v9

អនុប្រធានសហព័ន្ធ សន្យាជំរុញឲ្យកីឡាស្នូកឃ័រ មានសក្តានុពល អាចចូលរួមក្នុងស៊ីហ្គេម

3 months ago​ | ដោយ V-Dara

លោក ដួង លាង ដែលទើបត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា បានសន្យាជួយជំរុញឲ្យប្រភេទកីឡាមួយនេះ ក្លាយទៅជាកីឡាមានសក្តានុពល អាចចេញទៅប្រកួតប្រជែង នៅលើឆាកអន្តរជាតិ ពិសេសចូលរួមក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក ដួង លាង បានថ្លែងថា៖ «ខ្ញុំពេញចិត្ត នឹងចូលរួមក្នុងសកម្មភាពកីឡាស្នូកឃ័រណាស់ ព្រោះជាចំណូលចិត្តរបស់ខ្ញុំតាំងពីកំណើត។ ខ្ញុំនឹងរៀបចំផែនការសកម្មភាព ដើម្បីឲ្យកីឡាស្នូកឃ័រមានសកម្មភាពទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ក្នុងនោះយើងត្រូវធ្វើឲ្យមានការហ្វឹកហាត់ និងប្រកួតឲ្យបានច្រើន ដើម្បីឲ្យកីឡាស្នូកឃ័រនេះ មានវត្តមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣»។

លោកបានបន្តថា៖ «តាមទស្សនៈវិស័យនៃការបង្កើតសហព័ន្ធស្នូកឃ័រកម្ពុជា គឺយើងត្រូវពង្រឹង និងពង្រីកសហព័ន្ធ ដើម្បីជំរុញឲ្យកីឡាស្នូកឃ័រ មានក្លិបកាន់តែច្រើន ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើន»។

ការលើកឡើងរបស់ អនុប្រធានទី១របស់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជារូបនេះ ត្រូវបានធ្វើឡើង នៅក្នុងមហាសន្និបាត ត្រៀមអាណត្តិទី១ ឆ្នាំ២០១៨ ដល់២០២២ របស់សហព័ន្ធមួយនេះ នៅទីស្នាក់ការ NOCC កាលពីថ្ងៃចន្ទ ម្សិលមិញ។

ទោះបីជាយ៉ាងណា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «តាមគោលការណ៍ និងច្បាប់កីឡា គឺមហាសន្និបាតសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា នៅលើកនេះ មិនទាន់ពេញលេញនៅឡើយទេ»។

លោក វ៉ាត់ ចំរើន បានជំរុញឲ្យគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ខិតខំជំរុញ និងរកពេលធ្វើមហាសន្និបាតពេញលេញម្តងទៀត ដើម្បីឲ្យមានការទទួលស្គាល់ពី NOCC ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាស្នូឃ័រ និងប៊ីយ៉ាអន្តរជាតិ ឲ្យបានឆាប់ ដើម្បីងាយស្រួល យើងអាចបញ្ជូនអត្តពលិក ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ព្រោះបច្ចុប្បន្ន កីឡានេះកំពុងតែមានសក្តានុពលស្រាប់។

ការលើកឡើងរបស់ លោក វ៉ាត់ ចំរើន ហាក់សំដៅទៅលើកីឡាការិនីកម្ពុជា ស្រួង ភាវី ដែលកំពុងរស់នៅប្រទេសកូរ៉េ និងដណ្តើមបានពាន និងមេដាយជាច្រើន នៅទីនោះ ហើយអ្នកស្រី ជាស្ថាបនិកដ៏សំខាន់ ក្នុងការជួយជំរុញឲ្យបង្កើត ឲ្យមានសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ឡើងវិញ បន្ទាប់ពីសហព័ន្ធមួយនេះ អស់សុពលភាព និងលេងមានសកម្មភាពអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ថា នៅក្នុងមហាសន្និបាត កាលពីថ្ងៃចន្ទនោះ អង្គមហាសន្និបាត បានសម្រេចជ្រើសរើសឲ្យលោក ជុំ កុសល ធ្វើជាប្រធានសហព័ន្ធ លោក ដួង លាង អនុប្រធានទី១ លោក សៅ វល័ក្ខណ៍ អនុប្រធានទី២ លោក ម៉ារ៉ា សុជាតិ (មួនម៉ារ៉ា) ជាអគ្គលេខាធិការ និងលោក សុខ ទី អគ្គហិរញ្ញឹក ព្រមទាំងសមាជិកប្រតិបត្តិចំនួន៨នាក់ទៀត៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.