v9

គ្រូបឹងកេត បារម្ភលើចំណុចខ្លាំងរបស់ក្រុមវិសាខា មុនប៉ះគ្នាថ្ងៃអាទិត្យ

4 months ago​ | ដោយ V-Dara

ក្រុមបឹងកេត បាននឹងកំពុងបង្ហាញពីភាពស្ទាក់ស្ទើរ ក្នុងការការពារតំបន់កំពូលតារាងលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលពួកគេ កំពុងគ្រប់គ្រងនៅពេលនេះ ខណៈពួកគេ ត្រូវវិលទៅជួបក្រុមវិសាខា ដែលកំពុងឈរនៅលេខ៣ ប្រចាំសប្តាហ៍ទី១០ នៅថ្ងៃអាទិត្យនេះ។

បើទោះបីជា បឹងកេត មិនទាន់ស្គាល់ការចាញ់សោះ ក្នុងការប្រកួត៩លើកកន្លងមកនេះ ដោយឈ្នះ៧ និងស្មើ២ មាន២៣ពិន្ទុ គឺល្អជាង វិសាខា ដែលឈ្នះ៦ ស្មើ១ និងចាញ់២ប្រកួត ប៉ុន្តែលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានចាត់ទុកជំនួបលើកនេះ ជាការប្រកួតដ៏លំបាកបំផុត។

លោក ហៅ សុជាតិ បានប្រាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា៖ «បើទោះបីជា វិសាខា ជាក្រុមចំណូលថ្មី ប៉ុន្តែធនធានកីឡាករខ្មែររបស់ក្រុមនេះ សុទ្ធតែអ្នកមានបទពិសោធលេងច្រើន ជាពិសេស វិសាខា មានកីឡាករបរទេសកូរ៉េខាងជើង ដែលលេងបានល្អ ហេតុនេះការប្រកួតនេះ គឺមានការលំបាក និងតានតឹងមែនទែនសម្រាប់ពួកយើង»។

ក្រុមបឹងកេត និងវិសាខា នឹងត្រូវប្រកួតគ្នា នៅកីឡដ្ឋានវេស្ទើន នារសៀលម៉ោង៣ ថ្ងៃអាទិត្យ ខាងមុខនេះ ហើយការប្រកួតនេះ មានការចាប់អារម្មណ៍ខ្លាំងជាងការប្រកួតគួរផ្សេងៗទៀត ហើយលោក ហៅ សុជាតិ ក៏មិនទាន់វាយតម្លៃ និងព្យាករពីលទ្ធផលទុកជាមួយនោះដែរ ដោយលោកបានបញ្ជាក់ថា៖ «យើងមិនអាចព្យាករលទ្ធផលទុកមុនបានទេ គឺលុះការប្រកួតចប់៩០នាទី ទើបយើងដឹងទាំងអស់គ្នា»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.