v9

ស្តេចអុក៤នាក់ បានធ្លាក់ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨

3 months ago​ | ដោយ V-Dara

ស្តេចអុក ឆ្នាំ២០១៨ រួមទាំងអតីតស្តេចអុក ឆ្នាំ២០១៤ ឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ចំនួន៣នាក់ទៀត សុទ្ធតែបានចាញ់ និងធ្លាក់នៅក្នុងការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯក ឆ្នាំ២០១៨ នៅទីស្នាក់ការ NOCC ហើយអ្នកឈ្នះ កំពុងតែប្រកួតប្រជែងគ្នារហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកម្ចាស់ជើងឯក ប្រចាំឆ្នាំនេះ។

តាមរយៈការប្រកួត កាលពីថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្តចអុកឆ្នាំ២០១៨ គឺកីឡាករ សុខ លីមហេង បានធ្លាក់ចេញពីការប្រកួតថ្នាក់ជាតិនេះ ត្រឹមវគ្គ១៦នាក់ចុងក្រោយ កាលពីព្រឹកមិញនេះ ក្រោយពេលរូបគេបានចាញ់អតីតម្ចាស់ជើងឯក ការប្រកួតកីឡាអុកដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ២០១០ ឆយ វីវ៉ា ដែលធ្វើឲ្យរូបគេបាត់ឱកាសទៅប្រកួតនៅវគ្គបន្ត។

ចំណែកអតីតស្តេចអុកឆ្នាំ២០១៧ ហេង សៅឌី និងអតីតស្តេចអុក ឆ្នាំ២០១៧ ហូយ សូណា រួមទាំងអតីតស្តេចអុក២សម័យកាល ឈីវ បូរ៉ា ដែលធ្លាប់ឈ្នះតំណែងស្តេចអុកមុនគេ កាលឆ្នាំ២០១៤ ឆ្នាំ២០១៥ និងទទួលបានលេខ២ ការប្រកួតស្តេចអុក នៅអង្គរសង្រ្កាន នៅឆ្នាំ២០១៨នេះ គឺសុទ្ធតែបានធ្លាក់ ក្នុងការប្រកួតថ្នាក់ជាតិនេះ ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។

ផ្ទុយពីនេះកីឡាករ នូ ច័ន្ទផានិត, ម៉េង សេរីសម្បត្តិ, រស់ រិទ្ធីយ៉ា, ទេស សារ៉ាវី, ឃី ចំរើន, ឃឹម ឃឹម និងកីឡាករ ប៊ូ ប៉ុណ្ណម៉ូលីកា សុទ្ធតែទទួលបានជ័យជម្នះ ក្នុងការប្រកួតវគ្គ១៦នាក់ កាលពីព្រឹកមិញ ដើម្បីឡើងទៅប្រកួតនៅវគ្គ៨នាក់ ដែលកំពុងធ្វើនៅទីស្នាក់ការ NOCC ដើម្បីស្វែងរកអ្នកឈ្នះ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.