស្តេចអុកមុនគេ កាលឆ្នាំ២០១៤ ឆ្នាំ២០១៥ និងទទួលបានលេខ២ កាលឆ្នាំ២០១៨នេះ គឺសុទ្ធតែបានធ្លាក់ ក្នុងការប្រកួតថ្នាក់ជាតិនេះ ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា ហើយក៏គ្មានឈ្មោះក្នុងបញ្ជីឈ្មោះ ត្រៀមដាក់ឲ្យហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០១៩ដូចគ្នា។

ទាក់ទងនឹងការងារនេះ លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកកម្ពុជា បានថ្លែងប្រាប់ក្នុងអំឡុងពេលប្រកួត កាលពីម្សិលមិញថា៖ «កីឡាករទាំង១៦នាក់នេះ គឺយើងនឹងដាក់សំណើទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំឲ្យបញ្ជូលពួកគាត់ ក្នុងការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ២០១៩។ ខ្ញុំមិនទាន់ដឹងថា ក្រសួង នឹងយល់ព្រមឲ្យប៉ុន្មាននាក់នោះទេ ប៉ុន្តែចំពោះសហព័ន្ធ គឺចង់បានជម្រើសជាតិច្រើន សម្រាប់ឲ្យពួកគាត់បានហ្វឹកហាត់ និងប្តូរបច្ចេកទេសជាមួយគ្នា ដើម្បីធ្វើឲ្យសមត្ថភាពពួកគាត់កាន់តែកើនឡើង»។

ដោយឡែក សម្រាប់ការប្រកួតប្រជែងរវាងជើងខ្លាំងទាំង១៦នាក់ខាងលើ ដើម្បីស្វែងរកជើងឯកការប្រកួតថ្នាក់ជាតិ ឆ្នាំ២០១៨នេះ កីឡាករជើងចាស់ រស់ រិទ្ធីយ៉ា បានយកឈ្នះកីឡាករចំណូលថ្មី ទេស សារ៉ាវី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក ប្រចាំឆ្នាំនេះ ហើយកីឡាករ នូ ច័ន្ទផានិត បានយកឈ្នះកីឡាករជម្រើសជាតិ ប៊ូ ប៉ុណ្ណម៉ាលីកា ក្នុងការប្រកួតយកលេខ៣ និងលេខ៤។
ចំណែកការប្រកួតប្រជែងយកចំណាត់ថ្នាក់ផ្សេងទៀត គឺកីឡករ ឃី ចំរើន ទទួលបានចំណាត់ថ្នាក់លេខ៥ ខណៈលេខ៦ បានទៅ ឆយ វីរ៉ា លេខ៧ ម៉េង សេរីសម្បត្តិ លេខ៨ ឃឹម ឃឹម លេខ៩ លឹម ផល្លា លេខ១០ រៀម វាសនា លេខ១១ ឡៅ លីម៉េន លេខ១២ ស៊ីវ ស៊ីន លេខ១៣ សុខ លឹមហេង លេខ១៤ ម៉ាត់ សេន លេខ១៥ ឈិន សំណាង និងលេខ១៦ សុខ សំបូរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.