v9

អ្នកឈ្នះមេដាយពីកីឡាជាតិ ឲ្យក្រសួងមហាផ្ទៃ នឹងទទួលបានប្រាក់រង្វាន់បន្ថែម

4 months ago​ | ដោយ V-Dara

អត្តពលិកតំណាងឲ្យប្រភេទកីឡាចំនួន២២ ដែលបានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ឲ្យក្រសួងមហាផ្ទៃ ក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ កន្លងមកនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ។

ថ្នាក់ដឹកនាំតំណាងឲ្យប្រភេទកីឡាទាំង២២ ដែលដណ្តើមបានមេដាយឲ្យក្រសួងមហាផ្ទៃ ក្នុងការប្រកួតកីឡាជាតិ លើកទី២នោះ ត្រូវបានលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ អញ្ជើញមកជួបជុំគ្នា នៅមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រាប់ពីដំណឹងនៃការផ្តល់ប្រាក់រង្វាន់បន្ថែមនេះ។

លោក ជា ប៊ុនហេង បានថ្លែងប្រាប់ថា អ្នកឈ្នះបានមេដាយ ឲ្យក្រសួងមហាផ្ទៃ ក្នុងការប្រកួតកីឡាជាតិ លើកទី២ កន្លងមកនេះ នឹងត្រូវផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីលោកឧបនាយករដ្ឋមន្រ្តី ស ខេង ទៅលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះ អ្នកឈ្នះបានមេដាយមាស នឹងទទួលបាន៣០០ដុល្លារ មេដាយប្រាក់បាន២០០ដុល្លារ និងមេដាយសំរឹទ្ធបាន១០០ដុល្លារ។

ប៉ុន្តែចំពោះអត្តពលិក ដែលមានឈ្មោះក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃស្រាប់ ដែលមានចូលពាក់កណ្តាល នៃអ្នកឈ្នះបានមេដាយសរុបនោះ គឺយើងសម្រេចប្រគល់ជូនប្រាក់រង្វាន់បន្ថែម ដូចគ្នាទៅនឹងប្រាក់រង្វាន់របស់ក្រសួងអប់រំ ដែរ គឺមេដាយមាស បាន២០០ដុល្លារ មេដាយប្រាក់បាន១៥០ដុល្លារ និងមេដាយសំរឹទ្ធ នឹងទទួលបាន១០០ដុល្លារ។

គួររំឭកថា សម្រាប់ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសច្រើនជាងគេ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមខេត្ត-រាជធានី និងស្ថាប័នចូលរួមសរុបចំនួន២៨ ដោយក្នុងនោះ មហាផ្ទៃ បានឈ្នះមេដាយមាស៨៣ ប្រាក់៤៣ និងសំរឹទ្ធចំនួន២៣ ហើយតាមពីក្រោយដោយរាជធានីភ្នំពេញ ដែលឈ្នះបានមេដាយមាស៤៣ ប្រាក់៣៦ និងសំរឹទ្ធ៤៦។

ទាក់ទងនឹងជ័យជម្នះដ៏ធំនេះ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានបញ្ជាក់ថា៖ «ការប្រកួតកីឡាជាតិ លើកនេះ យើងទទួលបានជ័យជម្នះយ៉ាងធំធេង ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា អ្វីដែលទទួលបាននេះ មិនមែនគ្រាន់តែអង្គុយមើល ហើយយើងទទួលបាននោះទេ គឺយើងបានប្រឹងប្រែងហ្វឹកហាត់ត្រៀមជាង៣ខែ និងចំណាយអស់ថវិកាយ៉ាងច្រើន អ៊ីចឹងហើយទើបសម្តេចក្រឡាហោម ស ខេង បានសម្រេចផ្តល់ប្រាក់រង្វាន់បន្ថែមនេះ ដើម្បីជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់អត្តពលិករបស់យើង»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.