v9

អត្តពលិកមកពី ៣៩ប្រទេស បានមកចុះឈ្មោះរត់ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ

2 months ago​ | ដោយ V-Dara

អ្នករត់ប្រណាំងមកពី ៣៩ប្រទេស នៅលើពិភពលោក បានមកចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨ ដែលនឹងត្រូវធ្វើនៅខាងមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែង ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃអង្គារនេះថា៖ «ការប្រកួតភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨នេះ មានអ្នកមកចុះឈ្មោះបានជាង៣០០០នាក់ហើយ ក្នុងនោះមានបរទេសជាង៦០០នាក់ មកពី៣៩ប្រទេស»។

បើតាមការរៀបរាប់របស់លោក វ៉ាត់ ចំរើន គឺនៅក្នុងការប្រកួតពាក់កណ្តាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) មានបរទេសចុះឈ្មោះចូលរួមបានជាង២០០នាក់ ខ្មែរជាង១០០នាក់ ហើយរត់ចម្ងាយ១០គីឡូម៉ែត្រ មានបរទេសជាង២០០នាក់ ខ្មែរជិត២០០០នាក់ រីឯរត់ប្រណាំងបែបកម្សាន្តចម្ងាយ៣គីឡូម៉ែត្រ មានបរទេសតែជាង៥០នាក់ទៀត និងខ្មែរជិត១០០០នាក់។

ទាក់ទងទៅនឹងចំនួននេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «នៅក្នុងចំនួនអ្នកមកចុះឈ្មោះចូលរួម មកពី៣៩ប្រទេសនេះ គឺមានជនជាតិជប៉ុន ចិន និងបារាំង ច្រើនជាងគេ។ រឿងដែលគួរឲ្យកត់សម្គាល់មួយទៀត គឺប្រជាជនខ្មែរយើង បានចូលរួមរត់១០គីឡូម៉ែត្រ ច្រើនជាង៣គីឡូម៉ែត្រ ដែលអាចបង្ហាញថា ពួកគាត់មានបេះដូងខ្លាំង និងមានសុខភាពកាន់តែល្អ ហើយខ្ញុំរំពឹងថា ទម្រាំងដល់ថ្ងៃប្រកួត អ្នកចូលរួមអាចកើនឡើងដល់ជាង៤០០០នាក់»។

ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិការផ្នែកបច្ចេកទេសកីឡាម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុង បានប្រាប់ថា ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង លើកទី៨នេះ មិនមានការរត់ឆ្លងទៅត្រើយខាងកើតនោះទេ ដោយសារស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ) មិនទាន់សាងសងរួចរាល់ គឺព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមចេញដំណើរនៅខាងមុខព្រះបរមរាជវាំង សំដៅទៅវត្តភ្នំ រួចបត់ស្តាំ រត់តាមផ្លូវមាត់ទន្លេ សំដៅទៅកោះពេជ្រ និងចុងក្រោយ មកបញ្ចប់ទី នៅមុខព្រះមរមរាជវាំងដដែល។

បើតាមលោក វ៉ាត់ ចំរើន បានឲ្យដឹងថា សម្រាប់អ្នកចុះឈ្មោះចូលរួមការប្រកួតភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ គឺចម្ងាយ២១គីឡូម៉ែត្រ បរទេស៤០ដុល្លារ ខ្មែរ១៥ដុល្លារ ចម្ងាយ១០គីឡូម៉ែត្រ បរទេស៣០ដុល្លារ ខ្មែរ១០ដុល្លារ និងសម្ងាយ៣គីឡូម៉ែត្រ បរទេស១០ដុល្លារ ខ្មែរ៥ដុល្លារ ហើយថវិកា ដែលទទួលបានពីការប្រកួតនេះ នឹងត្រូវបង្វែយកទៅជួយដល់មន្ទីរពទ្យគន្ធបុប្ផា និងអង្គការមួយចំនួនទៀត៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.